ដោយៈច្រាយ ចំណាន/សៀមរាបៈ នៅពេលអ្នកដើរចូលបរិវេណអង្គរ តើអ្នកទៅមើលថ្ម ឬទៅស្វែងរកអតីតៈកាល ដែលធ្លាប់រ៉ុងរឿង ហើយព្យាយាមប្រើប្រាស់មូលដ្ឋានចំណេះដឹងរបស់អ្នក ដើម្បីកសាងអតីតៈមហានគរនេះឲ្យមានភាពរ៉ុងរឿងជាថ្មី?។
ដែនដីដ៏មហស្ចារ្យនេះ បានលិចលង់ជាមួយនឹងមនោគមន៍វិជ្ជាអសោច ដែលបំពុលឡើងដោយជនបរទេស ហើយផ្នត់គំនិតអាត្មានិយមបានរីកសុះសាយ ក្នុងផ្នត់គំនិតខ្មែរសិបជំនាន់ ដែលសូម្បីតែបងប្អូនបង្កើតនៅក្នុងគ្រួសារតែមួយ ក៏ប្រឹងជាន់គ្នា ដើម្បីដណ្តើមយកឧត្តមភាពដែរ។
មកដល់សតវត្សរ៍ទី២១នេះ ខ្មែរបានរួបរួមគ្នា ក្នុងខណៈពេលដែនដីធ្លាប់រ៉ុងរឿងកាលពី៨០០ឆ្នាំមុនបានរូញតូច និងស្ទើរបាត់ពីផែនទីពិភពលោក នៅចុងសតវត្សរ៍ទី១៩។
អាណាចក្រអង្គរដែលបានចាប់ផ្តើមពីឆ្នាំ៨០២ ដល់ចុងសតវត្សរ៍ទី១៣បានសាយភាយកេរ្ត៍ឈ្មោះ កិត្យានុភាពយ៉ាងសុះសាយទៅកាន់ពិភពលោក ដោយសារអំណាចនៃការរួបររួម ដោយសារមនោគមវិជ្ជាដ៏ស័ក្តិសិទ្ឋ ដែលមហានគរមានមានមេដឹកនាំ ដែលចេះបង្រួបបង្រួម និងគោរពគោលការណ៍ “ការរួបរួម និងតម្កល់ប្រយោជន៍ជាតិជាធំ”។
តើយើងអាចត្រលប់ទៅរកអតីតកាលវិញបានឬទេ និងប្រែក្លាយទឹកដីដ៏ស័ក្តិសិទ្ឋនេះស្គាល់ភាពរ៉ុងរឿងជាថ្មីឬយ៉ាងណា?
ក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ទីក្រុងនេះនឹងមានភាពស្រស់បំព្រងឡើងវិញ បន្ទាប់ពីផ្លូវតូច ធំចំនួន៣៨ខ្សែបញ្ចប់ការស្ថាបនា ជាមួយនឹងការវិនិយោគទឹកប្រាក់ប្រមា ណ១៥០លានដុល្លារអាមេរិក។
ទីក្រុងនេះ ត្រូវបានរងការរិះគន់ជាយូរមកហើយ ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ អនាម័យ ភាពក្រីក្រ។ សំណួរជាច្រើនធ្លាប់បានសួរថា “ហេតុអីខេត្តសៀមរាប” ជាខេត្តជាប់ចំណាត់ថ្នាក់ក្រីក្រជាងគេនៅកម្ពុជា?។
ចម្លើយសមហេតុផលមួយ គឺ “ការប្រើប្រាស់មូលធនដែលមាន និងលំហូរសាច់ប្រាក់ ដែលទទួលបានពីភ្ញៀវទេសចរណ៍រាប់លាននាក់ ទៅទស្សនាកេរ្ត៍ដំណែល និងប្រាសាទរាប់រយពាន់ក្នុងខេត្តនេះ មិនទាន់មានប្រសិទ្ឋភាព។
គេហទំព័រទេសចរណ៍Trip advisor បានទទួលការបោះឆ្នោតជ្រើសរើសពីភ្ញៀវទេសចរណ៍ទូទាំងពិភពលោកថា “ប្រជាជនកម្ពុជា ជាប្រជាជនមានភាពរួសរាយរាក់ទាក់ជាងគេក្នុងពិភពលោក”។
ក្រសួងទេសចរណ៍? ហេតុអីមិនប្រើប្រាស់សក្តានុពលនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តនេះឲ្យបាន២០ ទៅ៣០លាននាក់ក្នុងមួយឆ្នាំ? ហេតុអីធ្វើមិនបាន? មកពីសមត្ថភាពនៅមានកម្រិត? ឬមកពីគ្មានឆន្ទះនយោបាយច្បាស់លាស់?ខណៈដែលធនធានវប្បធ៌ម ប្រវត្តិសាស្ត្រ អរិយធ៌មដ៏អស្ចារ្យរបស់ខ្មែរ មានច្រើនរាប់មិនអស់ ហេតុអីមិនយកមករំលេចឡើង ប្រើប្រាស់ឲ្យអស់សក្តានុពល?។
ពេលនេះ វិបត្តិសេដ្ឋកិច្ចសាកលកំពុងកើតឡើង ស្ទើរមិនអាចបន្ទោសអ្នកណាម្នាក់បានឡើយ ប៉ុន្តែស្ថានភាពនឹងកាន់តែប្រសើរឡើងហើយ ខណៈឆ្នាំ២០២១នឹងកៀកមកជិតដល់បណ្តើរ កម្ពុជារំពឹងទទួលបាននូវសេដ្ឋកិច្ចរីកចម្រើន ភ្ញៀវជាតិ អន្តរជាតិនឹងមកទស្សនាកម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត។
ប្រទេសថៃឯណោះវិញ បានចាប់ផ្តើមបង្កើតស្ពតពាណិជ្ជកម្ម ដើម្បីបង្ហាញទៅកាន់ពិភពលោកថា “ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលភ្ញៀវទេសចរណ៍នានាមកពីជុំវិញពិភពលោក។ ពួកគេបានដាក់ពាណិជ្ជកម្មនេះ លើបណ្តាញទំនាក់ទំនងសង្គមទៅគ្រប់ប្រទេសតាមរយៈFacebook ដោយបកប្រែភាសាតាមប្រទេសនិមួយៗយ៉ាងរសរវើក ប៉ុន្តែក្រសួងទេសចរណ៍កម្ពុជា ហាក់ដូចជាស្ងាត់ស្ងៀម ហើយបញ្ចេញតែសេចក្តីជូនដំណឹង ប៉ុណ្ណោះ ។
តើរាជធានីអង្គរ កាលពីអតីតកាល នឹងរុងរឿងជាថ្មី? ក្រោមឥទ្ឋិពលនិងមនោគមនៃការរួបរួម ប្រើប្រាស់អំណាចនៃការរួបរួម ប្រើប្រាស់មូលធនមនុស្ស មូលធនចំណេះដឹង អតីតរាជធានីនេះនឹងជួបភាពរ៉ុងរឿងជាថ្មី ទោះបីដីយើងមិនធំដូចមុន តែចិត្តមេដឹកនាំកម្ពុជាធំ កម្ពុជានឹងស្គាល់ភាពរ៉ុងរឿងម្តងទៀត។
ក្រុមហ៊ុនជាតិ អន្តរជាតិប្រមាណ១០០បាន និងកំពុងរង់ចាំពេលវេលាសមស្រប ដើម្បីចាប់ផ្តើមគំរោងរបស់ពួកគេនៅក្រុងអង្គរ ដើម្បីរំលេចទឹកដីនេះឲ្យកាន់តែមានរស្មីភ្លឺចិញ្ចាចនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕