ទីក្រុង​រណប​ជ្រោយចង្វារ នឹងមាន​អាគារ​ខ្ពស់​កាន់តែច្រើន​នាពេលខាងមុខ​

ដោយ​:​ច្រាយ ចំណាន​/​ភ្នំពេញៈ ទីក្រុង​រណប​ជ្រោយចង្វារ ដែល​គ្រោង​អភិវឌ្ឍន៍​ជាទី​ក្រុង​បៃតង​ឆ្លាត​វៃ​(Smart City) នឹងមាន​អាគារ​ខ្ពស់ៗ​កាន់តែច្រើន​នាពេលខាងមុខ​នេះ ខណៈ​វិបត្តិ​សេដ្ឋកិច្ច បាន​បណ្តាល​ឲ្យ​គំរោង​ជា​​ច្រើន​​ត្រូវបាន​ពន្យា​ពេល​។​

អគ្គនាយករង​ក្រុមហ៊ុន​OCIC លោក ទូច សំណាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ផែន​ការអភិវឌ្ឍន៍​ទី​ក្រុង​នេះ បាននិងកំពុង​ដើរ​តាម​ផែនការមេ​របស់ខ្លួន ដោយ​យើង​នឹង​អភិវឌ្ឍន៍​ជាទី​ក្រុង​បែប​វ័យ​ឆ្លាត ដែលមាន​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​យ៉ាង​ត្រឹមត្រូវ ដើម្បី​ដើរ​តាម​ទស្សនទាន​នៃ​ការអភិវឌ្ឍ​របស់​យើង​។ លោក​បន្តថា ទីក្រុង​រណប​នេះ​នឹង​រៀបចំ​អភិវឌ្ឍន៍​ដូច​តំបន់​ពាណិជ្ជកម្ម ស្ថិតនៅលើ​មហាវិថី​ព្រះមុនីវង្ស​។​

លោក​បន្តថា “​ទីក្រុង​នេះ នឹងមាន​អាគារ​ខ្ពស់​កាន់តែច្រើន​នាពេលខាងមុខ ហើយ អាគារ​ទាំង​នោះបាន​ពន្យា​ពេល​សាងសង់ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩”​។​លោក​បន្តថា “​បច្ចុប្បន្ន​ការសាងសង់​ស្ពាន​យោង​ដោយ​ខ្សែកាប កំពុងដំណើរការ​យ៉ាង​រលូន ដែល​វា​នឹង​ជួយ​សម្រួល​ចរាចរណ៍​រវាងផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦”​។​

ទីក្រុង​រណប​នេះ បច្ចុប្បន្ន​ទើប​មាន​អាគារ​ខ្ពស់​មួយ គឺ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​OCIC ដែលមាន​កំពស់​២១​ជាន់​។ ទីក្រុង​រណប​ជ្រោយចង្វារ ត្រូវបាន​ដាក់ឈ្មោះ​ទីក្រុង​នៃ​អនាគត​។​

លោក​ទូច សំណាង​បាន​បន្តថា ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ធំៗ​ក្នុង​ទីក្រុង​នេះ បានបញ្ចប់​រួចរាល់​ហើយ នៅតែ​ផ្លូវ​តូចៗ​មួយចំនួន​ដែល​បាននិងកំពុង​រៀបចំ​ជា​បន្តបន្ទាប់​។​

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​ទីក្រុង​នេះ​នឹង​ជួយ​ជំរុញ កំណើនសេដ្ឋកិច្ច​កម្ពុជា ពិសេស​ទីតាំង​របស់​ទីក្រុង​នេះ​មាន​សក្តានុពល​ខ្ពស់ ដោយសារ​ទីតាំង​មាន​ចម្ងាយ​កៀក​បំផុត​នឹង​មជ្ឈមណ្ឌល​កណ្តាល​របស់​រាជធានី​ភ្នំពេញ ពិសេស​ហេ​ដ្ឋា​រចនា​​​ស​ម្ព័​ន្ឋ​មាន​ភាពសមស្រប និង​បាន​ផ្តល់នូវ​លំហូរ​ចរាចរណ៍​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​។​
លោក​​បន្តថា “​ជាមួយ​ស្ពាន​ត​ភ្ជាប់​ជាច្រើន ទីក្រុង​នេះ​ក៏មាន​ភាពអំណោយ​ផល​លើ​បរិស្ថាន ដោយសារ​មាន​ទន្លេ​ព័​ទ្ឋ​ជុំវិញ ដែល​ជួយផ្តល់​បរិយាកាស​រស់​នៅ​ប្រកបដោយ​ភាព​សុខដុម​”៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...