២០០​ថ្ងៃ : មនុស្ស ៨៣០​នាក់​ស្លាប់ និង​របួស ២៥១០​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ២០០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១៦៤៩​លើក ស្លាប់​មនុស្ស​ចំនួន ៨៣០​នាក់ របួស​ចំនួន ២៥១០​នាក់ ក្នុងនោះ​របួសធ្ងន់ ១៥១៧​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា ឆ្នាំ​២០២០ កើតឡើង​ចំនួន ១៤​លើក ស្លាប់ ៨​នាក់ របួស ២៧​នាក់ ក្នុងនោះ​របួសធ្ងន់ ១៨​នាក់ និង​ស្រាល ៩​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ២០០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២១៥៨៥១​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៥៩៤៨០​គ្រឿង និង​រថយន្ត​មាន​ចំនួន ៥៦៣៧១​គ្រឿង​។
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular