Home ព័ត៌មានជាតិ នយោបាយ ការប្រគល់​ម៉ា...

ការប្រគល់​ម៉ាស និង​បរិក្ខារ​ពេទ្យ​ដល់​ឡាវ សម្រាប់​ប្រឆាំង​កូ​វីដ បង្ហាញ​ពីមុខ​មាត់ និង​តួនាទី​កម្ពុជា លើ​ឆាក​អន្តរជាតិ​

ដោយៈ​ម៉េង​ឆៃ​/ ភ្នំពេញៈកាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ឡាវ បាន​ហៅ​ទូរស័ព្ទ មក​សួរសុខទុក្ខ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែល​សម្តេច កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។ កាយវិការ​របស់​នាយ​ក​រដ្ឋមន្ត្រី​ឡាវ​ដូច្នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា បានបង្ហាញ​អំពី​ទំនាក់ទំនង​ដ៏​ពិសេស និង​មិត្តភាព​ដ៏​ជិតស្និទ្ធ​ក្នុង​ភាពជា​បងប្អូន រវាង​ប្រទេស​យើង​ទាំងពីរ​។​

​ផ្អែកលើ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ និង​តាមរយៈ​ការ​រួមដៃគ្នា ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​នាយករដ្ឋមន្ត្រី​ឡាវ ក្នុងការ​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាងនាម​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​តេ​ជោ សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

​ទន្ទឹមនេះ សម្តេច​តេ​ជោ ក៏បាន​ជម្រាបជូន​នាយករដ្ឋមន្ត្រី​ឡាវ ពី​ការចាត់តាំង​គណៈប្រតិភូ​កម្ពុជា ដើម្បី​នាំយក​អំណោយ​ខាងលើ ទៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា តាម​ជើងយន្តហោះ​ពិសេស​។ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់លោក​នាយក​រដ្ឋមន្ត្រី​ឡាវ ថន​លូន ស៊ី​សូលី​ត ឡាវ​នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​។​


​ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អមដំណើរ​ដោយ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំង​មាន​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​នាំនូវ​អំណោយ​របស់​រាជរដ្ឋាភិបាល ដែលមាន​ម៉ាស​ចំនួន ២​លាន ១​សែន និង​បរិក្ខារ​ពេទ្យ សរុប​ចំនួន ១២​មុខ ប្រគល់ជូន​លោក ថន​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ ម៉ាស និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទាំងនេះ ដើម្បី​ចូលរួម​ជួយ​ដល់​ប្រទេស​ឡាវ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។​

​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ ដែល​កម្ពុជា ដឹក​តាម​យន្តហោះ​ពិសេស​ពី​ភ្នំពេញ ទៅ​ប្រគល់ដល់ដៃ​នាយករដ្ឋមន្ត្រី​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍ នាពេលនេះ រួមមាន​៖ ម៉ាស ចំនួន ២​លាន​, ម៉ាស​ក្រណាត់​ចំនួន ២០​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​ក្ល​រ៉ា​មីន​ប្រភេទ​B ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព ១​ពាន់​គូ និង​សាប៊ូ​លាងដៃ ២​ពាន់​គូ​។​

​កម្ពុជា និង​ឡាវ មាន​ចំណងមិត្តភាព ជា​បងប្អូន​ដ៏​យូរអង្វែង ដែល​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត​នៃ​ប្រទេស​ទាំងពីរ កំពុង​បន្ត​ពូន​ជ្រុំ និង​ពង្រឹង​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ជា​រៀងរាល់ថ្ងៃ​។

​ប្រជាជន​យើង​ទាំងពីរ បាន​កៀក​ស្មា​គ្នា តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​របប​អាណានិគមនិយម និង​ចក្រពត្តិនិយម ដើម្បី​ទទួលបាន​ឯករាជ្យ អធិបតេយ្យភាព​ជាតិ សេរីភាព និង​សិទ្ធិ​ស្វ័យ​សម្រេច​រៀងៗ​ខ្លួន​។ បច្ចុប្បន្ន កម្ពុជា និង​ឡាវ ក៏មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដើម្បី​នាំមក​នូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រជាជាតិ​យើង​ទាំងពីរ​។

​ទំនាក់ទំនង​ល្អប្រសើរ​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​វាង​ប្រជាជាតិ​យើង នឹង​កាន់​តែមាន​ភាព​ស៊ីជម្រៅ រីកចម្រើន​រឹងមាំ នាំមក​នូវ​ភាព​សុខដុម និង​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម​ជា​និរន្តរ៍ ដល់​ប្រជាជន​យើង​ទាំងពីរ ដែល​នឹង​រួមចំណែក​ផងដែរ​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​។

​ការចូលរួម​វិភាគទាន ថ្ងៃនេះ ដើម្បី​ជួយ​ទប់ស្កាត់​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ឡាវ គឺជា​កាយវិការ​បង្ហាញ​នូវ​មនោសញ្ចេតនា​ជា​បងប្អូន និង​សាមគ្គីភាព របស់​ប្រជាជន​កម្ពុជា​ជាមួយ​ប្រជាជន​ឡាវ នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក ទាំងមូល​កំពុង​ជួបនឹង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ពីមុនមក លើ​សុវត្ថិភាព​នៃ​សុខភាព និង​សន្តិសុខ​មនុស្សជាតិ​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ខ្មែរ​យើង​ពិតមែនតែ​ក្រ ក៏ប៉ុន្តែ​ចិត្ត​មិន​ក្រ​ទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា​ក្នុងពេល​សម្តេច បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ម៉ាស ២​លាន និង​សម្ភារៈ​ពេទ្យ​មួយចំនួនទៀត ដល់​ប្រទេស​ឡាវ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​
​ក្នុង​សារ​ជា​សំឡេង កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ខ្មែរ​យើង ពិតមែនតែ​ក្រ ក៏ប៉ុន្តែ​ចិត្ត វា​មិន​ក្រ​ទេ​។ ខ្លះ​គេ​ឲ្យ​យើង​ត្រឹមតែ ២០​ម៉ឺន​ម៉ាស ៣០​ម៉ឺន​ម៉ាស​! ។​ឥឡូវ​យើង​ហ៊ាន​ទៅ​ឲ្យ​ឡាវ ដល់​ទៅ ២​លាន​ម៉ាស​។ អាហ្នឹង យើង​ធ្វើ​ទៅតាម​អ្វី​ដែលជា​សមានចិត្ត​រប​ស់​យើង ចំពោះ​ឡាវ​។ អ្វី​នេះ ដែលជា​កិច្ចការ​មួយ​ដ៏​សំខាន់ សម្រាប់​តួនាទី​យើង​ដែរ កុំ​ឲ្យ​មាន​អ្នកដទៃ​ថា ដូចជា នាយករដ្ឋមន្ត្រី​របស់​សាំង​ហ្គា​ពួ​! ឃើញ​យើង​លិច​ទឹក ហើយ​ប្រាប់​ទូត​យើង​ថា នឹង​ត្រៀម​ជួយ​ក្នុងករណី មានការ​ស្នើសុំ​! អាំ​នេះ អត់​សុំ​ទេ​វ៉ើ​យ​! ហើយ​ឡាវ​ក៏​មិនបាន​សុំ​ដែរ ខ្ញុំម្ចាស់​ការ​ឲ្យ​តែម្តង​។ អីចឹង សុំ​ចាត់ចែង​ភ្លាម​!”​។​

​តាម​តួលេខ​នៅក្នុង​វេ​ប​សាយ www.worldometers.info បង្ហាញថា ប្រទេស​ឡាវ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ តិចជាងគេ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០​។ គិត​មកដល់​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា​នេះ ឡាវ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ត្រឹមតែ ២៤​នាក់​។ ក្នុងនោះ មាន ២៣​នាក់ ជាសះស្បើយ និង​ម្នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​។ ឡាវ មិនមាន​អ្នកស្លាប់ ដោយ​ជំងឺ​កូ​វីដ​១៩ ដូច​កម្ពុជា​យើង​ដែរ​។ ឡាវ មាន​ប្រជាជន​សរុប​ជាង ៧​លាន ៣​សែន​នាក់​។​

​ពិតមែន​តែឡាវ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​តិចតួច​ជាងគេ​ក្នុង​អាស៊ាន ក៏ពិតមែន ក៏ប៉ុន្តែ​ឡាវ មាន​ព្រំដែន​នៅជាប់​នឹង​កម្ពុជា​យើង​។ ដូច្នេះ​ការជួយ​ឡាវ ក៏ដូចជា​កម្ពុជា ជួយ​ខ្លួនឯង​ដែរ​។​

​និយាយ​ដូច្នេះ គេ​ថា ចុះ​វៀតណាម និង​ថៃ ក៏មាន​ព្រំដែន​ជាប់​កម្ពុជា​ដែរ ហេតុអ្វី​បានជា​កម្ពុជា មិន​ជួយ​ម៉ាស និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដល់​ប្រទេស​ទាំងពីរ​នេះ​ផង ខណៈដែល​មាន​ជំងឺ​កូ​វីដ​១៩ ច្រើនជាង​ឡាវ និង​ច្រើនជាង​កម្ពុជា​?

​យ៉ាងណាក៏ដោយ ប្រទេស​វៀតណាម និង​ថៃ ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ជាង​កម្ពុជា ហើយ​ក្នុង​វិបត្តិ​កូ​វីដ​១៩​នេះ ប្រទេស​ទាំងពីរ អាច​គ្រប់គ្រង និង​ចាត់វិធានការ​បានល្អ​ប្រសើ​រ​។ ក្នុងនោះ ប្រទេស​ទាំងពីរ​នេះ ក៏មាន​សម្ភារៈ និង​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់ ដើម្បី​ការពារ និង​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​។​

​កម្ពុជា ទទួលបាន​ជំនួយ​ជា​ម៉ាស និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​យ៉ាងច្រើន​ពី​ប្រទេស​ជា​មិត្ត​។ ក្នុងនោះ ចិន បានផ្តល់​ឲ្យ​កម្ពុជា​ច្រើនជាងគេ​។​

​យ៉ាងណា​ក៏ដោយចុះ ការប្រគល់​ម៉ាស និង​បរិក្ខារ​ពេទ្យ​ដល់​ឡាវ នៅពេលនេះ បង្ហាញ​ពីមុខ​មាត់​កម្ពុជា ក្នុង​នយោបាយ​ការបរទេស​។ មិន​ត្រឹមតែ​រវាង​កម្ពុជា និង​ឡាវ​ទេ តែ​ក៏បាន​បង្ហាញ​ពី​តួនាទី​កម្ពុជា ក្នុង​អាស៊ាន និង​ក្នុង​ពិភពលោក ព្រមទាំង​បង្ហាញ​មុខមាត់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។ កន្លងមក មានតែ​ប្រទេស​មហាអំណាច​ទេ ដែល​បាន​ផ្តល់ជំនួយ​ដូច្នេះ​បាន​។​

​ម្យ៉ាងវិញទៀត កម្ពុជា តែងតែ​អនុវត្ត​វិធីសាស្ត្រ​ចែករំលែក ពោលគឺ «​ជួយ​គ្នា ក្នុង​គ្រាក្រ​លំបាក​» ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រុស្ស៊ី​គំរាម​បើ​កបំ​បុក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ...

​ដោយៈ យោធិន / កំពង់ចាមៈ ក...

ជប៉ុន​នឹង​ចាប់ផ្តើម​បើក​ជ...

ដោយៈ​បូព៌​ព្រឹក​/​ភ្នំពេញ...

ស្ងាត់ៗ​ក្រុមហ៊ុន​ចិន​សុំ...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េ...