ដោយ:វិវឌ្ឍន៍/ភ្នំពេញ:ដោយគិតត្រឹមម៉ោង7ព្រឹកថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2020 នេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្ដីអំពីស្ថានភាពជំងឺកូវីដ-19 នៅប្រទេសកម្ពុជាថាមានករណីវិជ្ជមានថ្មីមួយនាក់និងករណីជាសះស្បើយពីរនាក់។
ករណីវិជ្ជមានវីរុសកូវីដ-19 ចំនួនមួយនាក់ គឺជាបុរសជនជាតិខ្មែរអាមេរិកាំងអាយុ 56ឆ្នាំស្នាក់នៅបុរីមួយកន្លែងក្នុងរាជធានីភ្នំពេញបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2020។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ គឺវិជ្ជមានវីរុស covid-19 ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
សូមបញ្ជាក់ថាអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន165នាក់ ដែលក្នុងចំនួននេះមានបុគ្គលខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន 164នាក់ដែលមានលទ្ធផលតេស្តអវិជ្ជមាននោះត្រូវបានដាក់ឲ្យធ្វើចតាឡីស័កចំនួន14ថ្ងៃ នៅអនុវិទ្យាល័យបុរី100ខ្នងចំនួន10នាក់, សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន14នាក់, សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន6នាក់, សណ្ឋាគារផ្សេងទៀតក្នុងរាជធានីចំនួន7នាក់ និងសណ្ឋាគារមួយទៀតក្នុងរាជធានីចំនួន128នាក់។
ដោយឡែកអ្នកជាសះស្បើយចំនួនពីរនាក់ គឺលោក សួស យ៉ារ៉ា អាយុ47ឆ្នាំជាសមាជិករដ្ឋសភាមានអស័យដ្ឋាននៅរាជធានីភ្នំពេញជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 3 វិច្ឆិកាកន្លងមក និងស្ត្រីជនជាតិខ្មែរអាយុ31ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះបានធ្វើដំណើរមកពីប្រទេសជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី19 ខែតុលា ឆ្នាំ2020។ ពួកគាត់ទាំងពីរនាក់នេះបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-19 ចំនួន 2 លើកត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕