ដោយៈសរិទ្ធ/ភ្នំពេញៈជនសង្ស័យម្នាក់ ជាមន្ត្រីនគរបាលប៉ុស្តិ៍ព្រែកលាប ខណ្ឌជ្រោយចង្វាដែលជាប់ពាក់ព័ន្ធករណីដកកាំភ្លើងខ្លីភ្ជង់ស្ត្រីម្នាក់រួចចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេចត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ បញ្ជូនមកតុលាការនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខេម វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកជនរងគ្រោះមានអាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍ចាប់រំលោភនេះកើតឡើងកាលពីវេលាម៉ោង១០:២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមុនពេលកើតហេតុរូបគាត់និងប្តី បានជិះម៉ូតូម៉ាកហុងដាចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុ ដោយប្តីបានឲ្យរូបគាត់នៅឈរចាំម៉ូតូ ហើយប្តីជាអ្នកចុះទៅដកក្រអៅឈូក។ លុះមួយសន្ទុះក្រោយមកជនសង្ស័យបានជិះម៉ូតូមកឈប់ក្បែរ រួចបានដើរសំដៅមករករូបគាត់ ដោយសួរថាប្តីទៅណា? តែរូបគាត់មិនតបនោះទេ។ រួចជនសង្ស័យក៏ពឹងឲ្យជួយបង្វែរក្បាលទូកនៅក្បែរនោះ តែគាត់បានបដិសេធ ហើយក៏ដើរចេញ ក៏ត្រូវជនសង្ស័យដកកាំភ្លើងខ្លីមកភ្ជង់ដើមទ្រូង បង្ខំឲ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរូបគាត់រហូតបានសម្រេច៕