ប្រែសម្រួលៈវាសនា/សិនចិន,ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ហួរវ៉េ( Huawei)កាលពីថ្ងៃអង្គារទី១៧វិច្ឆិកានេះបានប្រកាសលក់ខ្សែសង្វាក់ផលិតទូស័ព្ទតំលៃថោកHonorរបស់ខ្លួនទៅអោយក្រុមហ៊ុនក្នុងស្រុកមួយក្រុមនៅក្នុងចំណាត់ការមួយ ដែលក្រុមហ៊ុននិយាយថាចាំបាច់ដើម្បីរក្សាប្រ៊ែននេះអោយនៅគង់វង់ចំពេលមានសម្ពាធលើខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សែនធំបង្កឡើងដោយទណ្ឌកម្មរបស់អាម៉េរិក។
បើតាមហួរវ៉េ Honorត្រូវបានក្រុមហ៊ុនមួយក្រុមរួមគ្នាទិញ។ពួកគេរួមមានភ្នាក់ងារ អ្នកចែកចាយនិងក្រុមហ៊ុនមួយចំនួន។
ហួរវ៉េ ដែលជាក្រុមហ៊ុនលក់ទូរស័ព្ទចល័តធំបំផុតលំដាប់ទី៣ក្នុងលោក បាននិយាយថា ធុរកិច្ចសម្ភារៈប្រើប្រាស់របស់ខ្លួនជួបសម្ពាធសែនធំដោយសារតែកាន់តែគ្មានលទ្ធភាពរកបានផ្នែកផ្សំ(គ្រឿងបង្គំ)នៅពេលអាម៉េរិកស្វះស្វែងកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់សកលពីក្រុមហ៊ុន ហើយ«ការលក់នេះនឹងជួយអោយបណ្តាញអ្នកលក់ អ្នកប្រើនិងផ្គត់ផ្គង់Honorរួមគ្នាឆ្លងកាត់ពេលវេលាដ៏លំបាកនេះ»។
ការលក់ចោលក្រុមហ៊ុនទូរស័ព្ទHonorនេះជាសញ្ញាចុងក្រោយមួយដែលថា ហួរវ៉េ កំពុងត្រូវអាម៉េរិកច្របាច់ក។រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចោទប្រកាន់ហួរវ៉េថាមានភាពជិតស្និទ្ធនឹងរដ្ឋាភិបាលនិងយោធាចិនប៉េកាំងខ្លាំងពេកនិងថា គ្រឿងបរិក្ខារបស់វាដែលដាក់ដំឡើងនៅទូទាំងពិភពលោក អាចអោយរដ្ឋាភិបាលចិនប្រើប្រាស់សំរាប់យកការណ៍។
ទោះជាយ៉ាងណា ទាំងរដ្ឋាភិបាលចិននិងក្រុមហ៊ុនហួរវ៉េបានបដិសេធការចោទប្រកាន់ និងថាអាម៉េរិកមិនដែលបង្ហាញភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងចោទប្រកាន់របស់ខ្លួនទេ។
សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចាត់វិធានការរាំងខ្ទប់មិនអោយហួរវ៉េមានវត្តមាននៅក្នុងទីផ្សារអាម៉េរិកព្រមទាំងរារាំងកុំអោយក្រុមហ៊ុនអាម៉េរិកធ្វើការរកស៊ីជាមួយថែមទៀត។អាម៉េរិកបានកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់សំរាប់ហួរវ៉េ សំរាប់ឧបករណ៍semiconductors និងគ្រឿងបង្គំ ព្រមទាំងដាក់សម្ពាធអោយប្រទេសនានា ជាពិសេសសម្ពន្ធមិត្តរប់ខ្លួនអោយឈប់ទាក់ទងរកស៊ីជាមួយហួរវ៉េ។
មន្ត្រីក្រុមហ៊ុនហួរវ៉េបាននិយាយថា ចំណាត់ការរបស់អាម៉េរិកដោយសារតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់រារាំងជោគជ័យរបស់ក្រុមហ៊ុន ខណៈអ្នកវិភាគមួយចំនួនរួមទាំងរដ្ឋាភិបាលចិនយល់ឃើញថាចំណាត់ការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏ដោយសារតែអាម៉េរិកចង់ខ្ទប់ដំណើរវិវឌ្ឍន៍ឈានឡើងរបស់ចិនលើឆាកអន្តរជាតិ ទាំងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងយោធា។
ហួរវ៉េបាននិយាយថា ទូរស័ព្ទHonorជាង៧០លានគ្រឿងត្រូវបានលក់ចេញក្នុងមួយឆ្នាំៗ តែចាប់ពីថ្ងៃនេះទៅខ្លួនលែងមានចំណែកភាគហ៊ុននៅក្នុងHonor ឬក៏ពាក់ព័ន្ធនឹងការគ្រប់គ្រងឬការសំរេចចិត្តរបស់ក្រុមហ៊ុនទូរស័ព្ទនេះទៀតហើយ៕
ទូរស័ព្ទHonor ត្រូវបានបង្ហាញពេលក្រុមហ៊ុនបញ្ចេញផលិផលនៅក្រុងឡុងដ៍នៅឆ្នាំ២០១៩