Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទឹកសមុទ្រ​ជោរ...

ទឹកសមុទ្រ​ជោរ​ខ្ពស់ ហូរ​លើផ្លូវ​ទំនប់ ការពារ​ទឹកប្រៃ​

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ទឹកសមុទ្រ នៅ​ខេត្ត​ព្រះសីហនុ បាន​ឡើង​ខ្ពស់ ហៀរហូរ​លើ​ខ្នង ទំនប់​ការពារ​ទឹកប្រៃ មិន​ធ្លាប់មាន​ច្រើន​ឆ្នាំ​មកហើយ កាលពី​ព្រឹក​ថ្ងៃនេះ តែ​មកដល់​ម៉ោង ៩ ព្រឹក​ថ្ងៃ​ដដែល ទឹកបាន​នាច ទៅវិញ​ជា​លំដាប់​។ នេះ​បើតាម​លោក​គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា​: បើ​ទឹក នៅ​បន្ត​ជោរ​ឡើង​ខ្ពស់​ទៀត គឺ​ផ្លូវ​ទំនប់​ការពារ​ទឹកប្រៃ អាច​ត្រូវ​លិច​ទាំងស្រុង ពេលនេះ​ទឹក បាន​លិច​ដោយ​កន្លែង កំពុង​ត្រូវបាន​ចាត់វិធានការ ការពារ​ហើយ​។​

​លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ថា ទឹកសមុទ្រ​ឆ្នាំនេះ ជោរ​ខ្ពស់​ដល់​ទៅ ១,១៧ ម៉ែត្រ បណ្តាលឱ្យ​ហៀរហូរ លើផ្លូវ​ទំនប់​ប៉ូល​ឌែ​២ នៅក្នុង​ស្រុក​ព្រៃនប់ គឺ​ឡើង​ខ្ពស់ មិន​ធ្លាប់មាន​ច្រើន​ឆ្នាំ​មកហើយ​។ តែ​វា នឹង​ជោរ​ទាប​ជាង​នេះ​វិញ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​។ ធម្មតា ទឹកជោរ ត្រឹម​រង្វង់​កម្ពស់ ១,១២ ទៅ ១,១៣ ម៉ែត្រ​ទេ​។​

​ប្រភព​ខាងលើ បានឱ្យដឹង​ទៀតថា ទំនប់​ការពារ​ទឹកប្រៃ និង​ជា​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ធ្វើចរាចរ មាន​ទឹកសមុទ្រ​លិច​ហូរ​កាត់​នេះ មាន​ច្រើន​កន្លែង តែ​លិច​មិន​ជ្រៅ និង​លិច​ប្រវែង​ខ្លីៗ កំពុង​ត្រូវបាន​ដឹក​ដី ចាក់​លប់ ដើម្បី​បង្កើន​កម្ពស់​ទំនប់​សម្រួល​ដល់​ការ ធ្វើដំណើរ និង​ការពារ​កុំឱ្យ​ទឹកប្រៃ​ហូរ​ចូល លិច​ផ្ទៃដី​បង្កបង្កើនផល និង​ភូមិដ្ឋាន​របស់​ពលរដ្ឋ នៅក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular