សុខ សុវណ្ណ និង ឈុត សេរី​វ៉ាន់​ថង ណាត់​ជើង​ខ្លាំង​ថៃ​នៅ​សង្វៀន​ខា​រ៉ា​បាវ​

1478
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​២១​មេសា អ្នក​ប្រដាល់​កម្ពុជា សុខ សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ផាត ឆា​យ៉ាក​ភូមិ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។​

​តាមពិត សុវណ្ណ ធ្លាប់​ចាញ់​អ្នក​ប្រដាល់​ថៃ​រូបនេះ ហើយ​នេះ​ក៏​ជាការ​ជួបគ្នា​មួយ ដើម្បី​ជម្រះបញ្ជី​ចាស់​តែ​មិនដឹងថា សុវណ្ណ មាន​សមត្ថភាព​អាចធ្វើ​បាន​ឬក៏​យ៉ាងណា​នោះទេ​។ ឆា​យ៉ាក​ភូមិ គេ​ល្អ​ទាំង​កែង ជង្គង់ កណ្ដាប់ដៃ​ពិសេស​គេ មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ប្រកួត​៥​ទឹក​ពេញ​ទៀតផង​។ សុវណ្ណ ក៏​គេ​មាន​សមត្ថភាព​វ៉ៃ​បាន​៥​ទឹក​ដែរ គ្រានតែ​គេ​ឆាប់​ទន់​ជាង​គូប្រកួត​របស់ខ្លួន​តែប៉ុណ្ណោះ​។​

​សុវណ្ណ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​ដង ឈ្នះ​៥៧​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ ៣​ដង​។ ចំពោះ ផាត ឆា​យ៉ាក​ភូមិ វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​ដង ឈ្នះ​៦៥​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ នរណា​ជា​អ្នកឈ្នះ​នៅក្នុង​ជំនួប​លើក​នេះ​?

​អ្នក​ប្រដាល់​វ័យក្មេង ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ផាត ឈុម​ភុ​ន (Phat Chhumphun) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ល្អ តែ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ​មិនសូវ​ល្អ​ឡើយ ព្រោះ​គេ​មាន​វ័យក្មេង និង​ទើបតែ​ហ្វឹកហាត់​ម្ល៉ោះ ហើយ​អ្នក​ប្រដាល់​រួម​ជាតិ​តែងតែ​មិន​ញញើត​គេ​តែ​គេ​បែរជា​ញញើត​រៀមច្បង​ទៅវិញ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥២​ដង ឈ្នះ​៤៥​ដង ចាញ់​៦​ដង និង​ស្មើ​ពិន្ទុ​១​ដង​។

​ចំពោះ ផាត ឈុម​ភុ​ន វិញ​គេ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ ២-៣​លើក ហើយ​គេ​មិន​ខ្សោយ​នោះទេ តែ​នេះ​ជា​លើកដំបូង ហើយ​ដែល​គេ​ប្រកួត​ជាមួយ ឈុត សេរី​វ៉ាន់​ថង នោះ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៦​ដង ឈ្នះ​៥៦​ដង និង ចាញ់​១០​ដង​។ ការជួបគ្នា​ជា​លើកដំបូង​បែបនេះ មិនដឹងថា សំណាងល្អ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​នរណា​នោះឡើយ​?

​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ៊ឹង បូរ៉ា ក្លិប​កុលបុត្រ​គុន​ខ្មែរ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ង៉ែត វុ​ធ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម