Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ស្រាវជ្រាវ​រក​ខ្សែរយៈ​បណ្តាញ​មេខ្លោង​ជួញដូរ​គ្រឿងញៀន និង​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​

ដោយៈ មុនី​រ័ត្ន /​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​ជម្រុញ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ខ្សែរយៈ​បណ្តាញ មេខ្លោង​ជួញដូរ​គ្រឿងញៀន និង​បង្ក្រាប​ឲ្យ​ដល់​ឫសគល់ ព្រមទាំង​បន្ត​ពន្លាត​នីតិវិធី​ឈានដល់ ការបង្ក្រាប​បទល្មើស​ស​ម្អា​ត​ប្រាក់ ដែលជា​ផល នៃ​បទល្មើស​គ្រឿងញៀន​ដោយ​ត្រូវ​ពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ​។ នេះ​បើ​យោងតាម​សារាចរ​ណែនាំ ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ខុសច្បាប់ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា យកចិត្តទុកដាក់​ចាត់​វិធានការ​ក្នុងការ​បង្ការ ទប់ស្កាត់​ការនាំ​ចូល ការដឹកជញ្ជូន​ឆ្លងកាត់ ការ​លួចលាក់​កែច្នៃ – ផលិត​សារធាតុ​ញៀន និង​ការជួញដូរ​-​ប្រើប្រាស់​សារធាតុ​ញៀន ជាពិសេស នៅតាម​គោលដៅ​នានា​ដោយ​ត្រូវ​បន្ត ពង្រឹង​ការគ្រប់គ្រង ត្រួតពិនិត្យ​ការឆ្លងកាត់​ព្រំដែន និង​ការដឹកជញ្ជូន ទំនិញ​គ្រប់​ប្រភេទ​រួមទាំង បញ្ញើ​ប្រៃសណីយ៍ ឱ្យបាន​ហ្មត់ចត់ និង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការនាំ​ចូល គ្រឿងញៀន​ខុសច្បាប់ – ជំរុញ​ការស្រាវជ្រាវ​ស៊ើបអង្កេត​រក​ខ្សែរយៈ​បណ្តាញ​មេខ្លោង​ជួញដូរ សារធាតុ​ញៀន​។ អនុវត្ត​ព្រមៗ​គ្នា រវាង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ធ្វើការ​បង្ក្រាប ដូច​ភ្លៀងរលឹម សំដៅ​លុបបំបាត់​ការ​លួចលាក់​កែច្នៃ ការជួញដូរ ប្រើប្រាស់​សារធាតុ​ញៀន ជាពិសេស នៅតាម​គោលដៅ ដែល​ងាយ​កើតមាន​បទល្មើស​គ្រឿងញៀន​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្តទៀតថា ត្រូវ​ពង្រឹង​វិធានការ​គ្រប់គ្រង ត្រួតពិនិត្យ​ការនាំ​ចូល និង​ការប្រើប្រាស់ សារធាតុ​គីមី​ផ្សំ ដោយ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ទៅតាម​វិធាន​បច្ចេកទេស និង​ត្រូវ​ដក​ពិសោធន៍ ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ សំដៅ​បង្ការ​មិនឱ្យ​សារធាតុ​គីមី​ផ្សំ​ធ្លាក់​ក្នុង​ដៃ ឧក្រិដ្ឋជន យកទៅ​កែច្នៃ​ធ្វើជា​សារធាតុ​ញៀន ជាដាច់ខាត​។ លើកកម្ពស់​គុណភាព​ក្នុងការ អនុវត្ត​វិធានការ​ព្យាបាល ស្តារនីតិសម្បទា និង​សមាហរណកម្ម​ដោយ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព លើកកម្ពស់​សមត្ថភាព​ព្យាបាល ស្តារនីតិសម្បទា និង​រៀបចំ​បន្ថែម នៅ​មណ្ឌល​បណ្ដោះអាសន្ន នៅតាម​រាជធានី ខេត្ត ស្របតាម​ភូមិសាស្ត្រ និង​សំណូមពរ​ជាក់ស្តែង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និន្នាការ​នៃ​ការផលិត ចរាចរ ដឹកជញ្ជូន​គ្រឿងញៀន លើ​សកលលោក​បន្ត​មាន​កំណើន ឥតឈប់ឈរ ជាពិសេស​ការផលិត​អាភៀន មួយ​ភាគ​ធំ ត្រូវបាន​ប្តូរ​មក​ផលិត​គ្រឿងញៀន សំយោគ ដែល​ប្រភេទ​សារធាតុ​ញៀន​ទាំងនេះ​ងាយស្រួល​ក្នុង​ការផលិត កែច្នៃ ងាយ​រក សារធាតុ​គីមី​ផ្សំ និង​ឧបករណ៍​ផលិត ព្រមទាំង​មិន​រើស​ភូមិសាស្ត្រ ឬ​ទីតាំង​ផលិត​។ ការប្រែប្រួល​នេះ បាន​ក្លាយជា​កត្តា​ជំរុញ​ធ្វើឱ្យ​ទីផ្សារ​គ្រឿងញៀន​សំយោគ រីក​កាន់តែ​ធំ ទាំង​ក្នុង និង​ក្រៅ​តំបន់ ដែល​ក្នុងនោះ ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន និង​កំពុង​ទទួលរង​គ្រោះ ដោយសារ​ឥទ្ធិពល នៃ​បទឧក្រិដ្ឋ ដែលមាន​លក្ខណៈ ជា​សកល​នេះដែរ​។​

​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់​របស់​រាជរ​ដ្ឋា ភិ​បាល ចំនួន ៥​លើក​ជា​បន្តបន្ទាប់ បណ្តា​កងកម្លាំង​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​សហការគ្នា បង្កើតបានជា​ចលនា​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន យ៉ាង​សស្រាក់សស្រាំ និង​ទទួល បាន​លទ្ធផល​ជា​វិជ្ជមាន​។ ប៉ុន្តែ​ប្រការ​ដែល​ត្រូវបាន​កត់ សម្គាល់​ឃើញ​នោះ គឺ​សកម្មភាព​លបលួច​នាំចូល ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ការ​លួច លាក់​កែច្នៃ​សារធាតុ​ញៀន​នៅតែ​កើតមានឡើង ជា​បន្តបន្ទាប់ និង​មាន​រូបភាព​កាន់តែ​ធំ ហើយ​ការជួញដូរ និង​ការប្រើប្រាស់​សារធាតុ​ញៀន​បាន និង​កំពុង​រីក​រាលដាល​ដល់​តំបន់ ជនបទ​មួយចំនួន​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular