ដោយ: គូលែន / សៀមរាប: លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) ដែលដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយសហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម និងអង្គការមូលនិធិ អេ២១ បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ស្រុក និងថ្នាក់ឃុំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញផ្សេងៗ និងការផ្តល់សេវាឱ្យបានសមស្របដល់ជនរងគ្រោះ និងងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ពិធីនេះធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានលើកឡើង អំពីការអភិវឌ្ឍលើគ្រប់វិស័យ តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតខ្ពស់លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការកេងកម្លាំងពលកម្ម ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី កុមារនិងជនងាយរងគ្រោះ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងជំរុញឲ្យក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ថ្នាក់ ខិតខំអនុវត្តច្បាប់ និងសហការកាន់តែខ្លាំងក្លាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ និងជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីរូមចំណែកលុបបំបាត់អំពើជួញដូរមនុស្សឲ្យបានជាស្ថាពរ រួមមាន៖
១, ជំរុញលើការពង្រឹងលើការរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ តាមដានលើបទល្មើសទាក់ទងនឹងអំពើជួញដូរមនុស្សនៅតាមមូលដ្ឋាន។
២, ត្រូវពង្រឹងលើការកំណត់អត្តសញ្ឋ្ញណជនរងគ្រោះឲ្យបានត្រឹមត្រូវ ដោយមានកិច្ខសហការជាមួយគ្រប់អ្នកពាក់ព័ន្ធ និងការផ្តល់សេវាជូនជនរងគ្រោះឲ្យបានសមស្របប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ទៅតាមនីតិវិធី។
៣, ជំរុញលើការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់សម្រាប់ជនល្មើសជួញដូរមនុស្ស និងជនប្រព្រឹត្តបទល្មើសរំលោភបំពានលើស្ត្រី និងកុមារ។
៤, ជំរុញលើកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ
៥, ជំរុញឪ្យមានការគ្រប់គ្រងលើប្រព័ន្ធបញ្ចូនជនរងគ្រោះ តាមរយៈមន្ត្រីសង្គមកិច្ច។
៦, ជំរុញឲ្យមានការចូលរួមរាល់នីតិវិធីតុលាការ ពីមន្ត្រីសង្គមកិច្ច អាណាព្យាបាលឬ មន្ត្រីកិច្ចការនារី ឬអ្នកទទួលបន្ទុកកិច្ចការនារីឃុំ ក្នុងដំណើរការនីតិវិធីតុលាការរឿងក្តីរបស់កុមារ។
៧, ជំរុញលើការរៀបចំរបាយការណ៍លទ្ធផលនៃការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការគ្រប់គ្រងករណីដោយត្រូវបន្ស៊ីតួលេខជាមួយថ្នាក់ឃុំ ថ្នាក់ស្រុក និងអង្គការដៃគូ ឲ្យបានច្បាស់លាស់ មុននឹងបញ្ចូនទៅក្រុមការងារថ្នាក់ខេត្ត ជៀសវាងជាន់ករណីគ្នាដែលធ្វើឲ្យមានការកើនឡើងទិន្នន័យ (ករណីតែមួយតែរាយការណ៍ច្រើនលើក)៕ ល