ដោយៈដេប៉ូ/ភ្នំពេញៈអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានបញ្ជាក់នៅថ្ងៃទី១៧ខែវិច្ឆិកានេះថា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន បានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
បើតាមអង្គការសមាគមអភិរក្សសត្វព្រៃ បានឱ្យដឹងពីការរកឃើញនេះថាដើមឈើថ្មីទាំងពីរប្រភេទ ដែលអ្នកស្រាវជ្រាវបានរកឃើញនេះ ត្រូវបានដាក់ឈ្មោះតាមវិទ្យាសាស្ត្រ ដោយមួយប្រភេទ ឈ្មោះថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machiluscambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀត ត្រូវបានដាក់ឈ្មោះថា «ម៉ាឈីលូស សីមេនស៊ីស (Machilusseimensis)» ដោយឈ្មោះខាងចុងយក តាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថាជាទីជម្រកសម្រាប់រុក្ខជាតិតូចៗនិងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២០ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។
ប្រភពពីអង្គការសមាគមអភិរក្សសត្វព្រៃបានឱ្យដឹងបន្ថែមថាការរកឃើញនេះបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា បានរកឃើញនិងបានដាក់ឈ្មោះប្រភេទដើមឈើថ្មីទាំងពីរប្រភេទដែលរកឃើញនៅក្នុងតំបន់ការពារធម្មជាតិនេះដោយមួយប្រភេទបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machiluscambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀតបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស សីមេនស៊ីស (Machilusseimensis)» ដោយឈ្មោះខាងចុងយកតាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។
គួរបញ្ជាក់ថាបើទោះបីជាអង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវ ជឿថាដើមឈើរកឃើញថ្មីទាំងពីរប្រភេទនេះកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិទាំងពីរប្រភេទនេះមានចំនួនតិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រភេទនេះតែពីរបីដើមប៉ុណ្ណោះក្នុងកំឡុងពេលធ្វើការសិក្សាស្រាវជ្រាវរបស់ខ្លួន។
ជាមួយគ្នានេះក្រុមអ្នកស្រាវជ្រាវក៏បានពិពណ៌នាផងដែរអំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃភ្នំដងរែកភាគកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់បានរក្សាទុកនៅឯបន្ទប់រក្សាសំណាកជីវៈចម្រុះរបស់រដ្ឋបាលព្រៃឈើ៕