ដោយ: រ៉ាម៉ន / ភ្នំពេញ: ដល់ក! មន្ត្រីនគរបាលម្នាក់ដែលភ្ជង់កាំភ្លើងចាប់រំលោភប្រពន្ធគេរហូតបានសម្រេច ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រែកព្នៅចាប់ខ្លួនកន្លងមកនោះ ត្រូវបានស្ដ្រីរងគ្រោះទារសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ តែមន្ត្រីនគរបាលរូបនោះមានតែលុយ១ពាន់ដុល្លារមិនត្រូវរ៉ូវគ្នាទេ ដោយភាគគីខាងស្រីមិនព្រមយក។ ករណីនេះ សមត្ថកិច្ចកសាងសំណុំរឿងរួចហើយ គ្រោងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ថា៖ មន្ត្រីនគរបាលខាងលើបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្រពន្ធគេឲ្យស្រាតសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះ និងសមត្ថកិច្ចប្រើល្បិចធ្វើជាណាត់ជួបគ្នាហើយចាប់ខ្លួនកាលពីថ្ងៃទី១៤វិច្ឆិកានេះ។ ករណីនេះ បានកើតឡើងកាលម៉ោង ១០ និង២០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច វិមានឈ្នះ ឈ្នះ ភូមិគប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យជាមន្ត្រីនគរបាលខាងលើមានឈ្មោះ ខេម វណ្ណឌី អាយុ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ផ.ស.គ អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចឱ្យដឹងទៀតថា៖ ចំណែកវត្ថុតាងដកហូតបានរួមមាន កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម, គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់, រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327 និងទូរសព្ទម៉ាកស៊ាំស៊ុង ១គ្រឿង។
ជនរងគ្រោះបញ្ជាក់ប្រាប់សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះនិងប្តី បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុ ដោយប្តីបានឲ្យប្រពន្ធដែលជាជនរងគ្រោះនៅឈរចាំម៉ូតូនៅក្បែររបងប្រលោះចេញចូលមួយ។ ចំណែកប្តីជាអ្នកចុះទៅដក មួយសន្ទុះក្រោយក៏មានជនសង្ស័យខាងលើ បានជិះម៉ូតូមកឈប់ក្បែររបង រួចបានដើរសំដៅមករកជនរងគ្រោះ ដោយសួរថាប្តីទៅណា? តែជនរងគ្រោះមិនតបនោះទេ រួចជនសង្ស័យក៏ពឹងជនរងគ្រោះឲ្យជួយបង្វែលក្បាលទូក នៅក្បែរនោះ តែជនរងគ្រោះបដិសេធជនរងគ្រោះ ក៏ដើរចេញមកក្រៅរបងថ្ម ហើយអើតមើលចូលជើងមួយចំហៀង ក៏ត្រូវបានជនសង្ស័យដកកាំភ្លើងម៉ាក ROLO មកភ្ជង់ដើមទ្រូង បង្ខំឲ្យជនរងគ្រោះស្រាតសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ហើយជនរងគ្រោះក៏ប្រើល្បិចធ្វើជាសុំលេខទូរស័ព្ទជនសង្ស័យ ដើម្បីទុកសម្រាប់ទាក់ទងគ្នាពេលក្រោយ។ ជនសង្ស័យក៏បានឲ្យ រួចបានដើរទៅយកម៉ូតូជិះទៅទិសខាងកើតបាត់។
ក្រោយមកជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍គោករការខណ្ឌព្រែកព្នៅ ដោយសមត្ថកិច្ចបានសហការជាមួយជនរងគ្រោះ ប្រើល្បិចទូរស័ព្ទហៅជនសង្ស័យមកជួបជនរងគ្រោះម្តងទៀត នៅចំណុចផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ លុះជនសង្ស័យមកដល់ឃើញសមត្ថកិច្ចក៏ព្យាយាមបើករថយន្តម៉ាកកូរ៉ូឡា ស៊េរី១៩៩៦ គេចរហូតដល់ចំណុចវិមានឈ្នះ ឈ្នះ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ដកហូតបានទាំងវត្ថុតាងថែមទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់បន្តទៀត៕ ល