Home ព័ត៌មានអន្តរជាតិ ពួក​រាជានិយម​...

ពួក​រាជានិយម​ថៃ​អំពាវនាវ​កុំអោយ​ដូរ​រដ្ឋធម្មនុញ្ញ នៅពេល​សភា​ចាប់ផ្តើម​ប្រជុំ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ពួក​រាជានិយម​ថ​រាប់រយ​នាក់ កាលពី​ថ្ងៃ​អង្គារ​ទី​១៧​វិច្ឆិកា​បាន​ជួបជុំគ្នា​នៅ​ក្រៅ​សភា​ដោយ​អំពាវនាវ​អោយ​ពួក​សមាជិកសភា​ច្រាន​ចោល​ការផ្លាស់ប្តូរ​រដ្ឋ​ធម្មនុញ្ញ​ដែល​​សរសេរ​ឡើង​ដោយ​អតីត​របប​យោធា​របស់​ប្រទេស ក្នុង​កិច្ចប្រជុំសភា​ដែល​ជា​ការឆ្លើយតប​នឹង​សម្ពាធ​កាន់តែខ្លាំង​ឡើង​ពី​ការតវ៉ា​ទាមទារ​ជា​ច្រើន​ខែ​មកនេះ​។​

​បាតុកម្ម​ជាច្រើន​គ្រោង​នឹង​រៀបចំ​ធ្វើឡើង​ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល ដែល​កំពុង​ទាមទារ​អោយ​ដក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​និង​កែ​ទំរង់​របបរាជានិយម​។​

​មេដឹកនាំ​រាជានិយម​លោក វ៉ា​រ៉ុង ដេ​ច​ហ្គី​ត​វី​ហ្គ្រោ​ម បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ប៉ុន្មាន​រយ​ម៉ែត្រ​ពី​អាគារ​សភា​ថា «​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នឹង​នាំ​ដល់​ការលុបចោល​របបរាជានិយម​»​។​

​ពួក​សមាជិកសភា​ត្រូវ​ធ្វើ​ការពិភាក្សា​សំណើ​ជាច្រើន​ដើម្បី​រក​វិធី​អាចធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​មាន​ពាក់ព័ន្ធ​នឹង​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ និង​តួនាទី​របស់​ព្រឹទ្ធសភា​ក្នុង​ការជ្រើសតាំង​​នាយករដ្ឋមន្ត្រី ។​

​ការប្រឆាំង​តវ៉ា​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែកក្កដា កាលពី​ដំបូង​ផ្តោតលើ​លោក​ប្រា​យុទ្ធ​និង​ការកែប្រែ​រដ្ឋធម្មនុញ្ញ តែ​ក្រោយមក​បាន​បន្ថែម​ការទា​ម​ទារ​អោយ​កែ​ទំរង់​របបរាជានិយម​ដើម្បី​ទប់​អំណាច​​ស្តេច​បច្ចុប្បន្ន ដែល​ត្រួតត្រា​ទាំង​ទាហាន​២​កង​នៅ​បាងកក និង​ទ្រព្យសម្បត្តិ​មហាសាល​។​

​តែ​លោក​សាមុត​ប្រា​កាន ជូ​ម វ័យ​៥៨​ឆ្នាំ បាន​និយាយថា «​យើង​មិន​ចង់អោយ​គេ​កែប្រែ​អ្វីមួយ​អំពី​របប​រាជានិយម ព្រះមហាក្សត្រ​ដូចជា​ព្រះ​នៅ​ឋាន​លើ យើង​នៅ​ឋាន​នរក​។​យើង​នៅ​ក្រោម​ពួក​ទ្រង់​ឆ្ងាយ​​ណាស់​។​យើង​ត្រូវតែ​ដឹង​អំពី​ឋានៈ​របស់​យើង​»​។​

​ទោះជា​យ៉ាងណា​សភា​ថៃ​នៅ​ថ្ងៃ​អង្គារ​បានចាប់ផ្តើម​ពិភាក្សា​ស្តីពី​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ហើយ​ការ​បោះឆ្នោត​មួយ​ស្តីពី​វិធី​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​ច្បាប់​គោល​នេះ​ត្រូវ​រំពឹងថា​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​។​

​បើ​សភា​គាំទ្រ​វិធី​បង្កើត​គណៈកម្មាធិការ​មួយ​សំរាប់​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ នោះ​គ្រាន់តែ​ដំណើរការ​បង្កើត​គណៈកម្មាធិកា​រ​នេះ​វា​ទាមទារ​ពេល​៣​ទៅ​៦​ខែ​។​

​គណៈកម្មាធិការ​សរសេ​រ​រដ្ឋធម្មនុញ្ញ​នេះ បើ​មិន​មាន​បញ្ចូល​សមាសភាព​ចលនា​តវ៉ា​ប្រឆាំង​សព្វថ្ងៃ​ទេ វា​នឹង​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ណាមួយ​ទេ នេះ​បើ​តាម​លោកស្រី ពុន​ចា​ដា ស៊ី​រី​វុន​ណា​ប៊ូ​ត សា​ស្ត្រា​​ចារ្យ​នៅ​សកលវិទ្យាល័យ​ម៉ា​ហ៊ី​ដូល ជិត​ក្រុង​បាងកក​។​លោកស្រី​បាន​បន្ថែមថា «​អាច​មាន​ការផ្លាស់ប្តូរ​ច្បាប់​បោះឆ្នោត​និង​អំណាច​ព្រឹទ្ធសភា តែ​ការផ្លាស់ប្តូរ​ទាំង​នេះ​នឹង​នៅតែ​អំណោយផល​ដល់​គណបក្ស​​គាំទ្រ​ស្ថាប័ន​ជាន់​លើ​អោយ​នៅ​ក្នុង​អំណាច​ដដែល​ក្នុង​ការបោះឆ្នោត​នាពេល​អនាគត ហើយ​ទំនងជា​នឹង​មិន​មាន​ការកែប្រែ​ច្បាប់​ណាមួយ​ទេ ពាក់ព័ន្ធ​នឹង​របប​រាជានិយម​»​។​

​សូមបញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន​ត្រូវ​បាន​របប​យោធា​បង្កើត​ឡើង​ក្រោយ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំ​ណា​ច​នៅ​ឆ្នាំ​២០១៤​។​ពួក​អ្នក​ប្រឆាំង​តវ៉ា​និង​អ្នក​រិះគន់​មើលឃើញថា​វា​ជា​ឧ​ប​​ក​រណ៍​ជួយ​អោយ​ស្ថាប័ន​រាជានិយម​និង​ពួក​គាំទ្រ​មាន​យោធា​ជា​បង្អែក នៅ​រក្សា​ការក្តោបក្តាប់​អំណាច​នៅ​ថៃ ក្រោយ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា វិល​មក​កាន់​អំណាច​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៩​។​

​រដ្ឋធម្មនុញ្ញ​នេះ តំរូវ​អោយ​សមាជិក​ព្រឹទ្ធសភា​មួយ​ចំណែក​ធំ​ជា​សមាជិក​តែងតាំង​ទៅ​ពី​ក្រុម​យោធា ដោយ​មិនបាច់​ឆ្លងកាត់​ការបោះឆ្នោត​ពី​ប្រជាជន ហើយ​ព្រឹទ្ធសភា​នេះ​ត្រូវតែ​ចូលរួម​បោះឆ្នោត​ជ្រើស​​រើស​នាយក​រដ្ឋមន្ត្រី​ជាមួយ​សភា​៕

​ពួក​រាជានិយម​មក​ជួបជុំ​ក្រៅ​សភា​កាលពី​ថ្ងៃ​អង្គារ នៅពេល​សភា​ថៃ​ចាប់ផ្តើម​ពិភាក្សា​រក​វិធី​បង្កើត​ក្រុម​តាក់តែង​រដ្ឋធម្មនុញ្ញ​ឡើងវិញ​

ប៉ូលិសបិទផ្លូវឆ្ពោះទៅកាន់អាគារសភា ក្នុងពេលសភាបើកកិច្ចប្រជុំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សណ្ឋាគារ​ភ្នំពេញ ត្រូវ​បិ...

ដោយ​: សុផល / ភ្នំពេញ​: សណ...

ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​...

ដោយ​: ទេ​ពក​ង្រី / ភ្នំពេ...

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...