អាជ្ញាធរ​មីន​ប្រគល់​ផ្ទៃដី​ចំនួន​៦៨៧.៧០៦​ម៉ែត្រការ៉េ​ជូន​ពលរដ្ឋ​ប្រើប្រាស់​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​មីន​កម្ពុជា បានប្រគល់​ដី​បោសសំអាត គ្រប់​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​រួចរាល់​ចំនួន​៦៨៧.៧០៦​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​

​លោក ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន បាន​មានប្រសាសន៍ថា បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺ​បាន​បន្សល់ទុក​ក្នុង​ដី​នៃ​តំបន់​មួយចំនួន ដែល​អូសបន្លាយ អស់​រយៈពេល​ជា​យូរ​ឆ្នាំ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៩៨​មក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​ប្រទេស​មាន​សន្តិភាព និង​បាន​កែប្រែ​តំបន់​ទាំងនោះ ជា​បន្តបន្ទាប់​ឱ្យ​មកជា​កន្លែង​ដែលមាន​លំនៅឋាន​ប្រជាពលរដ្ឋ ជា​ដី​ដែល​ប្រជាពលរដ្ឋ​ធ្វើស្រែ ចម្ការ​និង​ចិញ្ចឹមសត្វ បន្ទាប់ពី​ការ​បោសសំអាត​មីន​នៅក្នុង​ដី​នោះ​រួចរាល់​។

​លោក​បាន​បន្តថា នៅថ្ងៃនេះ​ផ្ទៃដី​ចំនួន​៦៨៧.៧០៦​ម៉ែត្រការ៉េ នៅក្នុង​ស្រុក​បន្ទាយស្រី ត្រូវបាន​ធ្វើការ​បោសសំអាត​គ្រាប់មីន​រួច និង​បានប្រគល់​ទៅឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ អាស្រ័យ​ផល​វិញ ដែល​ក្នុងនោះ​មាន​ដី​ជា​ប្រភេទ​ស្រែចម្ការ លំនៅឋាន ផ្លូវ​។​

​លោក​បាន​បន្តថា នៅក្នុង​សកម្មភាព​បោសសំអាត​កន្លងមកនេះ បាន​រកឃើញ​គ្រាប់មីន​ប្រឆាំង​ថ្មើ​ជើង​ចំនួន​៥៩​គ្រាប់ មីន​ប្រឆាំង​គ្រឿងចក្រ​ចំនួន​០៤​គ្រាប់ និង​គ្រាប់​មិនទាន់​ផ្ទុះ​មាន​ចំនួន​៩៩​គ្រាប់​។ នៅសល់​ផ្ទៃ ដែល​រង​ការគំរាមកំហែង​ដោយ​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ជាង ៣​លាន​ម៉ែត្រ​ការ​រ៉េ​ទៀត ដែល​ដោះស្រាយ​បន្ត​។​

​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បានឱ្យដឹង ថា បន្ទាប់ពី​អាជ្ញាធរ​មីន​ធ្វើការ​ដោះស្រាយ​បញ្ហា​មីន​នៅ​តំបន់​នេះ​រួចរាល់​ទីនោះ​នឹង​ក្លាយជា ទិសដៅ​ទេសចរ​ឱ្យមក​កម្សាន្ត តំបន់​នេះ​ឱ្យបាន​ច្រើន តាមរយៈ​ទេសចរ​បោះតង់​ទេសចរ​ផ្សេង​ព្រ​ង និង​ទេសចរ​ឡើង ភ្នំ​ជាដើម​។ លោក​រំពឹងថា តាមរយៈ​សកម្មភាព​នេះ​និង​ធ្វើឱ្យ​ជីវភាព​ពួកគាត់ និង​ល្អប្រសើរ​ជាង​មុន​។៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular