ដោយៈ ពៅនិមល / ភ្នំពេញៈ កម្ពុជា និងសហភាពអឺរ៉ុប បានជួបពិភាក្សាគ្នា ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីស្តារសេដ្ឋកិច្ច ក្នុងបរិបទ នៃការរីករាលដាល ជំងឺកូវីដ-១៩។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយលោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកពាណិជ្ជកម្ម និងវិនិយោគនៃប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅប្រទេសថៃ ដើម្បីពិភាក្សាត្រៀម សម្រាប់កិច្ចប្រជុំរបស់អនុគណៈកម្មាធិការ ស្តីពីពាណិជ្ជកម្ម និងវិនិយោគ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរុប លើកទី១១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៦-២៧ ខែវិច្ឆិកា ខាងមុខ តាមប្រព័ន្ធវីដេអូ។
កិច្ចពិភាក្សានេះ ក៏បានផ្លាស់ប្តូរ បច្ចុប្បន្នភាព ស្តីពីវិធានការ ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទកូវីដ-១៩ ការធ្វើវិសោធនកម្មច្បាប់កម្ពុជា ទាក់ទងនឹងពាណិជ្ជកម្ម និងវិនិយោគការចរចារបស់កម្ពុជា ក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ការវិវត្តនៃរបៀបវារៈក្នុងអង្គការពាណិជ្ជកម្មពិភពលោក ផលប៉ះពាល់នៃ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអឺរ៉ុប-វៀតណាម លើកម្ពុជា ដំណើរការចរចា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ពិសេសហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង ថៃ ព្រមទាំងបញ្ហាមួយចំនួនទៀត ដែលនឹងត្រូវលើក យកមកពិភាក្សា ក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការ នាពេលខាងមុខនេះ។
នៅក្នុងឱកាសនោះ លោកដ្ឋលេខាធិការ បានពន្យល់ថាៈ ផលប៉ះពាល់ កើតចេញពីវិបត្តិកូវីដ-១៩ បានធ្វើឱ្យការបញ្ជាទិញ ពីបណ្តាប្រទេស ក្នុងសហភាពអឺរ៉ុប មានការថយចុះ ដោយសារការបិទទីផ្សារ ក្នុងស្រុក និងការកាត់បន្ថយ ការប្រើប្រាស់ក្នុងស្រុក៕