ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ទីតាំងស្តុកមាន់របស់ឈ្មួញ បានបង្កជាសម្លេង ក្លិន ប៉ះពាល់បរិស្ថាន ស្ថិតនៅភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ត្រូវពលរដ្ឋជិតខាងប្តឹង ហើយទីបំផុត មន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញ បានដោះបញ្ចប់ទំនាស់ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលខេត្ត លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ លោក ហ៊ឺល រាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ មន្ត្រីបរិស្ថាន និងសង្កាត់ទឹកថ្លា បានចូលរួម ដោះស្រាយទំនាស់នេះ ទទួលបានជោគជ័យ ជាស្ថាពរ។
សូមបញ្ជាក់ថាៈ ពលរដ្ឋដើមបណ្ដឹង ៥ គ្រួសារ ដែលរួមមាន ឈ្មោះ សុខ មេសា – ឈ្មោះ សេង សុភា – ឈ្មោះ វ៉ាន់ ទុំ – ឈ្មោះ ភួង ស្រីភ័ណ -ឈ្មោះ ភួង ស្រីភា បានប្តឹងទៅអាជ្ញាធរ និងមន្ត្រីជំនាញ ករណីទីតាំងស្តុកមាន់ យីហោ ពូ ទូច លក់មាន់ នៅភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលបង្ករសម្លេង រំខានដោយសូរសំរែកសត្វមាន់ និងការទម្លាក់មាន់ ពីឡាន ស្នូរក្ឌុងក្ឌាំង ក្លិនស្អុយ និងបង្កប៉ះពាល់បរិស្ថាន តាំងពីល្ងាច រហូតដល់យប់ជ្រៅ ពោលគឺ ឈ្មួញមាន់រស់នេះ គិតតែពីផលចំណេញផ្ទាល់ខ្លួន បង្កប៉ះពាល់ដល់សុខភាព ការរស់នៅស្ងប់ស្ងាត់ របស់អ្នកជិតខាង ។
ភាគីដើមបណ្ដឹង ស្នើអោយម្ចាស់ទីតាំងស្តុកមាន់ យីហោ ពូ ទូច លក់មាន់បញ្ចប់ការងារ ត្រឹមម៉ោង ១០ យប់ ហើយសម្អាតទីតាំងខ្លួន ទាំងសំណល់រឹង រាវ ក្លិន ហើយបង្កើនបរិស្ថាន បរិយាកាសស្ងប់ស្ងាត់ ដល់អ្នករស់នៅជិតខាង ។
ក្រុមការងារខេត្ត ក្រុង និងផ្នែកជំនាញ បានរកដំណោះស្រាយ សម្របសម្រួល ផ្សះផ្សារភាគីទាំងពីរ អោយយល់ព្រម ស្រុះស្រួល ឬទទួលយកបានគឺ៖
ទី១-ត្រូវបញ្ចប់ដឹកជញ្ជូន ផ្ទេរមាន់រស់ នៅត្រឹមម៉ោង ១០ យប់ ។ កាត់បន្ថយសំឡេងរំខាន ដល់ពលរដ្ឋដែលរស់នៅជិតខាង។ ទី២-ចំពោះបញ្ហាក្លិន ម្ចាស់ទីតាំង ត្រូវអនុវត្តតាមការណែនាំ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានខេត្ត ។ ទី៣-ករណីម្ចាស់ទីតាំង មិនអនុវត្តតាម ខ្លឹមសារទាំងនេះ ម្ចាស់ទីតាំង ត្រូវផ្លាស់ផ្ដូរ ទីតាំងថ្មី ជាកំណត់។
លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បាននិយាយថាៈ ជម្រើសល្អជាងគេ គឺយកគោលការណ៍ឈ្នះ ឈ្នះ ដូចខាងលើ៕