ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាល ខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និងអភិបាលក្រុង ស្រុក នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំឭកដល់អាជ្ញាធរដែនដី នៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកិច្ចការរបស់ខ្លួន លើការងារកំណត់ព្រំប្រទល់ភូមិសាស្ត្រ ឲ្យបានច្បាស់លាស់ ដើម្បីត្រៀមរៀបចំនូវ ផែនការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើង។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ កន្លងមកនេះ រដ្ឋបាលមូលដ្ឋាន មួយចំនួន នៅពុំទាន់មានភាពច្បាស់លាស់ លើកិច្ចការងារព្រំប្រទល់ នៃដែនសមត្ថកិច្ចរបស់ខ្លួន នៅឡើយនោះទេ ដូចជា ព្រំប្រទល់ភូមិ ឃុំ សង្កាត់ និងស្រុក ក្រុង ដែលធ្វើឲ្យជួបការលំបាក ក្នុងគ្រប់គ្រង និងការរៀបចំ ផែនការអភិវឌ្ឍន៍ មូលដ្ឋាននានា និង ពេលខ្លះ បង្ករបញ្ហាទំនាស់ព្រំប្រទល់ ពីភាពមិនច្បាស់លាស់នេះ។
លោកបានបញ្ជាក់ទៀតថាៈ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តឲ្យបាននូវ លិខិតជំរាបជូន របស់ក្រសួងមហាផ្ទៃ ឲ្យបានប្រសើរបំផុត ក្នុងការកណត់ព្រំប្រទល់ ដើម្បីជាមូលដ្ឋាន ក្នុងការស្រង់ទិន្ន័យមួយ ច្បាស់លាស់របស់ខ្លួន ដោយផ្អែកតាមកត្តាភូមិសាស្ត្រ និង ប្រជាសាស្ត្រ ស្របតាមគោលការណ៍ និង នីតិវិធីរួម សម្រាប់កាសិក្សាស្រាវជ្រាវ កែសម្រួលព្រំប្រទល់ រដ្ឋបាលមូលដ្ឋាន ដោយដោះស្រាយ ឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និង សង្គមទាំងមូល៕