លោក ឆ​យ យ៉ុង​សុក បង្ហាញ​ពី​កម្មវិធី​ប្រកួត​ក្រៅប្រទេស​ឆ្នាំនេះ​

1150
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: ហ្គ្រេ​ន​ម៉ា​ស្ទ័​រ (Grand Master) តេ​ក្វាន់​ដូ WTF (World Taekwondo Federation) គឺ​លោក ឆ​យ យ៉ុង​សុក (Choi Yong Sok) បានបង្ហាញ​ឲ្យ​ដឹងថា សម្រាប់​ឆ្នាំ​២០១៨​នេះ កម្មវិធី​ប្រកួត​សម្រាប់​គិ​លា​តេ​ក្វាន់​ដូ WTF មាន​ច្រើនណាស់​។​

​ជាមួយនឹង​កម្មវិធី​ប្រកួត​ច្រើន​បែបនេះ លោក​ត្រូវមាន​ភារកិច្ច​បង្ហាត់​ពួកគេ​ឲ្យ​កាន់តែខ្លាំង​ជាង​មុន​។ ពេលនេះ តេ​ក្វាន់​ដូ WTF មាន​គ្រូ​ជំនួយ​ជា​ជនជាតិ​កូរ៉េ​មួយរូប​ទៀត​មកជួយ ដែល​គាត់​ជា​គ្រូ​ដែលមាន​ជំនាញ​ខាង​មេគុន (Poom Sea)​។​

​លោក​បាន​ឲ្យ​ដឹងថា នៅ​ខែឧសភា​ខាងមុខនេះ មានការ​ប្រកួត​ជើងឯក​តេ​ក្វាន់​ដូ WTF ទ្វីបអាស៊ី (Asia Championship) ដែល​ការប្រកួត​នោះ នឹងមាន​ប្រទេស​ចំនួន​៣០​ចូលរួម​។ សម្រាប់​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ចំនួន​៩​រូប ទៅ​ចូលរួម​ប្រកួត​ក្នុងនោះ ក៏មាន​កីឡាការិនី ស៊ន សៀវ​ម៉ី មួយរូប​ដែរ​។

​សូមបញ្ជាក់ថា នេះ​ជា​ព្រឹត្តិការណ៍​ក្រៅប្រទេស​លើកដំបូង​ហើយ ដែល​កីឡាការិនី ស៊ន សៀវ​ម៉ី ចូលរួម​ប្រកួត​បន្ទាប់ពី​ការវះកាត់​ជង្គង់​ហើយ​នោះ​។​

​ជាមួយនេះ ក៏មាន​វេទិកា​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​កូរ៉េ ព្រមទាំង​មានការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​តេ​ក្វាន់​ដូ បើកទូលាយ (Open) នៅ​សាធារណរដ្ឋ​កូរ៉េ​ដែរ​។ ការប្រកួត​បើកទូលាយ​នេះ លោក​មិនទាន់​ដឹងថា តើ​មាន​ប្រទេស​ចំនួន​ប៉ុន្មាន​ចូលរួម​នៅឡើយ​ទេ តែ​ព្រឹត្តិការណ៍​បែបនេះ កាលពី​ឆ្នាំ​២០១៧​មាន​ប្រទេស​ចំនួន​៥០​ចូលរួម​។ នេះ​ក៏​ជា​ឱកាស​សំខាន់​មួយ​ដែរ សម្រាប់​កីឡាការិនី ស៊ន សៀវ​ម៉ី​។​

​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន ដែល​ការប្រកួត​នេះ មាន​ប្រទេស​ចំនួន​១០៦​ចូលរួម​។ ព្រឹត្តិការណ៍​នេះ កីឡាការិនី ស៊ន សៀវ​ម៉ី ហួស​អាយុ​ដែល​ត្រូវ​ចូលរួម​ហើយ តែ​កម្ពុជា​នឹង​បញ្ជូន​អ្នកផ្សេង​ទៅ​ចូលរួម​។ កម្ពុជា​បានទទួល​ឱកាស​ចូលរួម​ដោយ​ការអនុគ្រោះ​(Wild-Card)​។​

​នៅ​ខែសីហា​កម្ពុជា​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី (ASIAN Games) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ សម្រាប់​ការប្រកួត​កីឡា​អាស៊ី​នេះ តេ​ក្វាន់​ដូ​នឹង​បញ្ជូន​កីឡាករ​៣​រូប និង​កីឡាការិនី​៣​រូប​ទៅ​ចូលរួម​ប្រកួត​។ ពួកគេ​៤​រូប នឹង​លេង​វិញ្ញាសា​ប្រយុទ្ធ ដែល​ក្នុងនោះ​មាន​កីឡាការិនី ស៊ន សៀវ​ម៉ី មួយរូប​ដែរ និង ២​រូប​ទៀត​លេង​វិញ្ញាសា​មេគុន​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ