ដោយៈ សរិទ្ធ / ភ្នំពេញៈ រហូតមកដល់ព្រលប់ ថ្ងៃទី១៧ ខែវិច្ឆិកា នេះ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច មិនឃុំខ្លួន អតីតពិធីករ ទូរទ្ទស្សន៍ប៉ុស្តិលេខ៣ ពាក់ព័ន្ធបទល្មើស ចេញសែកគ្មានប្រាក់ អោយម្ចាស់បំណុល រួចដោះលែង ឱ្យមានសេរីភាពវិញ។
សមត្ថកិច្ច ចាប់ខ្លួនអតីតពិធីករនេះ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើនៅចំណុចហាងកាហ្វេ អាម៉ាហ្សូន ផ្លូវព្រះមុនីង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ១៣០០ «ឃ១»ដ.ច.ន ចុះថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ។
អតីតពិធីករ ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ ពាណិជ្ជករ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕/V