ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញ: ករណីជនសង្ស័យពីរនាក់ជិះម៉ូតូកៀរបុរសម្នាក់បណ្តាលឱ្យដួលម៉ូតូហើយប្លន់យកទូរស័ព្ទដៃម៉ាក អាយហ្វុន អិច(iphone x) នៅខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល សហការគ្នាជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ស្វែងរកចាប់ខ្លួនបានម្នាក់។ចំណែកបក្ខពួកម្នាក់ទៀតកម្លាំង នគរបាលបន្តស្វែងរកចាប់ខ្លួន។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូលឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកាបុរសឈ្មោះ ឯម តុងហ៊ុយ អាយុ២៦ឆ្នាំ រស់នៅភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជិះម៉ូតូតែម្នាក់ឯង ចេញពីបុរី KP ទី១៤ ស្ថិតនៅភូមិព្រៃរឹង សង្កាត់ស្នោរ ខណ្ឌកំបូល ក្នុងគោលបំណងទៅកន្លែងធ្វើការ។ លុះធ្វើដំណើរតាមផ្លូវលំដល់ចំណុចភូមិតាអ៊ិន សង្កាត់ស្នោរ ខណ្ឌកំបូល ហើយក៏មានគេទូរស័ព្ទចូលមក ។ បុរសនេះក៏បានលើកទូរសព្ទនិយាយស្រាប់តែនៅពេលនោះក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងទិសដៅបញ្ច្រាសទិសគ្នាក៏បានបើកកៀរបុរសនោះបណ្តាលឱ្យដួលម៉ូតូខ្ទាតទូរស័ព្ទចេញពីដៃ។ជនសង្ស័យក៏បានស្ទុះទៅចាប់ក្របួចកអាវជនរងគ្រោះ។ពួកគេក៏បានយកទូរស័ព្ទជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីអំពើប្លន់នោះភ្លាម ជនរងគ្រោះក៏បានមកដាក់ពាក្យបន្តឹងនៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្នោរ។ បន្តមកកម្លាំងនគរបាលខណ្ឌកំបូលក៏បានចេញសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងបង្ក្រាបចាប់ខ្លួនជនសង្ស័យម្នាក់នៅទឹកដីខណ្ឌពោធិ៍សែនជ័យ ។ជននោះឈ្មោះ សាន ចំរើន អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ មុខសញ្ញា ប្រើប្រាស់គ្រឿងញៀនរស់នៅភូមិព្រៃក្រោយសង្កាត់ស្នោរខណ្ឌកំបូល។ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនកម្លាំងនគរបាលកំពុងតាមស្វែងចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសបន្ត។ជាមួយការបង្ក្រាបជនសង្ស័យកម្លាំងនគរបាលក៏បានដកហូតយកទូរសព្ទជនរងគ្រោះមកវិញ និងប្រគល់ទៅឱ្យជនរងគ្រោះវិញ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលចាប់បញ្ជូនទៅតុលាការនៅថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីចាត់ការតាមផ្លូវច្បាប់៕