ដោយ: ភ្នំស្វាយ / ព្រំដែនកម្ពុជា-ថៃ: ក្រុមការងារ បោះបង្គោលព្រំដែន នៃគណៈកម្មាធិការ កិច្ចការព្រំដែន កម្ពុជា ថៃ បានបន្តចុះបោះបង្គោលប្រថពីវិភាគ នៃនិយាមភូមិសាស្ត្រ (G.P.S ) នៅខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា និងខេត្តស្រះកែវ នៃប្រទេសថៃ។
មន្ត្រីអាជ្ញាធរដែនដី កងកម្លាំងនគរបាល វរៈការពារព្រំដែនគោក នៅខេត្តបន្ទាយមានជ័យ បានប្រាប់កាសែត រស្មីកម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ថាៈ ក្រុមការងារនោះ ត្រូវបំពេញការងាររួមគ្នា យ៉ាងតិច ៦ខែ ពីខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។
ប្រភពបានបន្តថាៈ ក្នុងនោះ ត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា នៅគោលដៅភូមិសាស្ត្រ ស្រុកថ្មពួក ឈមមុខនឹងស្រុកតាប្រាយ៉ា ដោយបានបោះបង្គោលប្រថពីវិភាគ នៃនិយាមភូមិសាស្ត្រ (G.P.S ) បានចំនួន ៤ បង្គោល គឺនៅបង្គោលព្រំដែនលេខ ៣៧ – ៣៨ – ៣៩ និងលេខ ៤០ ក្នុងភូមិសាស្ដ្រ ប៉ុស្ដិ៍ភ្នំប្រាក់ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមគ្នានឹងឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ៕