ដោយៈ ភ្នំខៀវ / ប៉ៃលិនៈ ប្រជាពលរដ្ឋរងគ្រោះ ដោយសារអាវុធយុទ្ធភ័ណ្ឌ ក្នុងសម័យសង្គ្រាម ៥០០ គ្រួសារ ទទួលជំនួយឧបត្តម្ភ ពីអាជ្ញាធរមីនកម្ពុជា។
នៅក្នុងពិធីសំណេះសំណាល ជនរងគ្រោះថ្នាក់ ដោយសារគ្រាប់មីន នៅក្នុងខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២០ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថាៈ ជនពិការ មិនមានន័យថា អសមត្ថភាពនោះទេ ផ្ទុយទៅវិញ អ្នកពិការ ដោយសារសង្គ្រាម សុទ្ធសឹងតែជា អ្នកមានស្មាដៃ ជាវីរ:ជន ប្តូរសាច់ស្រស់ ឈាមស្រស់ និងបូជាជីវិត ដើម្បីការពារជាតិ និងប្រជាជន លើសពីនេះ បច្ចុប្បន្ន ពួកគាត់ក៏ជាមនុស្សចាស់ បាននិងកំពុងបន្តផ្តល់ នូវបទពិសោធន៍ គ្រប់បែបយ៉ាង សម្រាប់អ្នកជំនាន់ ក្រោយថែមទៀត។
ជាមួយគ្នានេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថាៈ ក្នុងនាមរដ្ឋបាលខេត្ត ពិតជាមានមោទនភាព ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ទាំងចំពោះមុខ និងកន្លងមក ក៏ដូចជា អាជ្ញាធរមីន នៅពេលនេះ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ដើម្បីជួយសម្រាល នូវការខ្វះខាត ជាចាស់ជរា កំពុងត្រូវការជំនួយចាំបាច់។
ពលរដ្ឋរងគ្រោះពិការសរុបទាំងអស់ ចំនួន ៥០០ គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករចំនួន ២០ គីឡូក្រាម ទឹកត្រី. ទឹកស៊ីអ៊ីវ. មីឆ្អិនស្រាប់. ត្រីខ. សាប៊ូ និងថវិកា ផងដែរ៕