ឌុន រដ្ឋា ប្រកាស​សងសឹក​ជាមួយ​អ្នក​ប្រដាល់​រុស្ស៊ី​ជំនួស ផុន ផាន់​ណា​

1433
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អ្នក​ប្រដាល់ ឌុន រដ្ឋា ក្លិប​អេ​ភូ​ថង​កីឡា ប្រកាសឡើង​វ៉ៃ​សងសឹក​ជាមួយ​អ្នក​ប្រដាល់​រុស្ស៊ី អា​ធឺ ស៊ូ​ស៊ីន​ស្គី (Arthur Shushinsky) ជំនួស​អតីត​មិត្ត​រួម​ក្លិប ផុន ផាន់​ណា ដែល​ពេលនេះ​ហាត់​នៅ​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក របស់​អាស៊ីអាគ្នេយ៍​យប់​ថ្ងៃទី​២១​មេសា​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម​។

​សូមបញ្ជាក់ថា អ្នក​ប្រដាល់​រុស្ស៊ី​រូបនេះ មិនជា​ខ្លាំង​ណាស់ណា​ទេ តែ​គេ​អាច​យកឈ្នះ​ខ្លា​ចាស់ ផុន ផាន់​ណា បាន​។​

​ឌុន រដ្ឋា ដែលជា​អ្នក​ប្រដាល់​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​នោះ គេ​បែរជា​ប្រកាសឡើង​វ៉ៃ​សងសឹក​ជំនួស​មិនដឹងថា តើ​អាចទៅរួច ឬក៏​យ៉ាងណា​នោះទេ​។ ឌុន រដ្ឋា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ ៤​ដង​។ ចំពោះ​អ្នក​ប្រដាល់​រុស្ស៊ី​វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៣​ដង ឈ្នះ​២៦​ដង ចាញ់​៧​ដង​។ កាលពី​ថ្ងៃទី​៧​មេសា អា​ធឺ ស៊ូ​ស៊ីន​ស្គី បាន​យកឈ្នះ ផុន ផាន់​ណា ដោយ​ពិន្ទុ​លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​ដែរ​។​

​ពេលនេះ អ្នក​ប្រដាល់​រុស្ស៊ី​រូបនេះ ក៏​ស្វាគមន៍​ការប្រកួត​សងសឹក​ជំនួស​របស់ ឌុន រដ្ឋា លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​ដដែល​។ តើ​ការ​សងសឹក​ជំនួស​នេះ គេ​អាច​ធ្វើបាន​ឬទេ​?

​ជា សំនៀង ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​មួយរយៈ​នេះ គេ​ហាក់ដូចជា​កំពុងតែ​លង់​ក្នុងការ​បរាជ័យ​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ យ៉​ត សេន​សាក់ (Yorth Sensak) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​មិនមែនជា​អ្នកខ្សោយ​ដែរ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​២-៣​លើក​ដែរ ដោយ​ការប្រកួត​របស់គេ​មាន​ចាញ់​មាន​ឈ្នះ​។ សំនៀង ជា​ខ្លា​ចាស់​ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ តែ​កម្លាំង​ហាក់ដូចជា​ឆាប់​ស្រុតចុះ​បន្តិច​។ សំនៀង មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩០​ដង ឈ្នះ​៧៤​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​៣​ដង​។ ចំពោះ យ៉​ត សេន​សាក់ វិញ​នោះគេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩​ដង ឈ្នះ​៧៣​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ ជា សំនៀង និង យ៉​ត សេន​សាក់ នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​?

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ វៀត ប៊ុន​ឌឿ​ន សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង ឡា ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម