ដោយ:អង្គរតូច/សៀមរាប:សមត្ថកិច្ចចម្រុះ នៅរាត្រី ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដោយសម្រេចបិទក្លឹបរាំរែកដ៏ល្បីចំនួន២កន្លែងនៅក្នុងតំបន់ផាប់ស្រ្ទីតនៃក្រុងសៀមរាប។
សមត្ថកិច្ច បានអោយដឹងថា ទីតាំងក្លឹបទាំង២ ដែលសម្រេចបិទ ទី១ឈ្មោះ ស្កាយបា ដឺ វ័ន បាយធី ( The One by T) និងទី២ ឈ្មោះថេមថលក្លឹប (Temple Club)។
ជាមួយគ្នានោះ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត បានអោយដឹងថា មូល ហេតុនៃការបិទនេះគឺដោយសារតែម្ចាស់អាជីវកម្មខាងលើ មិនបានចូលរួមអនុវត្តនូវវិធានសុវត្ថិភាពទេចរណ៍ ក្នុងស្ថានភាពដំណាក់កាលកូវីដ-១៩។
មន្ត្រីបន្ថែមថា ការបិទនេះសម្រាប់តែ KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស។ ប៉ុន្តែសម្រាប់ភោជ នីយដ្ឋានគឺដំណើរការធម្មតា តែត្រូវគោរពតាមវិធានសុវត្ថិភាពទេចរណ៍។
មន្ត្រីមន្ទីរទេសចរណ៍ បញ្ជាក់ថា កាលពីថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានប្រកាសឱ្យបិទ KTV ក្លឹបកំសាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវិដ១៩រីករាលដាលជាសកលបន្ទាប់ពីមានព្រឹត្តិការណ៍ ៣ វិច្ឆិកា។ សូមបញ្ជាក់ថា ក្នុងដំណាក់កាលកូវីដ-១៩ ក្លឹបកំសាន្ត នានា នៅក្នុងខេត្តសៀមរាប បានបិទជាស្ថាពរ តាមការណែនាំរបស់សាលាខេត្ត។ ប៉ុន្តែក្លឹបរាំរែកទាំង ពីរខាងលើ នៅតែបន្តសកម្មភាពរបស់ខ្លួន ពិសេស (ថេមផលក្លឹប) ដែលជារបស់មន្ត្រីនគរបាលជាន់ខ្ពស់នៃខេត្តទេសចរណ៍សៀមរាបអង្គរ៕