ស្រាវជ្រាវប្រែសម្រួលៈ មេសា
ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ារ៉ុក ប្រារព្ធទិវាឯករាជ្យជាតិ របស់ពួកគេនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ដើម្បី រំឭកដល់ថ្ងៃដែលពួកគេប្រកាស បង្កើតព្រះរាជាណាចក្រ ម៉ារ៉ុក បន្ទាប់ពីពួកគេទទួលបានឯករាជភាពពីអាណានិគម បារាំង និង អេស្ប៉ាញ កាលពីឆ្នាំ ១៩៥៦ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
ព្រះរាជាណាចក្រ ម៉ារ៉ុក មានផ្ទៃដី ៤៤៦.៥៥០ ( ៧១០.៨៥០ ? ) គីឡូម៉ែត្រក្រឡា ស្ថិតនៅ អាហ្វ្រិក ខាងជើង មាន ព្រំដែនជាប់វាលខ្សាច់ សាហារ៉ា អាល់ហ្ស៊េរី និង អេស្ប៉ាញ ។ ឆ្នាំ ២០២០ មានប្រជាជន ជិត ៣៧ លាននាក់ ភាគច្រើនជាអ្នកកាន់សាសនា អ៊ិស្លាម ភាសាផ្លូវការគឺភាសា អារ៉ាប់ ទំនើប និង ភាសា ប៊ីប៊ី រដ្ឋធានីគឺទីក្រុង រ៉ាបា ។
ប្រវត្តិសាស្ត្រ
សាសនា អ៊ិស្លាម និង ភាសា អារ៉ាប់ ត្រូវបាននាំយកទៅសាបព្រោះនៅតំបន់ដែលជាប្រទេស ម៉ារ៉ុក បច្ចុប្បន្ននេះ បន្ទាប់ពីការឈ្លានពានរបស់ពួក មូស្ល៊ីម ទៅលើមហាតំបន់ Maghreb ឬ តំបន់ភ្នំ Atlas ( តំបន់ដែលជាប្រទេស ម៉ារ៉ុក , អាល់ហ្ស៊េរី , តង់សានី និង ប្រទេស លីប៊ី បច្ចុប្បន្ន ) នាឆ្នាំ ៦៤៧ ។
រដ្ឋឯករាជ្យមុនដំបូងបំផុតនៅតំបន់ដែលជាប្រទេស ម៉ារ៉ុក បច្ចុប្បន្ននេះ គឺអាណាចក្រ Nekor ត្រូវបានបង្កើតឡើងនៅឆ្នាំ ៧១០ ។ ឆ្នាំ ៧៣៩ ពួកកុលសម្ព័ន្ធ Berber ដែលជាជន ជាតិដើមនៅទីនោះ បានធ្វើបដិវត្តន៍ផ្តួលរំលំអាណាចក្រ Nekor បង្កើតបានជា អាណាចក្រ Miknasa និង Barghawata ។
លោក Idris ibn Abdallah បានភៀសខ្លួនចេញពីប្រទេស អ៊ីរ៉ាក់ ទៅ ម៉ារ៉ុក ដោយ សារតែ កុលសម្ព័ន្ធ របស់គាត់ នៅ អ៊ីរ៉ាក់ បានរងការសម្លាប់ប្រល័យពូជសាសន៍ពីពួកស្តេច Abbasids ។ គាត់បានបញ្ចុះបញ្ចូលកុលសម្ព័ន្ធ Berber ឱ្យធ្វើសង្គ្រាមប្រឆាំង អ៊ីរ៉ាក់ ហើយ បង្កើតបានជារាជវង្ស Idrisid នៅឆ្នាំ ៧៨៨ ។ ពេលនោះ ទឹកដី ម៉ារ៉ុក បាន ក្លាយ ជាមជ្ឈមណ្ឌលសិក្សារបស់ជន មូស្ល៊ីម និង ជាដែនដីដ៏មានអំណាច ជាងគេនៅក្នុងតំបន់នោះ ។ ប៉ុន្តែរាជវង្ស Idrissids ត្រូវបានផ្តួលរំលំនៅឆ្នាំ ៩២៧ ។
ចាប់ពីសតវត្សរ៍ទី ១១ មក គឺជាការលេចឡើង នៃ រាជវង្ស របស់ពួកកុលសម្ព័ន្ធ Berber វិញម្តង ។ ស្ថិតក្រោម រាជវង្ស Almoravid និង រាជវង្ស Almohad ទឹកដី ម៉ារ៉ុក បានគ្រប ដណ្តប់លើតំបន់ Maghreb ទឹកដីភាគច្រើនបំផុត នៃ ប្រទេស អេស្ប៉ាញ និង ព័រទុយហ្កាល់ បច្ចុប្បន្ន និង ទឹកដីភាគច្រើនបំផុត នៃ តំបន់ ម៉េឌីទែរ៉ាណេ ។
បញ្ចប់រជ្ជកាលមូស្ល៊ីម-ការបៀតបៀនពីមហាអំណាច
នៅសតវត្សរ៍ទី ១៥ ពួកជនជាតិ អេស្ប៉ាញ និង ព័រទុយហ្កាល់ បានរួមគ្នាងើបបះបោរប្រឆាំងរាជវង្ស មូស្ល៊ីម ( ដែលគេហៅថា Reconquista ) បានបញ្ចប់ការត្រួតត្រារបស់ពួកជន មូស្ល៊ីម នៅតំបន់ អេស្ប៉ាញ កណ្តាល និង ភាគខាងត្បូង ហើយជន មូស្ល៊ីម និង ជនជាតិ ជ្វីស ជាច្រើន បានភៀសខ្លួនទៅតំបន់ ម៉ារ៉ុក ។
នៅអំឡុងសតវត្សរ៍ទី ១៥ ព័រទុយហ្កាល់ បានព្យាយាមកាន់កាប់ពាណិជ្ជកម្មនៅតាមសមុទ្ទ អាត្លង់ទិក ដោយរួមទាំងតំបន់ឆ្នេរសមុទ្ទមួយចំនួនរបស់ ម៉ារ៉ុក ផង និងបានគ្រប់គ្រងលើតំបន់ឆ្នេរមួយចំនួនរបស់ ម៉ារ៉ុក ប៉ុន្តែមិនបានចូលដល់តំបន់ដីគោកឡើយ ។
ជាអកុសល នៅឆ្នាំ ១៥២០ ម៉ារ៉ុក បានជួបគ្រោះរាំងស្ងួត នាំឱ្យមនុស្សខ្វះស្បៀងអាហារ ស្លាប់រង្គាលថយមនុស្សពី ៥ លាននាក់ ទៅនៅក្រោម ៣ លាននាក់ពីដើមសតវត្សរ៍ទី ១៦ និង ទី ១៩ ។
បារាំង បានចូលឈ្លានពានប្រទេស អាល់ហ្ស៊េរី នៅឆ្នាំ ១៨៣០ ។ ខណៈដែល អឺរ៉ុប បានធ្វើឧស្សាហូបនីយកម្ម បណ្តាប្រទេសនៅ អាហ្វ្រិក ខាងជើង ក្លាយជាគោលដៅសំខាន់ សម្រាប់ធ្វើអាណានិគម ពីសំណាក់មហាអំណាច អឺរ៉ុប ។ នៅដើមឆ្នាំ ១៨៣០ នោះដែរ បន្ទាប់ពីបានត្រួតត្រា អាល់ហ្ស៊េរី ដែលជាប្រទេស ជិតខាងនឹង ម៉ារ៉ុក ហើយ បារាំង ក៏សម្លឹងចង់បាន ម៉ារ៉ុក យ៉ាងខ្លាំងទៀត គឺ បារាំង ចង់បាន ម៉ារ៉ុក ធ្វើជារបងការពារទឹកដី អាល់ហ្ស៊េរី របស់ខ្លួនផង ហើយក៏ព្រោះតែទឹកដី ម៉ារ៉ុក ជាទីតាំងចន្លោះ សមុទ្ទ អាត្លង់ទិក និង សមុទ្ទ ម៉េឌីទែរ៉ាណេ ផង គឺបានជាប្រយោជន៍ដល់យុទ្ធសាស្ត្រពាណិជ្ជកម្មផង យុទ្ធសាស្ត្រកងទ័ពទៅថ្ងៃមុខផង ។
Ceuta គឺជាឈ្មោះតំបន់ដែលស្ថិតនៅចន្លោះ ប្រទេស ម៉ារ៉ុក និង អេស្ប៉ាញ ហើយប្រទេសទាំង ២ បានអះអាងរៀងៗខ្លួនថាជាម្ចាស់ទៅលើតំបន់ Ceuta នេះ ។ ទីបំផុតនៅឆ្នាំ ១៨៦០ ក៏មានផ្ទុះសង្គ្រាមរវាងប្រទេសទាំង ២ ក្នុងការណ្ដើមកាន់កាប់តំបន់ Ceuta នេះ ។ ជោគជ័យ បានទៅខាង អេស្ប៉ាញ ធ្វើឱ្យ អេស្ប៉ាញ ពង្រីកទឹកដីរបស់ខ្លួនបានកាន់តែធំ ដែលសឹងតែឡោមព័ទ ម៉ារ៉ុក ទៅហើយ ។ នៅឆ្នាំ ១៨៨៤ អេស្ប៉ាញ បានបង្កើតអាណាព្យាបាលទៅលើតំបន់ឆ្នេរសមុទ្ទរបស់ ម៉ារ៉ុក ។
នៅឆ្នាំ ១៩០៤ បារាំង និង អេស្ប៉ាញ បាននាំគ្នាកាត់យកទឹកដី ម៉ារ៉ុក ដែលជាតំបន់ក្រោមឥទ្ធិពលរបស់ពួកគេរៀងៗខ្លួន ពោលគឺពួកគេចង់ធ្វើអាណានិគមទៅលើតំបន់ទាំងនោះរៀងៗខ្លួន ។ ទង្វើទាំងនោះ ត្រូវបានទទួលស្គាល់ដោយ ចក្រភព អង់គ្លេស ប៉ុន្តែ ចក្រភព អាល្លឺម៉ង់ បានប្រតិកម្មយ៉ាងខ្លាំង ហេតុនោះ វិបត្តិក៏បានកើតឡើងនៅឆ្នាំ ១៩០៥ ។
តាមពិតទៅ អាល្លឺម៉ង់ ជំទាស់ការធ្វើអាណានិគមរបស់ បារាំង ទៅលើ រដ្ឋឯករាជ្យ ម៉ារ៉ុក មិនមែនមានបំណងចង់ការពារឯករាជភាពរបស់ ម៉ារ៉ុក ទេ ប៉ុន្តែគឺធ្វើ ដើម្បី កិត្តិយស និង ចង់តវ៉ាយកផលប្រយោជន៍នៅបរទេស របស់ អាល្លឺម៉ង់ ខ្លួនឯងតែប៉ុណ្ណោះ ។ ដោយហេតុនោះ ទើបមានសន្និសីទមួយត្រូវបានធ្វើឡើងនៅទីក្រុង កំពង់ផែ Algeciras នៃ ប្រទេស អេស្ប៉ាញ ចាប់ពីថ្ងៃទី ១៦ ខែ មករា ដល់ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩០៦ ។ សន្និសីទនេះ បានបញ្ចប់ទៅដោយការជំទាស់របស់ អាល្លឺម៉ង់ បានបរាជ័យ ហើយថែមទាំងធ្វើឱ្យមិត្តភាពរវាង បារាំង និង អង់គ្លេស កាន់តែរឹងមាំថែមទៀតផង ហើយភាពតានតឹងរវាងមហាអំណាចទាំង ៣ ( អាល្លឺម៉ង់ ចំពោះ បារាំង និង អង់គ្លេស ) បានកើនឡើង ។
ធ្លាក់ក្រោមអាណានិគម បារាំង និង អេស្ប៉ាញ ទាំងស្រុង
ដោយសារតែទឹកដីបានធ្លាក់ក្រោមការត្រួតត្រារបស់មហាអំណាបរទេសជាបន្តបន្ទាប់បែបនេះ នៅឆ្នាំ ១៩១១ ក៏មានចលនាឧទ្ទាមប្រឆាំងនឹង ស៊ុលតង់ អាប់ដែលហាហ្វ៊ីដ នៃ ម៉ារ៉ុក ។ គិតត្រឹមដើមខែ មេសា ឆ្នាំនោះ រាជវាំង Fez របស់ ស៊ុលតង់ អាប់ដែលហាហ្វ៊ីដ ត្រូវបានពួកឧទ្ទាមឡោមព័ទ ។ បារាំង បានរៀបចំបញ្ជូនកងទ័ពទៅជួយបង្ក្រាបពួកឧទ្ទាមក្រោមហេតុផលថា ដើម្បី ទៅការពារអាយុជីវិត និង ទ្រព្យសម្បត្តិរបស់ជន អឺរ៉ុប នៅលើទឹកដី ម៉ារ៉ុក ។ អង់គ្លេស មានបំណងមិនចង់ឱ្យ បារាំង បញ្ជូនកងទ័ពទៅ ម៉ារ៉ុក ទាំងទាន់ហន់បែបនោះទេ ប៉ុន្តែបំណងរបស់ អង់គ្លេស បានបរាជ័យ ។
ខណៈដែល ម៉ារ៉ុក បែកបាក់ដូច្នោះ នៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ១៩១១ នោះ អេស្ប៉ាញ បានចូលកាន់កាប់កំពង់ផែ Larache របស់ ម៉ារ៉ុក បានដោយគ្មានចំណាយកម្លាំង ហើយ ៣ ថ្ងៃក្រោយមក អេស្ប៉ាញ បានចូលកាន់កាប់ទីក្រុង Ksar-el-Kebir របស់ ម៉ារ៉ុក ទៀត ។
អាល្លឺម៉ង់ មិនអាចនៅស្ងៀម ឃើញ សាច់ខ្លាញ់ ម៉ារ៉ុក ធ្លាក់ទៅក្នុងដៃ គូរប្រជែងរបស់ខ្លួន ម្តងមួយដុំៗ ជាបន្តបន្ទាប់បែបនោះ នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៩១១ នោះ អាល្លឺម៉ង់ ក៏បានបញ្ជូកកប៉ាល់ចម្បាំងទៅកំពង់ផែ Agadir នៃ ប្រទេ ម៉ារ៉ុក ដែរ ក្រោមហេតុផលថា ដើម្បី ការពារផលប្រយោជន៍ពាណិជ្ជកម្ម អាល្លឺម៉ង់ នៅទីនោះ ។
ឃើញកប៉ាល់ចម្បាំង អាល្លឺម៉ង់ ខ្វាត់ខ្វែងនៅលើទឹកដី ម៉ារ៉ុក បែបនោះ បារាំង និង អង់គ្លេស ក៏បានបញ្ចេញប្រតិកម្មវិញម្តង គឺ បារាំង បញ្ជូនកងទ័ពទៅរាជវាំង Fez ។ អង់គ្លេស យល់ថា អាល្លឺម៉ង់ ចង់យកកំពង់ផែ Agadir ធ្វើជាទីតាំងកងទ័ពជើងទឹកនៅតំបន់ អាត្លង់ទិក ។ ដូច្នេះ អង់គ្លេស បានត្រៀមរួចជាស្រេចនឹងបញ្ជូននាវាចម្បាំងទៅ ម៉ារ៉ុក ប្រសិនបើមានសង្គ្រាមផ្ទុះឡើង ។
នៅចំកណ្តាលវិបត្តិដ៏តានតឹងនេះ អាល្លឺម៉ង់ បានពើបនឹងភាពច្របូកច្របល់ហិរញ្ញវត្ថុ ។ ផ្សារភាគហ៊ុនត្រឹមតែមួយថ្ងៃសោះ ធ្លាក់តម្លៃអស់ ៣០ ភាគរយ ។ មនុស្សបាននាំគ្នាពពាក់ពពូនយកក្រដាសប្រាក់ទៅទិញមាសទុក ហើយមានពាក្យចចាមអារាមថា ភាពច្របូកច្របល់នេះ រៀបចំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ បារាំង ។ ចំណែក បារាំង ក៏បារម្ភខ្លាចអស់មាសពីឃ្លាំងដែរ ។ អគ្គរដ្ឋទូត អាល្លឺម៉ង់ ប្រចាំទីក្រុង ប៉ារីស បានប្រាប់ទៅ បរាំង ថា មានបំណងចង់ចរចា ។
នៅថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ១៩១១ នោះ ការចរចារវាងភាគីពាក់ព័ន្ធ ក៏បានចាប់ផ្តើមជាផ្លូវការ ។ សន្ធិសញ្ញារវាង បារាំង និង អាល្លឺម៉ង់ ដែលមានឈ្មោះថា សន្ធិសញ្ញា Fez នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ១៩១២ បានប្រគល់ឱ្យ បារាំង និង អេស្ប៉ាញ ជាអ្នកគ្រប់គ្រង ម៉ារ៉ុក ចំណែក បារាំង ប្រគល់ទឹកដីភាគកណ្តាល នៃ កុងហ្គោ ( ទឹកដីដែលជា សាធារណរដ្ឋ កុងហ្គោ បច្ចុប្បន្ន ) ដែលជាដែនដីអាណានិគម បារាំង ទៅឱ្យ អាល្លឺម៉ង់ ជាអ្នកត្រួតត្រា ។ វិបត្តិ ម៉ារ៉ុក លើកទី ២ ក៏បានបញ្ចប់ ។ ម៉ារ៉ុក ក៏បានធ្លាក់ក្រោម អាណានិគម បារាំង និង អេស្ប៉ាញ ជាផ្លូវការ និង ទាំងស្រុង នៅគ្រានោះឯង ។
ពួកអាណានិគមជនរាប់ម៉ឺននាក់នាំគ្នាសម្រុកចូលទៅប្រទេស ម៉ារ៉ុក ។ អ្នកខ្លះទិញដីដែលមានជីជាតិធំល្វឹងល្វើយ អ្នកខ្លះរៀបចំកេងយកចំណេញ និង ធ្វើទំនើបកម្មលើ រ៉ែ និង កំពង់ផែនានា ។
ក្រុមម្ចាស់ផលប្រយោជន៍ទាំងនេះ បានដាក់សម្ពាធជាបន្តបន្ទាប់ទៅលើរដ្ឋាភិបាលបារាំង ឱ្យបន្ថែមការត្រួតត្រាទៅលើប្រទេស ម៉ារ៉ុក គឺជាការគ្រប់គ្រងដែលចាំបាច់ត្រូវធ្វើសង្គ្រាមជាបន្តបន្ទាប់ ដើម្បី បង្ក្រាបកុលសម្ព័ន្ធនានា នៃ ជនជាតិដើម ម៉ារ៉ុក ។
ប៉ុន្តែអគ្គទេសាភិបាល បារាំង លោក សេនាប្រមុខ Hubert Lyautey តែងតែគោរពស្រឡាញ់ និង សរសើរប្រពៃណីវប្បធម៌ជនជាតិ ម៉ារ៉ុក ដោយស្មោះ ទើបបង្កើតរដ្ឋបាលរួមរវាង បារាំង-ម៉ារ៉ុក ខណៈបង្កើតប្រព័ន្ធអប់រំទំនើប ។ កងទ័ព ម៉ារ៉ុក ជាច្រើនកងពលបានចូលបម្រើក្នុងជួរកងទ័ព បារាំង អំឡុងសង្គ្រាមលោកលើកទី ១ និង សង្គ្រាមលោកលើកទី ២ ។ រដ្ឋធម្មនុញ្ញ ម៉ារ៉ុក បានលុបបំបាត់ទាសភាព នៅឆ្នាំ ១៩២៥ ។
បដិវត្តន៍ សាធារណរដ្ឋ រីហ្វ
នៅចន្លោះខែ កក្កដា ដល់ ខែ សីហា ឆ្នាំ ១៩២១ កុលសម្ព័ន្ធ Berber នៅតំបន់ភ្នំ Rif ដឹកនាំដោយលោក Abd el-Krim ប្រឆាំងនឹងអាណានិគម អេស្ប៉ាញ ហើយបង្កើតបានជា សាធារណរដ្ឋ Rif នៅខែ កញ្ញា ឆ្នាំ ១៩២១ នាតំបន់ភ្នំ Rif នោះ ។ ការងើបបះបោររបស់ កុលសម្ព័ន្ធ Berber មានលក្ខណណៈជាឧទ្ទាមកម្ម ។ ពីដំបូងពួកគេបានជោគជ័យជាច្រើនលើកងទ័ព អេស្ប៉ាញ បានសម្លាប់ទ័ព អេស្ប៉ាញ និង បានដណ្តើមអាវុធយុទ្ធភណ្ឌរបស់កងទ័ព អេស្ប៉ាញ បានយ៉ាងច្រើន ។
អេស្ប៉ាញ បានទៅបញ្ចុះបញ្ចូល បារាំង ដែលជាអាណានិគមមួយដែរលើទឹកដី ម៉ារ៉ុក ឱ្យជួយ ។ ពីដំបូង បារាំង មិនព្រមជួយទេ ព្រោះគិតថា ទុកឱ្យ អេស្ប៉ាញ ទន់ខ្សោយដើម្បី បារាំង លេបយកទឹកដី ម៉ារ៉ុក ទាំងមូលតែម្នាក់ឯង ។ ប៉ុន្តែក្រោយមក បារាំង មើលឃើញថា បើ អេស្ប៉ាញ ដួលរលំនោះ សាធារណរដ្ឋ Rif នឹងកើតឡើងកាន់តែរឹងមាំ អាចជាការគំរាមកំហែងដល់អំណាច បារាំង នៅ ម៉ារ៉ុក ទៅវិញ ទើប បារាំង ចូលខ្លួនទៅជួយ អេស្ប៉ាញ ។ ទីបំផុត កងទ័ពឧទ្ទាម នៃ សាធារណរដ្ឋ Rif ត្រូវបានកម្ទេច នៅឆ្នាំ ១៩២៦ ហើយសាធារណរដ្ឋ Rif ក៏ត្រូវបានរំលាយទៅវិញនៅពេលនោះដែរ ។
ប្រជាពលរដ្ឋ ម៉ារ៉ុក ជួបជុំគ្នាប្រារព្ធទិវាឯករាជ្យជាតិ របស់ពួកគេ ( ឯករាជ្យ ម៉ារ៉ុក ១)រូបៈអ៊ីនធឺណិត
ចលនាឯករាជ្យ ម៉ារ៉ុក
គ្រានោះ អាមេរិក ដែលចាប់ផ្តើមលេចជាអ្នកមានឥទ្ធិពលបណ្តើរៗដែរហើយ ក៏ត្រូវតែលូកដៃចូលកិច្ចការអាណានិគមនៅបណ្តាប្រទេសមួយចំនួន រួមទាំងនៅ ម៉ារ៉ុក ផងដែរ ។
សហរដ្ឋ អាមេរិក គឺជាប្រមុខដ៏សំខាន់មួយក្នុងចំណោមប្រមុខដ៏សំខាន់ ទាំង ២ ជាមួយអង់គ្លេស នៅក្នុងសង្គ្រាមលោកលើកទី ២ ។ ខណៈដែលខ្លួនមិនទាន់មានអំណាចខ្លាំងក្លាដូចអង់គ្លេស និង មហាអំណាចផ្សេងទៀតនោះ សហរដ្ឋ អាមេរិក ពិតជាមិនចង់ឱ្យមហាអំណាចទាំងនោះ នៅមានភាពជាមហាអំណាចតទៅទៀតឡើយ នៅក្រោយសង្គ្រាម ព្រោះថា បើមហាអំណាចទាំងនោះ នៅតែជាមហាអំណាចដូចមុន ( អាចលើសមុន ) សង្គ្រាមទៀតនោះ ទឹកមាត់ អាមេរិក នឹងមិនប្រៃឡើយ ហើយក៏នឹងគ្មានឱកាសពង្រីកអំណាចរបស់ខ្លួនដែរ ទើប អាមេរិក តែងតែព្យាយាមបង្កើត ឬ គាំទ្រ ជាសម្ងាត់ ឬ ដោយចេញមុខ ចំពោះចលនាឯករាជភាព នៃ បណ្តាប្រទេសក្រោមអាណានិគមនានា ។ ក្នុងបរិបទនោះ អាមេរិក ពាក្យថា “ គោរពឆន្ទៈម្ចាស់ស្រុក “ គឺជាពាក្យដែល អាមេរិក តែងតែយកទៅប្រើជាញឹកញាប់ និង បានផលសម្រេចច្រើនបំផុត ក្នុងការផ្តាច់អំណាចពីមហាអំណាចនានាជាបន្តបន្ទាប់ ។
នៅឆ្នាំ ១៩៤៣ (ក្នុងសម័យសង្គ្រាមលោកលើកទី ២ ) គណបក្ស ឯករាជ្យ ម៉ារ៉ុក ត្រូវបានបង្កើតឡើង ។ អាមេរិក ដែលដៃម្ខាងគឺជាសម្ព័ន្ធមិត្តជាមួយ បារាំង ផងនោះ ដៃម្ខាងបានលួចលាក់ជួយគណបក្ស ឯករាជ្យ ម៉ារ៉ុក ដែលប្រឆាំងនឹងអាណានិគម បារាំង ។ រឿងនេះ មិនមែន បារាំង មិនដឹងអំពីពុតត្បុតរបស់ អាមេរិក ទេ ប៉ុន្តែដោយសារ បារាំង កំពុងវក់វីនឹងសង្គ្រាមលោកលើកទី ២ ផង ជាពិសេស ពេលនោះ បារាំង កំពុងត្រូវបានកងទ័ព ណាស៊ី អាល្លឺម៉ង់ លុកលុយកាន់កាប់ស្ទើរទាំងស្រុង ( កងទ័ព ណាស៊ី ចូលកាន់កាប់ទីក្រុង ប៉ារីស នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ១៩៤០ ) ។ គណបក្សនេះបានផ្តល់ភាពជាអ្នកដឹកនាំច្រើនបំផុតទៅចលនាអ្នកជាតិនិយម ម៉ារ៉ុក ។
កាលដែល បារាំង ចូលត្រួតត្រា ម៉ារ៉ុក នោះ ស៊ុលតង់ មហាម៉េដទី ៥ បានជំទាស់ជាដាច់ខាត ហើយទីបំផុត ស៊ុលតង់ មហាម៉េដទី ៥ ត្រូវបាន បារាំង ចាប់និរទេសទៅកោះ ម៉ាដាហ្កាស្កា ហើយដាក់ជំនួសដោយ ម៉ូហាម៉េដ បែន អារ៉ាហ្វា ដែលប្រជាពលរដ្ឋ ម៉ារ៉ុក បានដឹងថា ជាអ្នកមានទំនោរទៅរកអាណានិគម បារាំង និង អេស្ប៉ាញ ឬ ដែលប្រជាពលរដ្ឋនិយាយថា ជាជនក្បត់ជាតិ ដើម្បី អំណាច ។ ប្រការនេះនាំមានការប្រឆាំងយ៉ាងសកម្មចំពោះ អាណានិគម បារាំង និង អេស្ប៉ាញ ទាមទារឱ្យ ស៊ុលតង់ ម៉ូហាម៉េដ ទី ៥ វិលចូលប្រទេសវិញ ។
ពីក្រៅប្រទេសមក នៅឆ្នាំ ១៩៥៣ អតីត ស៊ុលតង់ មហាម៉េដទី ៥ បានបញ្ចេញសកម្មភាពប្រឆាំងទៅនឹងការធ្វើអាណានិគមលើទឹកដី ម៉ារ៉ុក ពីសំណាក់ បារាំង និង អេស្ប៉ាញ សាជាថ្មីទៀត ដែលនាំឱ្យចលនាតស៊ូជាតិនិយមក្នុងប្រទេសកាន់តែមានឥទ្ធិពលខ្លាំងទៅៗនៅក្នុងចិត្តគំនិត និង សង្គម ម៉ារ៉ុក រហូតឈានទៅដល់ផ្ទុះអំពើរហិង្សានានាប្រឆាំងជនបរទេស ជាពិសេសពួក អាណានិគមជន ។
ការតវ៉ាប្រឆាំងនឹងអាណានិគម បារាំង និង អេស្ប៉ាញ កាន់តែសកម្មទៅៗ ហើយអំពើហិង្សាក៏កើតមានឡើងជាហូហែដែរ ។ អំពើហិង្សាដែលគេកត់សម្គាល់បំផុត គឺអំពើហិង្សានៅទីក្រុង Ouja ដែលជនជាតិ ម៉ារ៉ុក បានវាយប្រហារទៅលើទីតាំងរបស់ បារាំង និង ទីតាំងពួកអឺរ៉ុប លើកទឹកដី ម៉ារ៉ុក នៅតាមដងវិថីនានា ។
ទីក្រុង រ៉ាបា នៃ ព្រះរាជាណាចក្រ ម៉ារ៉ុក ( ឯករាជ្យ ម៉ារ៉ុក ២)
– រូបៈ អ៊ីនធឺណិត
ឯករាជភាពព្រះរាជាណាចក្រ ម៉ារ៉ុក
អាណានិគមទាំង ២ យល់ឃើញថា ត្រូវបំពេញបំណងរបស់ប្រជាពលរដ្ឋ ម៉ារ៉ុក ដើម្បី រំងាប់ការតវ៉ារបស់ពួកគេ ។ ដោយហេតុនេះ នៅឆ្នាំ ១៩៥៥ ពួកអាណានិគម បានអនុញ្ញាតឱ្យអតីត ស៊ុលតង់ ម៉ូហាម៉េដទី ៥ ត្រលប់ចូលប្រទេស ម៉ារ៉ុក វិញ ។
ប៉ុន្តែអាណានិគ បារាំង និង អេស្ប៉ាញ បានស្មានចិត្តពលរដ្ឋ ម៉ារ៉ុក ខុសទាំងស្រុង ។ នៅពេលដែលអតីត ស៊ុលតង់ ម៉ូហាម៉េដ ទី ៥ បានមកដល់ប្រទេសវិញ សម្ទុះចិត្តស្នេហាជាតិរបស់ជនជាតិ ម៉ារ៉ុក ប្រឆាំងនឹងអាណានិគមទាំង ២ កាន់តែខ្លាំងក្លាឡើងហួសពីការគ្រប់គ្រងបាន ។ ទីបំផុតការចរចារវាង ម៉ារ៉ុក និង អាណានិគមទាំងពីរ អំពីឯករាជភាពរបស់ ម៉ារ៉ុក ក៏បានចាប់ផ្តើម ។
ថ្ងៃទី ២ ខែ មីនា ឆ្នាំ ១៩៥៦ បារាំង បានផ្តល់ឯករាជភាពដល់ ម៉ារ៉ុក ។ ចំណែកអេស្ប៉ាញ បានផ្តល់ឯករាជភាពទៅឱ្យ ម៉ារ៉ុក នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៥៦ នោះដែរ ។ ព្រះរាជាណាចក្រ ម៉ារ៉ុក ត្រូវបានប្រកាសបង្កើតឡើងនៅ ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ១៩៥៦ ឆ្នាំនោះ ។ អតីត ស៊ុលតង់ ម៉ូហាម៉េដ ទី ៥ ត្រូវបានប្រជាពលរដ្ឋ ម៉ារ៉ុក លើកតម្កើងឱ្យធ្វើជាព្រះរាជា នៃ ព្រះរាជាណាចក្រ ម៉ារ៉ុក ។ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ារ៉ុក ប្រារព្ធ ទិវាឯករាជ្យជាតិ របស់ពួកគេនៅថ្ងៃទី ១៨ ខែ វិច្ឆិកា រហូតមក ៕
– ចំណងជើងរូបៈ ប្រជាពលរដ្ឋ ម៉ារ៉ុក ជួបជុំគ្នាប្រារព្ធទិវាឯករាជ្យជាតិ របស់ពួកគេ ( ឯករាជ្យ ម៉ារ៉ុក)
– រូបៈ អ៊ីនធឺណេត
– ទីក្រុង រ៉ាបា នៃ ព្រះរាជាណាចក្រ ម៉ារ៉ុក ( ឯករាជ្យ ម៉ារ៉ុក ២)
– រូបៈ អ៊ីនធឺណេត