កម្ពុជា​បន្ត​ឈ្នះ​លើ​សមរភូមិ​កូ​វីដ តែ​យើង​ក៏​នៅតែ​បន្ត​ការពារ​និង​បង្កើន​ការ​ប្រុង​ប្រយ័ត​ជានិច្ច​!

ដោយៈ​ម៉េង​ឆៃ​/ ភ្នំពេញៈ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ ជាការ​ធ្វើតេស្ត លើក​ទី​៤ សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ដើម្បី​រួមគ្នា​បញ្ចប់​ស្ថានភាព​ចម្លង​វីរុស​កូ​វីដ​១៩ នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា និង​បញ្ជាក់​ពី​ភាព​មាន ឬ​គ្មាន​ការចម្លង​វីរុស​កូ​វីដ​១៩ ចំពោះ​បុគ្គល​ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​កន្លងមកនេះ​ហើយក៏​សម្រាប់​ការ​អាច​បាន​វិលត្រឡប់​ទៅកាន់​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​វិញ​ផងដែរ​។​


​ដូច​លើក​មុនៗ​ដែរ ក្រសួងសុខាភិបាល បានរៀបចំ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ លើ​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី អគារ​មិត្តភាព ក្នុង​រាជធានី​ភ្នំពេញ​។​
​គិតពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា សរុប​ចំនួន​តេស្ត ដែល​បានធ្វើ​វិភាគ របស់​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា មាន​ចំនួន ៣៩១៨ វត្ថុ​សំណាក ( ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត លើក​ទី​១ ចំនួន ១៧៤១​នាក់ និង​លើក​ទី​២ បាន​ចំនួន ៨២៥​នាក់ ព្រមទាំង​លើក​ទី​៣ បាន​ចំនួន ១៣៥២​នាក់ ) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ៤​នាក់ ដែល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។

​ក្នុងនោះ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាសថា លោក សួស យ៉ា​រ៉ា សមាជិក​រដ្ឋសភា ដែល​ស្ថិតនៅ​ក្នុងចំណោម​អ្នក​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​។​

​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​៤​ដែលជា​លើកចុងក្រោយ​នេះ​ក៏​មិន​ខុសពី​លើក​មុនៗ​ឡើយ​។​ពោលគឺ​ក្នុង​ចំណោម​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា រាប់ទាំង​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន,លោក រដ្ឋមន្ត្រី​ការបរទេស ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំង​រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ និង​ក្រុមគ្រួសារ ក៏ដូចជា​អ្នកកាសែត សរុប​ជាង ១៧០០​នាក់ គឺ​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី ឡើយ​។​

​ការទទួលបាន​ជោគជ័យ​លើ​សមរភូមិ​កូ​វីដ​១៩ នៅ​កម្ពុជា លើក​នេះ យ៉ាងហោចណាស់ ជា​លើក​ទី​៥ ហើយ ដែល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបនឹង​ព្រឹត្តិការណ៍​ធំៗ ពាក់ព័ន្ធ​នឹង​សង្គ្រាម​ប្រឆាំង​កូ​វីដ​១៩​។​

​ក្រោយ​កម្ពុជា រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ទី​១ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ជា​បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វ៉ូ​ហាន ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ដំបូង​គេ រួចមក គឺ​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា រួមទាំង​កូនប្រុស​ច្បង​របស់​សម្តេច គឺ​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើដំណើរ​តាម​យន្តហោះ ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ជួប​មេដឹកនាំ​ចិន ពិសេស​ជួប​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ភីង​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ដែល​កាលណោះ កំពុង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ យ៉ាងខ្លាំង​នោះ គឺ​ត្រូវបាន​គេ​រិះគន់​ផង និង​គេ​សរសើរ​ផង​។​
​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​មេដឹកនាំ​បរទេស ដំបូង​គេ ដែល​បាន​ទៅ​ជាន់​ទឹកដី​ចិន តាំងពី​មានការ​ប្រកាស​វិធានការ​អាសន្ន ទប់ទល់​នឹង​ការ​ផ្ទុះឡើង​នៃ​វីរុស​កូ​រ៉ូ​ណា នៅក្នុង​ប្រទេស​ចិន ដែល​បានចាប់ផ្ដើម​ផ្ទុះឡើង​ដំបូង នៅក្នុង​ខែ​ចុង​ធ្នូ ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​វូ​ហាន នៃ​ខេត្ត​ហូ​ប៉េ​។
​កាលណោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏មាន​បំណង​ទៅសួរសុខទុក្ខ​និស្សិត​ខ្មែរ ដែល​ស្ថិតនៅ​ទីក្រុង​វ៉ូ​ហាន ផងដែរ​។ ប៉ុន្តែ​លោក​ប្រធានាធិបតី​ចិន មិន​អនុញ្ញាត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​តំបន់​នោះទេ ហើយ​លោក​ប្រធានាធិបតី បាន​បញ្ជាក់ថា «​ប្រទេស​ចិន គឺមាន​ជំនឿ​ចិត្ត ហើយ​ក៏មាន​សមត្ថភាព​ដើម្បី​ទប់ទល់​នឹង​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​»​។ លោក​បន្ថែមទៀតថា «​និស្សិត​កម្ពុជា ដែល​ជាប់​នៅក្នុង​ទីក្រុង​វូ​ហាន នឹងត្រូវ​បានទទួល​ការមើល​ថែទាំ​យ៉ាង​ល្អ​បំផុត​»​។​

​លើក​ទី​២ គេ​នៅ​ចាំបាន​ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យកឈ្នះ​លើ​សង្គ្រាម​ប្រឆាំង​កូ​វីដ​ជាថ្មីទៀត ដោយ​ប្រើ​បេះដូង​មនុស្សធម៌ និង​សប្បុរសធម៌ តាមរយៈ​ការជួយ​សង្គ្រោះ​ដល់​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង ២០០០​នាក់ នៅលើ​នាវា​ទេសចរណ៍​របស់​សហរ​ដ្ឋ​អាម៉េរិក ឈ្មោះ វ៉េ​ស​ស្ទើ​ដាំ (Westerdam)​។​

​នោះ​គឺ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ កម្ពុជា បានអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​នេះ ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ ខណៈ​ប្រទេស​ចំនួន​៦ រួមមាន ប្រទេស ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន តៃវ៉ាន់ និង​ហ្គា​ម (Guam) បាន​បដិសេធ មិនឱ្យ​កប៉ាល់​នេះ ចូល​ចត ដោយ​បារម្ភ​ខ្លាច​អ្នកទេសចរ នៅលើ​កប៉ាល់​ទេសចរណ៍​នោះ មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ថ្មី ឬ COVID-19​។​
​មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​អាមេរិក វ៉េ​ស​ស្ទើ​ដាំ ចូល​ចត​នៅ​កំពង់ផែ​ប៉ុណ្ណោះ​ទេ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​ដោយផ្ទាល់ និង​ចាប់ដៃ​ក្រុម​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍ នៅពេល​ចុះ​ពី​នាវា​ទេសចរណ៍ ដើម្បី​បន្តដំណើរ​កម្សាន្ត​នៅ​កម្ពុជា និង​ឡើង​យន្តហោះ វិលត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ ថែម​ទៀតផង​។​
​កាលណោះ ក៏មាន​ការរិះគន់​មិនតិច​ទេ ពី​មជ្ឈដ្ឋាន​អគតិ​មួយចំនួន លើទឹក​ចិត្ត​សប្បុរសធម៌ និង​មនុស្សធម៌​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការជួយ​សង្គ្រោះ​អ្នកទេសចរ​បរទេស ជាង ២០០០​នាក់ នៅលើ​នាវា​ទេសចរណ៍​អាម៉េរិក​នោះ​។​

​ជ័យជម្នះ​ទី​៣ របស់​កម្ពុជា លើ​សង្គ្រាម​កូ​វីដ គឺ​អំឡុង​ដើមខែ​មីនា ឆ្នាំ​២០២០ មាន​ខ្មែរ​អ៊ីស្លាម​ជាច្រើន​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ខ្មែរឥស្លាម​ជាច្រើន​នាក់ នៅ​កម្ពុជា បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សាសនា នៅ​ជិត​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​។ ក្នុង​ពិធី​នោះ មាន​អ្នកចូលរួម​ឆ្លង​វីរុស​កូ​វីដ​១៩ យ៉ាងច្រើន​។ ក៏ប៉ុន្តែ​ក្រោយ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​យក​អ្នកពាក់ព័ន្ធ ដែលជា​បងប្អូន​ខ្មែរឥស្លាម យកទៅ​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រួចមក គឺ​កម្ពុជា មិនមាន​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​ឡើយ​។​

​ផុតពី​ករណី​ខ្មែរឥស្លាម​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​អំឡុងពេល​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅ​ខែមេសា ទោះបីជា​រាជរដ្ឋាភិបាល បិទ​ប្រទេស​បិទ​ការធ្វើដំណើរ​ពី​រាជធានី​ខេត្ត​និង​លប់ចោល​មិន​ឲ្យ​ឈប់សម្រាក​ពេល​បុណ្យចូលឆ្នាំ​ក៏ប៉ុន្តែ​ក៏​កើតមាន​ករណី​បងប្អូន​ខ្មែរ​យើង ដែលជា​ពលករ ធ្វើការ​នៅ​ប្រទេស​ថៃ បាន​សម្រុក​វិលត្រឡប់ មកលេង​ស្រុកកំណើត​វិញ ក្នុងពេល​ចូលឆ្នាំ​។​

​ហេតុការណ៍​កាលណោះ ក៏​កើតមាន​ការព្រួយបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតាម​ស្រុកភូមិ​យើង​ផងដែរ​។ ប៉ុន្តែ​ដោយសារ​ការយកចិត្តទុកដាក់​គ្រប់គ្រង​ត្រួតពិនិត្យ​ក្រុម​ចំណូល​ថ្មី​នេះ និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ភូមិ​ផង ក៏​មិនមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ នៅ​សហគមន៍ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ឡើយ​។​

​ដោយឡែក នៅ​លើក​ទី​៥ នេះ ជាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា​។ នោះ​គឺ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ជួប​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នៅពេល​វិលត្រឡប់​ចេញពី​កម្ពុជា ទៅដល់​ប្រទេស​ថៃ ទើប​រកឃើញថា រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី ផ្ទុក​ជំងឺ​កូ​វីដ​១៩​។​
​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា​នេះ កម្ពុជា​រកឃើញ​អ្នក​ប៉ះពាល់​សរុប​ជាង ១៧០០​នាក់ ហើយ​បានធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​១៩ និង​បានធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។ ជា​លទ្ធផល មានតែ ៤​នាក់​ប៉ុណ្ណោះ ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​នៅ​ថ្ងៃទី​១៦​វិច្ឆិកា មាន​ម្នាក់ បានជា​សះស្បើយ​។​
​យ៉ាងណាក៏ដោយ ជោគជ័យ​ធំៗ ទាំង ៥​លើក របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ គឺ​មិនមែន​មានន័យថា កម្ពុជា បញ្ចប់​ការខិតខំ​ដើម្បី​ប្រយុទ្ធ​ជាមួយ​កូ​វីដ​១៩ នោះទេ​។ ផ្ទុយទៅវិញ កម្ពុ​ចា​ត្រូវ​បន្ត​ខិតខំ​ច្រើនជាង​មុន ដើម្បី​ទប់ស្កាត់​ឃាតក​លាក់​មុខ ដែល​មើលមិនឃើញ តាមរយៈ​ការពាក់​ម៉ាស ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ក្នុងនោះ​វិធានការ​រឹតបន្តឹង​លើ​អ្នកដំណើរ ពិសេស​តាម​យន្តហោះ​ក៏​កម្ពុជា​នៅ​បន្ត​អនុវត្ត​តាមរយៈ​ការត្រួតពិនិត្យ​រក​មេរោគ​កូ​វីដ​១៩ នៅពេល​ចុះ​ពី​យន្តហោះ ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​។​

​ចូរ​យើង​ចងចាំ​ថា យើង​អាច​ភ្លេច​កូ​វីដ​១៩ តែ​កូ​វីដ​១៩ មិន​ភ្លេច​យើង​ទេ ហើយក៏​អាច​កើតឡើង​នៅ​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​នៅ​គ្រប់​ទីកន្លែង​។ ដូច្នេះ ជារួម ជ័យជម្នះ​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លើ​សង្គ្រាម ៥ លើក​ធំៗ កន្លងមកនេះ បាន​រំលឹក ដាស់តឿន និង​បាន​ណែនាំ​យើង ឲ្យ​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត​ជានិច្ច​។ នោះ​គឺ​ត្រូវ​ម្ចាស់ការ ទប់ស្កាត់​ជាមុន តាម​វិធី ការពារ​ប្រសើរ ជាង​ការព្យាបាល​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...