Home ព័ត៌មានអន្តរជាតិ ត្រាំ​បណ្តេញ​...

ត្រាំ​បណ្តេញ​មន្ត្រី​សន្តិសុខ​បោះឆ្នោត​អាម៉េរិក​ដោយសារតែ​ហ៊ាន​ការពារ​ការបោះឆ្នោត​

​ប្រែ​សម្រួលៈ​វាសនា​/​សាន់ ហ្វ្រា​ន​ស៊ី​ស្កូ​, វ៉ាស៊ីនតោន​៖ ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បណ្តេញ​មន្ត្រី​សន្តិសុខ​អ៊ិន​ធឺ​ណែ​ត​ជាន់ខ្ពស់ គ្រីស ក្រេបស៍​ ​ក្នុង​សារ​តាម​ទ្វី​ត​ធឺ​ដែល​លោក​បាន​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ ដោយ​ចោទប្រកាន់​លោក​គ្មាន​ភស្តុតាង​ថា «​ធ្វើ​សេចក្តីថ្លែងការណ៍​មិន​ត្រឹមត្រូវ​ខ្លាំង​»​ដែល​បញ្ជាក់​អះអាងថា ការបោះឆ្នោត​ថ្ងៃ​០៣​វិច្ឆិកា ត្រូវបាន​ធានា​និង​បាន​ច្រាន​ចោល​ការអះអាង​អំពី​ការលួចបន្លំ​​សន្លឹកឆ្នោត​ថែមទៀត​។​

​ត្រាំ​បាន​ធ្វើ​ការអះអាង​ដោយ​គ្មាន​ភស្តុតាង​ថា ការបោះឆ្នោត​ប្រធានាធិបតី​នេះ​មាន​ការលួចបន្លំ និង​មិន​ព្រម​ទទួលស្គាល់​បរាជ័យ​ក្រោម​ដៃ​គូប្រជែង ចូ បៃ​ដិន ទេ​។​ក្រុម​យុទ្ធនាការ​របស់លោក បាន​និង​​កំពុង​ដាក់​ពាក្យ​ប្តឹង​ហូរហែរ​នៅ​រដ្ឋ​កំណត់​ការ​ចាញ់ឈ្នះ​មួយចំនួន ទោះជា​យ៉ាងណា​មន្ត្រី​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជែង​ទាំងពីរ​បាន​និយាយថា មិន​មាន​ភស្តុតាង​ស្តី​ពី​ភាពមិនប្រក្រតី​ធំដុំ​ក្តី​។​

​ការងារ​របស់​ក្រេបស៍ គឺ​ការពារ​ការបោះឆ្នោត​នេះ​កុំអោយ​គេ​ហែក​ចូល​លួច​បន្លំ​កែ​ទិន្នន័យ និង​ប្រឆាំង​នឹង​ព័ត៌មាន​ខុស​អំពី​ការបោះឆ្នោត ។​លោក​បាន​ទទួល​ការ​សរសើរ​ពី​ពួក​សមាជិកសភា​មក​ពី​ទាំង​​ពីរ​គណបក្ស ព្រមទាំង​មន្ត្រី​រដ្ឋ​និង​មន្ត្រី​បោះឆ្នោត​ជុំវិញ​ប្រទេស​។​តែ​លោក​ត្រូវ​ប្រធានាធិបតី ត្រាំ និង​បក្ខពួក​ខឹង ដោយសារតែ​មិន​ព្រម​គាំទ្រ​ការចោទប្រកាន់ថា ការបោះឆ្នោត​នេះ​មាន​ការជ្រៀតជ្រែក​​និង​លួច​បន្លំ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា លោក​ក្រេប​ស៍បាន​ប្រាប់​សហការី​ថា លោក​រំពឹងថា​នឹង​ត្រូវ​គេ​បណ្តេញចោល​។​

​ត្រាំ បាន​និយាយ​តាម​ទ្វី​ត​ធឺ​ថា ក្រេបស៍ បាន​ធានា​ប្រជាជន​នៅក្នុង​«​សេចក្តីថ្លែងការណ៍​មិន​ត្រឹមត្រូវ​ខ្លាំង​»​ថា ការបោះឆ្នោត​នេះ​ត្រូវបាន​ធានា​នៅពេល​មាន​«​ភាព​មិន​ប្រក្រតី​និង​ការលួចបន្លំ​ធំធេង រួម​​ទាំង​សន្លឹកឆ្នោត​អ្នកស្លាប់ និង​ការមិន​អនុញ្ញាត​អោយ​អ្នកសង្កេតការណ៍​ការបោះ​ឆ្នោត​ចូល​ទីតាំង​បោះ​ឆ្នោត​ជាដើម​» បូក​រួម​ទាំង​កំហុស​ម៉ាស៊ីន​បោះឆ្នោត​ដែល​លោត​សន្លឹកឆ្នោត​គាំទ្រ​ត្រាំ​ទៅ​បៃ​ដិ​ន​។​

​ពួក​អ្នកជំនាញ​ការបោះឆ្នោត​ជាច្រើន​កាលពី​ថ្ងៃ​ចន្ទ បាន​ចេញ​លិខិត​មួយ​ដែល​និយាយ​ថា​ការអះអាង​អំពី​ការ​ហែក​ចូល​កែ​ទិន្នន័យ​ដ៏​ធំ​ពុំមាន​ទេ និង​មិន​ទំនង​ផងដែរ នៅពេល​បណ្តាញ​សង្គម​ទ្វី​ត​ធឺ បាន​​ដាក់​សញ្ញា​ព្រមាន​ចំពោះ​ការ​បង្ហោះ​របស់​ត្រាំ ដោយ​រំលឹកថា «​ការអះអាង​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត ត្រូវ​ជំទាស់​»៕

​ក្រេបស៍ បាន​ដឹកនាំ​ទីភ្នាក់ងារ​សន្តិសុខ​ហេដ្ឋារចនាសម្ពន្ធ​និង​សន្តិសុខ​អ៊ីន​ធឺ​ណែត នៅ​ក្រសួង​សន្តិសុខ​មាតុភូមិ​(​មហាផ្ទៃ​)​អាម៉េរិក​តាំងពី​ពីរ​ឆ្នាំ​មុន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្តេច​តេ​ជោ ហ៊ុន សែន បង...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...

ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ព...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...