ដោយៈ ប.ខុន / ភ្នំពេញៈ កម្ពស់ទឹកសមុទ្រជោរ នៅខេត្ពព្រះសីហនុ នាថ្ងៃទី១៨ វិច្ឆិកានេះ ទាបជាង ថ្ងៃទី១៧ ខែវិច្ឆិកា ០,០២ ម៉ែត្រ នៅថ្ងៃស្អែក អាចទាបជាងនេះទៀត មុនពេលត្រឡប់ ទៅរកភាពប្រក្រតីវិញ បន្ទាប់ពីជោរឡើងខ្ពស់បំផុតដល់ ១,១៧ ម៉ែត្រ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ធ្វើឱ្យហៀរហូរ លើទំនប់ការពារទឹកប្រៃ ។ នេះបើតាមលោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានមន្ទីរធនធានទឹក ជាប់មាត់សមុទ្រនេះ បានបញ្ជាក់ថាទំនប់ការពារទឹកប្រៃ ដែលត្រូវបាន ទឹកសមុទ្រ ជោរហូរកាត់លើច្រើនកន្លែងនេះ បាននិងកំពុងធ្វើការទប់ស្កាត់ដោយចាក់ដីលើ កកម្ពស់ កន្លែងដែលមានទឹកហូរហៀរ លើនៅទំនប់ ប៉ូលឌែ២ ។ ការងារដែលត្រូវធ្វើនៅចំពោះ មុខនេះ មានប្រវែងជាង ២០០ ម៉ែត្រ។ ទំនប់ការពារទឹកប្រៃ នៅខេត្តព្រះសីហនុ មានប្រវែង សរុបប្រមាណ ៩០ គីឡូម៉ែត្រ ចែកចេញជា៦ប៉ូរឌែរ ។ ទំនប់នេះ មានតួនាទីសំខាន់ការពារ ទឹកប្រៃ មិនឱ្យជោរទៅ លិចតំបន់ដាំដុះដំណាំស្រូវ ក្នុងស្រុកព្រៃនប់។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកាថា ទំនប់ការពារទឹកប្រៃនេះ បានបង្កើតឡើង តាំងពីសម័យសង្គមរាស្ត្រនិយម ស្ថិតតាមមាត់សមុទ្រពីរាម ដល់ផ្លូវជាតិលេខ៣ ត្រង់ចំណុច ព្រែកកំពង់ស្មាញ់ ត្រូវបានស្តារឡើងវិញ ដោយបារាំង កាលក្នុងឆ្នាំ១៩៩៧ និងក្រោយមក ប្រគល់ឱ្យក្រសួងធនធានទឹក គ្រប់គ្រងបន្តដល់សព្វថ្ងៃ ធ្វើយ៉ាងណាកុំឱ្យទឹកប្រៃជោរចូល ទៅលិច ដល់តំបន់ធ្វើស្រែដ៏សំខាន់ តែមួយគត់របស់ខេត្តព្រះសីហនុ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និង នេសាទខេត្តព្រះសីហនុ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទឹកសមុទ្រជោរខ្ពស់ ដូចពេលនេះ បីបួនឆ្នាំ បានកើតមានម្តង ទឹកសមុទ្រហៀរហូរលើផ្លូវទំនប់នេះ និង លេចតាមទ្វារទឹកពិតជាបានធ្វើ ឱ្យប៉ះពាល់ ដល់ដំណាំស្រូវ ដែលមិនទាន់ចេញផ្លែ តែមិនមានបញ្ហាដល់ស្រូវដែលចេញ ហើយនោះទេ តែការប៉ះពាល់ចំនួនប៉ុន្មាន មិនទាន់ដឹងច្បាស់ទេ គឺទើបចុះធ្វើសម្រង់ស្ថិតិ។
ផ្ទៃដីស្រែ នៅក្នុងតំបន់ មានទំនប់ការពារទឹកប្រៃនេះ លោក នេន ចំរើន បានបញ្ជាក់ថា មានចំនួនប្រមាណជា ១ ម៉ឺនហិកតា ក្រៅពីនេះ ជាកន្លែងចិញ្ចឹមត្រី បង្គា ក្តាម ច្រើនជាងគេ នៅឆកវាលរេញនេះ ។ តំបន់នេះ មានផ្ទៃដីព្រៃកោងកាង ចំនួន ប្រមាណជា ៥.០០០ ហិកតា ដែលមានសារៈប្រយោជន៍ជួយដល់បរិស្ថាន ដូចជា ជម្រកត្រី កន្លែងបង្កើតពូជត្រី និងបន្សាប ទឹកប្រៃ មិនឱ្យប៉ះពាល់ខ្លាំង ទៅដល់តំបន់ដាំដុះ ។ តំបន់ព្រៃកោងកាងនេះ កន្លងទៅ ត្រូវបានយកចិត្តទុកដាក់ ការពារខ្លាំងណាស់ ពីលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រោះវាមិនមែនគ្រាន់តែជា តំបន់ដាំដុះដំណាំស្រូវ សម្រាប់ផ្គត់ផ្គង់ស្បៀង ដល់ខេត្តព្រះសីហនុ នោះទេ វាក៏ជាកន្លែងផ្តល់ត្រី ក្តាម ងាវ បង្គា… សម្រាប់ទៅផ្គត់ផ្គង់ដល់ទីផ្សារនៅទូទាំងប្រទេស ផងដែរ៕PC