ដោយ: សរិទ្ធ / ភ្នំពេញ: អាជ្ញាធរខណ្ឌទួលគោក បានឃាត់ខ្លួនបុរសម្នាក់ពីបទ «ប្រឆាំងនឹងអ្នក រាជការសារធារណៈ» នៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៤និង៣០នាទីរសៀល នៅចំណុចមុខផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អាជ្ញាធរ បានឲ្យដឹងថា បុរសនេះឈ្មោះ ជា លាង អាយុ៤២ឆ្នាំ មុខរបរ មើលការខុសត្រូវ ផ្ទះជួល ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អាជ្ញាធរ បានរៀបរាប់ដំណើររឿង មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យដូច្នេះថា នៅថ្ងៃទី១៧ ខែ វិច្ឆិកា វេលាម៉ោងប្រហែល ៤ រសៀល ឈ្មោះ ជា លាង បានបើករថយន្តម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក តូយ៉ូតា កាមរី ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 មកចតចំកណ្ដាលទ្រូងផ្លូវ លេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបានរំខាន និងរារាំងប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ មិនអាចធ្វើដំណើរបាន។ ក្រុមប្រតិបត្តិការ បានណែនាំឲ្យម្ចាស់រថយន្ត បើករថយន្តចេញពីទ្រូងផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរបាន។ ប៉ុន្តែឈ្មោះ ជា លាង បានបដិសេធមិនព្រមបើកឡានចេញទេ ពេលនោះក្រុមប្រតិបត្តិការ បានយកខ្នោះចាក់កង់ រថយន្ត ដើម្បីចាក់កង់រថយន្ត ត្រៀមលក្ខណៈស្ទូចរថយន្ត ចេញពីលើទ្រូងផ្លូវ តែត្រូវបានម្ចាស់ រថយន្តឈ្មោះ ជា លាង ដណ្ដើមយកខ្នោះពីសមត្ថកិច្ច ដោយរារាំងមិនឲ្យចាក់កង់រថយន្ត ហើយយកខ្នោះកំទេចចោល បោះចូលទៅក្នុងផ្ទះរបស់ខ្លួន ពេលនោះ សមត្ថកិច្ចក៏បានទៅហៅ ឈ្មោះ ជា លាង មកសួរនាំ ប៉ុន្តែត្រូវបានឈ្មោះ ជា លាង បានរុញច្រានសមត្ថកិច្ច ភ្លាមនោះ សមត្ថកិច្ច ក៏បានរឃាត់ខ្លួន ឈ្មោះ ជា លាង ក្នុងបទល្មើសជាក់ស្ដែង ។
នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និងបញ្ជូនសំណុំរឿង ទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕PC