ដោយ​: គ្រញូង / បាត់ដំបង​: នៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង បាន​ចាត់តាំង​លោក ព្រួញ រិ​ទ្ធ​ថា ជា​តំណាង​ដឹកនាំ​ក្រុមការងារ​នាំយក​សេរ៉ូម​ចំនួន​២០​កេស និង​ឱសថ​មួយចំនួន​ទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​នគរបាល​ខេត្ត​បាត់​ដំ​ង ដើម្បី​ដំណើរការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​កងកម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​ក្នុងឱកាស​ប្រគល់​សេរ៉ូម​និង​ឱសថ​ផង​នោះ នៅពេល​ខាងមុខ​លោក​ប្រធាន​នឹង​បន្ត​ជួយ​ផ្គត់ផ្គង់​បន្ថែមទៀត ដើម្បីឱ្យ​កិច្ចការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​របស់​មន្ទីរពេទ្យ​នេះ បាន​ដំណើរការ​ទៅដោយ​រលូន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​វេជ្ជបណ្ឌិត សឿ​ម សារិទ្ធ ស្នងការរង​ទទួលបន្ទុក​ដឹកនាំ​ការងារ​សុខាភិបាល នៃ​ស្នងការដ្ឋាន​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​របស់​សម្តេច​ក្រឡា​ហោម​និង​លោកជំទាវ តាមរយៈ​ក្រុម​ក្រឡា ហោម​មនុស្សធម៌​បាត់ដំបង ដែលមាន​លោក ខាន់ ម៉ា​ណេ​រ ជា​ប្រធាន​៕