ដោយ: សុផានីតា / កោះកុង: ទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏ផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹកជន់លិចរដូវវស្សាជាង៥៥០ម៉ែត្រ កំពុងលេចរូបរាងឡើងជាបន្តបន្ទាប់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្នុងគម្រោងអភិវឌ្ឍន៍មូលដ្ឋានឆ្នាំ២០២០នេះ។
យ៉ាងហោចណាស់ មានផ្លូវបេតុងទទឹង៤ម៉ែត្រ បណ្តោយជាង៤០០ម៉ែត្រ និងប្រព័ន្ធលូរំដោះទឹកភ្លៀងជន់លិចប្រវែង១៥០ម៉ែត្រ ទទឹង១ម៉ែត្រ នៅក្នុងភូមិ១ និងភូមិ៣ បានស្ថាបនាសង់រួច ក៏ដូចជាកំពុងផ្តើមសាងសង់តបតាមសេចក្តីការចង់បានរបស់ប្រជាពលរដ្ឋ។
លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ២០២០ថា ថវិកាគម្រោងអភិវឌ្ឍន៍ផ្លូវបេតុង ប្រឡាយលូជូនពលរដ្ឋនៅពេលនេះ គឺស្ថិតនៅក្រោមការចំណាយរបស់សង្កាត់ និងក្រុងផ្ទាល់ក្នុងគោលបំនងដើម្បីសម្រួលការធ្វើចរាចរណ៍ ព្រមទាំងកាត់បន្ថយការជន់លិចទឹកភ្លៀងម្តងៗនារដូវវស្សា។ ជាពិសេសចូលរួមប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខ។
បើតាមលោកអភិបាលក្រុងខេមរភូមិន្ទ មិនចំពោះតែសង្កាត់ស្មាច់មានជ័យមួយប៉ុណ្ណោះ មូលដ្ឋានសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក៏មានការស្ថាបនាជាផ្លូវបេតុង ប្រឡាយលូជាច្រើនកន្លែងទៀតទៅការស្នើសុំកន្លងទៅមក។ ដោយឡែកនៅឆ្នាំ២០២១ខាងមុខ ក្រុងទទួលបានគម្រោងអភិវឌ្ឍន៍នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ផ្លូវបេតុង ប្រឡាយលូ សួនច្បារ បណ្តាញទឹកស្អាត និងភ្លើងអគ្គិសនី ឆ្លើយតបតម្រូវការពលរដ្ឋ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញឱ្យអនុវត្ត។
បច្ចុប្បន្នផ្លូវបេតុង២ខ្សែនៅក្នុងភូមិ៣ កំពុងសាងសង់ ដោយនឹងគ្រោងបញ្ចប់ការស្ថាបនារបស់ខ្លួនរយៈពេល៥ទៅ១០ថ្ងៃខាងមុខ យោងតាមបទពិសោធន៍ក្រុមម៉ៅការទទួលខុសត្រូវធ្វើ។
លោក ដារ៉ា និងអ្នកស្រី ជាពលរដ្ឋរស់នៅក្នុងភូមិ៣សង្កាត់ស្មាច់មានជ័យ សម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះមូលដ្ឋានរបស់ពួកគាត់មានផ្លូវបេតុងស្អាតល្អ ងាយស្រួលធ្វើដំណើរទៅមក មិនលំបាកដូចដីគ្រួសក្រហមឡើយ។
កាលរដូវភ្លៀងធ្លាក់ថ្មីៗនេះ តាមដងផ្លូវរងការជំនន់គ្រាភ្លៀងធ្លាក់ច្រើនម៉ោង ប៉ុន្តែមិនបង្ការគ្រោះថ្នាក់អ្វីទេគ្រាន់តែជន់លិចផ្លូវ និងផ្ទះសម្បែងតិចតួចប៉ុណ្ណោះ។
ពលរដ្ឋដដែល រំពឹងថា នៅពេលមានប្រឡាយរំដោះទឹកថ្មី នឹងជួយសម្រួលដល់ការជន់លិចបានមួយកម្រិតធំ ធៀបនឹងការពេលមិនទាន់មាន៕