ប្រែសម្រួលៈវាសនា/តូក្យូ៖ អាជ្ញាធរក្រុងតូក្យូបានប្រកាសការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៥០០ករណីទៀតកាលពីថ្ងៃពុធទី១៨វិច្ឆិកា ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងរដ្ឋធានីជប៉ុននេះ ចាប់តាំងពីជំងឺឆ្លងសកលនេះបានចាប់ផ្តើមវាប្រហារជប៉ុនមក។
រដ្ឋាភិបាលក្រុងតូក្យូបាននិយាយថា មានការឆ្លងថ្មី៤៩៣ករណី ដោយកើនលើសចំនួនឆ្លងខ្ពស់បំផុតពីមុន៤៧២ករណីកាលពីថ្ងៃ១សីហា ក្នុងអំឡុងជប៉ុនជួបការឆ្លងខ្ពស់បំផុតនៅរលកទី១។
ការឆ្លងខ្ពស់បំផុតនេះកើតឡើងចំពេលប្រធានគណៈកម្មាធិការអូឡាំពិចអន្តរជាតិ ទើបមកធ្វើទស្សនកិច្ចនៅជប៉ុនដើម្បីពិភាក្សាជាមួយមន្ត្រីអូឡាំពិចជប៉ុនអំពីរបៀបដែលជប៉ុននឹងរៀបចំការប្រកួតកីឡាអូឡាំពិចយ៉ាងណាដើម្បីកុំអោយឆ្លងកូវីដ១៩។
ដោយសារផ្ទុះជំងឺកូវីដ១៩នេះ ជប៉ុនបានពន្យារពេលការរៀបចំប្រកួតអូឡាំពិចរហូតដល់ខែកក្កដាឆ្នាំក្រោយ។
ជប៉ុនក៏ជួបកំណើនការឆ្លងកូវីដ១៩នៅទូទាំងប្រទេសដែរនៅប៉ុន្មានសប្តាហ៍មកនេះ ហើយអ្នកជំនាញការបានទទូចអោយពួកមន្ត្រីបង្កើនវិធានការបង្ការ។
ជប៉ុនមានអ្នកឆ្លងវីរុសកូរ៉ូណាសរុប១២០.៨១៥នាក់ និង១.៩១៣ស្លាប់ដោយកូវីដ១៩
នៅកូរ៉េខាងត្បូងក្បែរខាងឯណេះវិញ អាជ្ញាធរបានរាយការណ៍កំណើនការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតផងដែរ ធៀបនឹងការឆ្លងនៅ៣ខែមកនេះនៅពេលប្រទេសនេះត្រៀមអនុវត្តវិធានការគម្លាតសង្គមនៅមហាតំបន់សេអ៊ូល។
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ បានរាយការណ៍ករណីឆ្លងថ្មីចំនួន៣១៣កាលពីថ្ងៃពុធ ដោយនាំអោយការឆ្លងសរុបក្នុងប្រទេសនេះឡើងដល់២៩.៣១១នាក់ និង៤៩៦នាក់ស្លាប់។
វាជាលើកដំបូងដែលការឆ្លងប្រចាំថ្ងៃនៅកូរ៉េខាងត្បូងឡើងហួស៣០០នាក់ ចាប់តាំងពីចុងខែសីហាមក។
កូរ៉េខាងត្បូងកំពុងព្យាយាមទប់កំណើនការឆ្លងចាប់តាំងពីខ្លួនបានបន្ធូរបន្ថយច្បាប់គម្លាតសង្គមដ៏តឹងរឹងកាលពីខែមុន។កំណើននៃការឆ្លងថ្មីមានពាក់ព័ន្ធនឹងមន្ទីរពេទ្យ ផ្ទះមើលថែរមនុស្សចាស់ព្រះវិហារ សាលារៀន ការិយាល័យនិងការជួបជុំបែបលក្ខណៈគ្រួសារ៕