Home ព័ត៌មានជាតិ នយោបាយ ទីប្រឹក្សា​ស្...

ទីប្រឹក្សា​ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​ជួប​លោក​ញឹក ប៊ុនឆៃ ចង់ដឹង​ពី​ការរួបរួម​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច​និង​ការ​ចងសម្ព័ន្ធភាព​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក Wu Chuanbing ទីប្រឹក្សា​ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​គេហដ្ឋាន​លោក​ញឹក ប៊ុនឆៃ នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​លោក​ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា​ថា ដោយ​ទទួលបាន​ដំណឹង​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រួបរួមគ្នា​ឡើងវិញ គណៈប្រតិភូ​ចិន​ចង់​ឲ្យ​បញ្ជាក់​ច្បាស់​អំពី​ការរួបរួម​គ្នា​នេះ និង​ពាក់ព័ន្ធ​ការធ្វើ​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​តែមួយ ដែល​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​លោក​បាន​បញ្ជាក់ថា នៅ​ចុងខែ​វិច្ឆិកា​នេះ ឬ​ដើមខែ​ធ្នូ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ចាប់ផ្តើម​ដំណើរការ​អំពី​ការបង្រួបបង្រួម​គ្នា​រវាង​គណបក្ស​ទាំងពីរ​សម្រាប់​ការចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០២៣ ខាងមុខនេះ ដើម្បី​ទទួល​សម្លេង និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។

​នៅក្នុង​ជំនួប​ពិភាក្សា ទីប្រឹក្សា​ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ប្រជាជន​កម្ពុជា សម្រេចបាន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រមុខ​។

​ជាការ​ឆ្លើយតប លោក​ញឹក ប៊ុនឆៃ បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​កុម្មុយនីស្ត ចិន និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​បាន​ផ្តាំ​សួរសុខទុក្ខ​ថ្នាក់ដឹកនាំ​ចិន និង ឯកអគ្គរដ្ឋទូត​ចិន និង​សហការី​ទាំងអស់​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​។
​លោក ញឹក ប៊ុនឆៃ ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​បក្ស និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ជួយ​គាំទ្រ និង​ផ្តល់ជំនួយ​យ៉ាងច្រើន​មកជួយ​ដល់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​លោក ញឹក ប៊ុនឆៃ ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​ចិន​ផងដែរ អំពី​ជំហរ​ក្នុងការ​គាំទ្រ​នយោបាយ​ចិន​តែមួយ និង​ការដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី​និង​ដោយ​សន្តិ​ភា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បរិក្ខារ​ដើរ​ដោយ​ថាមពល​ពន...

ដោយ​: សុផល / ភ្នំពេញ​: យោ...

កំពុង​បណ្តែតអារម្មណ៍​តាម​...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

យុគសម័យ​ទំនើប​គ្មានទេ​មន្...

ដោយ​: គង់​ហេង​/ កំពង់ចាម​...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...