ដោយ: បាយ័ន / សៀមរាប: ទោះជាពលរដ្ឋខ្លះទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ប៉ុន្តែកសិករខ្លះនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តសៀមរាប នៅតែទទួលបានភោគផលស្រូវល្អប្រសើរផងដែរ។
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ដោយសារអំណោយផលពីធម្មជាតិ ដែលមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ពីដើមរដូវធ្វើឲ្យស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផលដំណាំស្រូវវស្សា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ ដោយឆ្នាំនេះបង្កបង្កើផលបានចំនួនសរុប ១៨៩.៣០០ហិកតា ស្មើនឹង១០១,៤៧% លើផែនការ១៨៦.៥៦០ហិកតា ក្នុងនោះស្រូវស្រាល ចំនួន៤០.២៤០ហិកតា ស្រូវកណ្តាល ចំនួន ១០៥.៤៦០ហិកតា (សន្ទូង៩៨០ហិកតា) ស្រូវធ្ងន់ ចំនួន៣៥.៥៦០ហិកតា (ស្ទូង១៦៥ហិកតា) ស្រូវ ចំការ ១.៦៩០ហិកតា និងស្រូវឡើងទឹក ៦.៣៥០ហិកតា ។
ប្រភពដដែលបានបន្តថា ចំពោះការងារប្រមូលផលស្រូវវស្សាដល់ពាក់កណ្តាលខែវិច្ឆិកានេះ មានចំនួនសរុប ៦២.៩៧០ហិកតា ក្នុងនោះស្រូវស្រាល ៤០.២៤០ហិកតា ស្មើ១០០% ទទួលបានទិន្នផលជាមធ្យម ២,៧៨តោនក្នុង១ហិកតា , ស្រូវកណ្តាល ចំនួន ២១.៦១០ហិកតា ស្មើ ២០,៤៩% ទទួលបានទិន្នផលជាមធ្យម ២,៤៣តោនក្នុង១ហិកតា និង ស្រូវចំការ ចំនួន១.១២០ ហិកតា ស្មើនឹង៦៦,២៧% ទិន្នផលជាមធ្យម២,៤៣តោនក្នុង១ហិកតា ។
ប្រភពដដែលបានបន្តថា ស្រូវសែនក្រអូប(សើម) តម្លៃ១.១០០ទៅ១.១៥០រៀលក្នុង១គីឡូក្រាម ,ស្រូវចំរុះ(សើម) តម្លៃ៨៥០ទៅ៩៥០រៀលក្នុង១គីឡូក្រាម , ដំឡូងមីសើម ២៥០រៀលក្នុង១គីឡូក្រាម , ដំឡូងមីស្ងួត៦៤០រៀលក្នុង១គីឡូក្រាម៕