ប្រែសម្រួលៈវាសនា/បាងកក៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់កាលពីថ្ងៃពុធបាននាំគ្នាដើរទៅកាន់ស្នងការប៉ូលិសក្រុងបាងកកក្នុងការតវ៉ាប្រឆាំងហិង្សាដល់ថ្ងៃទី២របស់គេ បន្ទាប់ពីមនុស្ស៦នាក់ត្រូវបាញ់អោយរបួសក្នុងអំឡុងពេលមានការប៉ះទង្គិចហិង្សាកាលពីម្សិលមិញ។
ព្រះរាជាណាចក្រថៃ បានជួបការតវ៉ាប្រឆាំងនយោបាយអស់ពេលជាច្រើនខែមកហើយ ដោយពួកបាតុករទាមទារអោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង សរសេររដ្ឋធម្មនុញ្ញឡើងវិញ និងកែទំរង់របបរាជានិយម។
ពួកអ្នកប្រឆាំងតវ៉ា ដែលមានគ្នាប្រមាណ១០.០០០នាក់ បានជួបជុំគ្នានៅផ្លូវបំបែកមួយនៅកណ្តាលក្រុងក្រោយពីមេដឹកនាំរបស់គេបានប្តេជ្ញាបង្កើនចលនានេះ។
ក្រោយពីសរសេរពាក្យស្លោកនៅលើជញ្ជាំងនិងលើដី ពួកគេបានដើរទៅកាន់ស្នាក់ការប៉ូលិសនាំមុខដោយត្លុកម្នាក់និងទាជ័រធំមួយ។ពួកបាតុករខ្លះបានចោលដបនិងគ្រាប់បែកថ្នាំពណ៌ទៅលើរបងស្នាក់ការប៉ូលិស ដែលត្រូវបានការពារដោយរថយន្តដឹកដី ផ្ទាំងថ្មធំៗនិងលួសបន្លា។ខ្លះទៀតបានប្រើកាំភ្លើងជ័រដើម្បីបាញ់ទឹកថ្នាំពណ៌ចូលក្នុងបរិវេណស្នាក់ការប៉ូលិស។
ការប្រឆាំងតវ៉ាកាលពីថ្ងៃពុធកើតឡើងមួយថ្ងៃក្រោយមានការប្រឈមមុខខ្លាំងបំផុតចាប់តាំងពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើមនៅខែកក្កដា នៅពេលប៉ូលិសប្រើឧស្ម័នហៀរទឹកភ្នែកនិងទឹកលាយសារធាតុគីមីបាញ់លើអ្នកប្រឆាំងតវ៉ានៅក្រៅសភា។ពួកបាតុករប្រឆាំងរដ្ឋាភិបាលក៏ប៉ះទង្គិចជាមួយពួករាជានិយមផងដែរ។ជាលទ្ធផល មនុស្សជាង៥០នាក់បានរងរបួស ដោយ៦នាក់ត្រូវគ្រាប់កាំភ្លើង ៕
ពួកអ្នកប្រឆាំងតវ៉ាជួបជុំគ្នានភផ្លូវបំបែក រ៉ាតចាប្រាសង មុនធ្វើដំណើរទៅកាន់ស្នាក់ការប៉ូលិសនិងជះទឹកថ្នាំលើរបងស្នាក់ការ