ដោយៈច្រាយ ចំណាន/ភ្នំពេញៈ ក្រុមហ៊ុនអ អិម អេ (ខេមបូឌា) ម.ក ដែលក្រុមហ៊ុននាំចូលរថយន្តទំនើបៗចូលទីផ្សារកម្ពុជាមួយ ទទួលបានចំណូលចំនួន២៨៥ ប៊ីលានរៀល នៅត្រីមាសទី៣ ឆ្នាំ២០២០ ថយចុះមកត្រឹម ០,៤% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០១៩។
ចំណូលក្នុង៩ខែដំបូងក្នុង ឆ្នាំ២០២០ មានចំនួន២៣២,៧៥លានដុល្លារ ខ្ពស់ជាងរយៈពេលដូចក្នុង ឆ្នាំ២០១៩បន្តិច ដែលមានចំនួន៩២៨,៦ពាន់លានរៀល។ ការកើនឡើងនេះ បណ្តាលមកពីការទទួលបានចំណូលដ៏ខ្លាំង ក្នុងត្រីមាសទី១ ឆ្នាំ២០២០។ នេះបើយោងតាមការបាយការណ៍របស់ក្រុមហ៊ុន ដែលដាក់ជូនផ្សារមូលបត្រកម្ពុជានៅថ្ងៃនេះ។
ទន្ទឹមនឹងនេះ ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ មានចំនួន១៧,១ប៊ីលានរៀល ថយចុះចំនួន២៣,៣% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០១៩។ ប្រាក់ចំណេញនៅ៩ខែដំបូងក្នុងឆ្នាំ២០២០ មានចំនួន៧៥,៦ប៊ីលានរៀល ដែលមានចំនួន៨,៩% ទាបជាងប្រាក់ចំណេញ នៅក្នុងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩។ទ្រព្យសកម្មសរុបគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន៣៧៤,២ពាន់ លានរៀល ។
ម្យ៉ាងវិញទៀត បំណុលសរុបគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ១៩៦,២ពាន់លានរៀល៤៧,៧% ទាបជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានចំនួន៣៧៥,៤ ប៊ីលានរៀល៕