Home ព័ត៌មានជាតិ សេដ្ឋកិច្ច តម្លៃ​អចលនវត្...

តម្លៃ​អចលនវត្ថុ​នៅ​ខេត្ត​មណ្ឌល​គី​រី​កំពុង​ឡើង​ទ្វេ​ដង​

ដោយៈ​ច្រាយ ចំំ​ណាន/​មណ្ឌល​គី​រីៈ ទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព ដែល​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​ការ​រាតត្បាត នៃ​ជំងឺ​សាកល​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​សម្រាប់​ទីផ្សារ​អចលនវត្ថុ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ជាពិសេស​នៅ​តំបន់​ទីប្រជុំជន​នៃ​ក្រុង​សែន​មនោ​រម្យ តម្លៃ​មានការ​កើនឡើង​ទ្វេដង បើ​ធៀប​ទៅនឹង​កាលពី​២​ឆ្នាំមុន​។ នេះ​បើតាម​ការអះអាង​របស់​ភ្នាក់ងារ​ទិញ​-​លក់​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​។

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោកស្រី ចេ​វ សុ​ឃុន បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រក​ថ្ងៃទី​១៨ វិច្ឆិកា​នេះ​ថា ខេត្ត​មណ្ឌល​គី​រី​នាពេល​បច្ចុប្បន្ន គឺមាន​ភាពខុសប្លែក​ឆ្ងាយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ជាពិសេស​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២០ ឃើញ​មាន​សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី ក៏ដូចជា​កំណើន​នៃ​គម្រោង​អភិវឌ្ឍន៍​នានា​ដូចជា​តំបន់​ទេសចរណ៍​កែច្នៃ​លំហែរ​កាយ​ជា រី​សត ជា​ផ្ទះសំណាក់​តូចៗ​បែប​ធម្មជាតិ ក៏ដូចជា​តំបន់​ស្នាក់នៅ​បែប​លំហែរ​កាយ​ផងដែរ ប៉ុន្តែ​ហាក់​មិនទាន់​ផុសផុល​ខ្លាំង​នោះទេ​។

​លោកស្រី​បាន​បន្តថា “​ភាគច្រើន​ច្រើន​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត​នេះ ជា​គម្រោង​ប​ង្កើ​រ​តំបន់​ទេសចរណ៍ និង​កម្សាន្ត​លក្ខណៈ​ធម្មជាតិ ប៉ុន្តែ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ ឬ​សាងសង់​សំណង់​ខ្ពស់ៗ​គឺ​នៅ​មិនទាន់​ឃើញ​មាន​នោះទេ​”​។ លោកស្រី​បន្ថែមថា “​តម្លៃ​អចលនវត្ថុ​នៅក្នុង​ខេត្ត​ក៏​នៅ​ទាប បើ​ធៀប​ទៅនឹង​តម្លៃ​អចលនវត្ថុ នៅក្នុង​បណ្តា​ខេត្ត​ផ្សេងទៀត ដែល​វា​នៅតែ​ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ ក៏ដូចជា​អ្នកទិញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​”​។

​លោកស្រី​បញ្ជាក់ថា “​សម្រាប់តែ​ដី​ដែល​ចេញ​ក្រៅ​ក្រុង និង​មាន​ទំហំ​ធំៗ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ជា​តំបន់​លំនៅដ្ឋាន​លំហែរ​កាយ ឬ​ជា​រី​ស៊​ត អាចមាន​តម្លៃ​ក្នុង​ចន្លោះ​១៥.០០០​ដុល្លារ ទៅ​២០.០០០​ដុល្លារ​ក្នុង​១​ហិកតា ហើយ​តម្លៃ​នេះ​អាច​នឹង​បន្ត​កើនឡើង​នៅ​ឆ្នាំ​បន្ទាប់​ខាងមុខនេះ ជាពិសេស​ក្រោម​ចប់​វិបត្តិ​កូ​វីដ​ជា​ស្ថាពរ​”​។​

លោក សេង វ​ណ្នី នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ SEN SOK Realty ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុង​សែន​មនោ​រម្យ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​ថា ក្នុង រយៈពេល​១​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​មណ្ឌល​គី​រី​មាន​ភាពខុសប្លែក​ច្រើន ដែល​ក្នុងនោះ​មាន​ភាព​រីកចម្រើន​ទាំង​ផ្នែក​ផ្សារ​ទំនើប ធនាគារ សណ្ឋាគារ អាហា​រដ្ឋា​ន និង​តំបន់​រី​ហ្សត​បែប​ធម្មជាតិ និង​ទំនើប​ផងដែរ​។

​លោក​បាន​បន្តទៀតថា ដោយសារតែ​វិសាលភាព​ដីធ្លី​នៅ​ជុំវិញ​ក្រុង នៅមាន​ភាព​ទូលាយ​ច្រើន ភាគច្រើន​គេ​ទិញ​ជា​ហិកតា​ធំៗ ប៉ុន្តែ​សម្រាប់​ដីធ្លី​នៅក្នុង​ក្រុង​សែន​មនោ​រម្យ មិនសូវមាន​ទំនេរ​នោះទេ ប៉ុន្តែ​សម្រាប់​អ្នក​អភិវឌ្ឍន៍​ដែល​ត្រូវការ​ដី​ទំហំ​ធំ គេ​អាច​ទិញ​ច្រើន​ម្ចាស់​បូក​បញ្ចូល​គ្នា​បាន ហើយ​តម្លៃ​ទៀតសោធ​ស្ថិតក្នុង​ចន្លោះ​ចាប់ពី​១៥.០០០ ដុល្លារ ទៅ​២០.០០០​ដុល្លារ (​គិត​ជា​ម៉ែត្រ​ដើរ មាន​បណ្តោយ​ចាប់ពី​៤០-៥០​ម៉ែត្រ​) ហើយ​បើ​គិត​ជា​ម៉ែត្រការ៉េ អាច​ស្ថិតក្នុង​ចន្លោះ ៣៥០-៤៥០ ដុល្លារ ឬ​លើសពីនេះ​តិចតួច អាស្រ័យ​ទៅតាម​ទីតាំង និង​តម្រូវការ​ជាក់ស្ដែង​។

លោក​បាន​ប្រាប់​ឱ្យដឹងទៀតថា ថ្វី​ត្បិត​តម្លៃ​អចលនវត្ថុ​នៅលើ​ទីផ្សារ ហាក់​នៅ​ទាប​ជាង​បណ្តា​ខេត្ត​មួយចំនួន ប៉ុន្តែ​បើ​ធៀប​ទៅនឹង​រយៈពេល​ប្រមាណ​២​ឆ្នាំ​មុននេះ ទាំង​តម្លៃ ទាំង​សកម្មភាព​អភិវឌ្ឍន៍ និង​រីកចម្រើន​របស់​ខេត្ត​មណ្ឌល​គី​រី គឺមាន​កម្រិត​ទ្វេដង ហើយ​នៅ​ឆ្នាំ​ក្រោយនេះ​ទាំង​តម្លៃ និង​គម្រោង​អភិវឌ្ឍន៍​អាច​នឹង​បន្ត​ឡើង​ទៀត​ជាមិនខាន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...