អ្នកជំនាញ និង​អាជ្ញាធរ​ខេត្តកោះកុង មិនទាន់​ដឹង​ពី​ប្រវត្តិ​សព​នាវា​លិច​នៅ​កោះ​ឆ្លាម​

2325
ចែករម្លែក
  • 82
    Shares

ដោយ​: សុ​ផានី​តា / កោះកុង​: គណៈកម្មាធិការ​ជាតិ សន្តិសុខ​លំហ​សមុទ្រ និង​អភិបាល​ស្តីពី​ខេត្តកោះកុង មិនទាន់​អាច​បញ្ជាក់​លម្អិត​បានទេ​អំពី​ប្រវត្តិ​សព​នាវា ដែល​លិច​នៅ​កោះ​ឆ្លាម ស្រុក​គិរីសាគរ ដោយ​កំពុង​បន្ត​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ថែមទៀត ក្រោយពី​ក្រុម​អ្នក​មុជទឹក​ស្ម័គ្រចិត្ត​កម្ពុជា ប្រទះឃើញ​កាលពី​ថ្ងៃទី​៤ មេសា នៅ​ចំណុច​ដែនសមុទ្រ​ខេត្តកោះកុង​។​

​គិត​ចាប់ពី​ថ្ងៃទី​៤ មេសា រហូតមកដល់​ថ្ងៃទី​១៩ មេសា​នេះ មាន​រយៈពេល​១៦​ថ្ងៃ​ហើយ គឺ​នៅ​មិនទាន់មាន​អាជ្ញាធរ​ខេត្តកោះកុង ឬ​អ្នកជំនាញ​ណាមួយ អាច​បកស្រាយ​ឱ្យ​ច្បាស់លាស់​ពី​ប្រវត្តិ​នាវា ដែល​លិច​នៅក្នុង​បាតសមុទ្រ​ក្នុង​ដែនសមុទ្រ​ខេត្តកោះកុង​ថា ជា​នាវាចម្បាំង ឬ​នាវា​ទំនិញ​នៅឡើយ​ទេ​។​

​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​កម្ពុជា បានឱ្យដឹង​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៩ មេសា គ្រា​ឯកឧត្តម​កំពុង​បំពេញ​បេសកម្ម​នៅក្រៅ​ប្រទេស​ថា លោក​បាន​សុំ​គោលការណ៍​ក្រសួងការពារជាតិ និង​ទៅ​រដ្ឋាភិបាល ដើម្បី​បើក​ការសិក្សា​ស្រាវជ្រាវ​អង្កេត​លម្អិត បន្ថែមទៀត​អំពី​ប្រវត្តិ​នាវា​មួយ​នេះ​។​

​បើតាម​ប៉ាន់ស្មាន​ជាបឋម​របស់​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា នាវា​ដែល​លិច​នៅ​កោះ​ឆ្លាម ក្នុង​ដែនសមុទ្រ​ខេត្តកោះកុង ទំនងជា​បុក​ថ្ម​អំឡុង​ធ្វើ​ចរាចរណ៍​លើផ្លូវ​ទឹក​។ សព​នាវា​ហ៊ុម​ព័ន្ធ​ទៅដោយ​ស្លែ ផ្កា​ថ្មដុះ​ជុំជិត ពោល​សឹងតែ​ជា​ជម្រក​ម​ឆ្ឆា​ជាតិ​ទៅហើយ បើ​និយាយ​ពី​រយៈកាល​លិច​វិញ គឺអាច​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ​។​

​ដោយឡែក​លោក ផៃ​ធូ​ន ផ្លា​ម​កេស​ន អភិបាល​ស្តីទី​ខេត្តកោះកុង ក៏​ថ្លែង​ឱ្យដឹង​ដែរ​ថា មកទល់​ម៉ោង​នេះ លោក​និង​មន្ទីរជំនាញ​ពុំទាន់​បាន​នូវ​ទទួល​ព័ត៌មាន​ច្បាស់លាស់​នៅឡើយ​ទេ ចំពោះ​ប្រវត្តិ​សព​នាវា​ដែល​ក្រុម​អ្នក​មុជទឹក​រកឃើញ​នៅ​បាតសមុទ្រ ដោយ​គ្រាន់តែ​ដឹង​ព័ត៌មាន​ខ្លះ​ពី​ប្រព័ន្ធ​សារព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​លោក​នឹង​ហៅ​មន្ត្រី​ជំនាញ​ខេត្ត មក​ប្រជុំពិភាក្សា​អំពី​រឿងរ៉ាវ​មួយ​នេះ​។​

​កន្លងទៅ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកោះកុង ធ្លាប់​លើកឡើងថា អំឡុង​២០០៦ អាជ្ញាធរខេត្ត បាន​ជួល​ក្រុម​អ្នកនេសាទ​វៀតណាម​ចុះ​ងូត​មើល​ខ្មោច​សំពៅ​ជំនួញ​របស់​ចិន​មួយ ដែល​ផ្ទុក​ដោយ​ក្អមឆ្នាំង​បុរាណ ព្រម​វត្ថុ​បូរាណ​ជាច្រើន​ទៀត ដែល​លិច​នៅ​ដែនសមុទ្រ​កោះ​ស្តេច ក្នុង​រដ្ឋ​កាល​៣០០​ទៅ​៤០០​ឆ្នាំមុន​។​

​យោងតាម​ឯកសារ​បញ្ជី​ឈ្មោះ និង​ចំនួន​កោះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង ដែល​ចុះហត្ថលេខា​ទទួលស្គាល់រ​ប​ស់លោក ប៊ុន លី​ត អតីត​អភិបាល​ខេត្តកោះកុង កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ បង្ហាញថា កោះ​ឆ្លាម​ស្ថិតនៅ​លេខ​រៀង​ទី​២០ ក្នុងចំណោម​កោះ​ចំនួន​៤៣​ដែលមាន​មូលដ្ឋាន​ដែនសមុទ្រ​ខេត្តកោះកុង​។​

​កោះ​ឆ្លាម​នេះ ស្ថិតនៅក្នុង​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ សម្បូរ​ទៅដោយ​ដុំថ្ម​ជា​កោះ​យុទ្ធ​សមុទ្រ​ក្នុង​លំហ​សមុទ្រ​មាន​ទទឹង​៧៥​ម៉ែត្រ បណ្តោយ​១២០​ម៉ែត្រ កម្ពស់​១៣​ម៉ែត្រ និង​រយៈ​ចម្ងាយ​២២​ម៉ា​យ​ល៍ពី​កោះ​ស្តេច​៕

ទីតាំងផ្សាយពាណិជ្ជកម្ម