ដោយៈគ្រញូង/បាត់ដំបងៈពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅទូទាំងខេត្តបាត់ដំបងដែលជន្លៀសទៅរស់នៅលើទួលសុវត្ថិភាព បានវិលទៅផ្ទះសម្បែងវិញអស់ហើយ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបានប្រាប់ រស្មីកម្ពុជានារសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ថាប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងទូទាំងក្រុង ស្រុកទាំង១២របស់ខេត្តបាត់ដំបង ដែលបានជន្លៀសទៅទីទួលសុវត្ថិភាព ពេលនេះនាំគ្នាវិលទៅលំនៅដ្ឋានអស់
ហើយ ដើម្បីបង្កបង្កើនផលសារជាថ្មី។
អ្នកនាំពាក្យខេត្តបានបញ្ជាក់ថារយៈពេលជាង២សប្តាហ៍នៃជំនន់ទឹកជំនន់ចំនួន២លើកនៅខេត្តបាត់ដំបងបានជន្លៀសពលរដ្ឋរងគ្រោះទៅកាន់ទីទួលសុវត្ថិភាពបានចំនួន៥.១៨១គ្រួសារនិងបានជន្លៀសសត្វពាហណ:មានគោ ក្របី ជ្រូកនិងបក្សីចំនួន១៣.៤២១ក្បាល ក្នុងនោះ មានងាប់ពពែ១៣ក្បាល និងបក្សី១.៤៧៦ក្បាល។
អ្នកនាំពាក្យបានបន្តថាដោយឡែកផលប៉ះពាល់ដំណាំស្រូវ ៦៧៥ គ្រួសារ សរុប១២៦.៩៩៨ហិកតាក្នុងស្រុកចំនួន១០បណ្តាលឱ្យខូចខាតដំណាំស្រូវ៤១.៧១៦ហិកតា និងផលប៉ះពាល់ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម៥.៣០១ហិកតា សរុប៥៧.៤៦៨ហិកតាក្នុងស្រុកចំនួន១១ និងខូចខាតដោយទឹកជំនន់សរុប ៤៣.១២៣ហិកតា៕