ដោយ៖ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
បងប្រុសរបស់ខ្ញុំឈ្មោះ ស៊ុំ ផុន កើតនៅឆ្នាំ១៩៥៣ ក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។ បងផុន មានសប្បុរស្រអែម ហើយគាត់តែងតែសិតសក់វែកភ្លីមកខាងស្តាំជានិច្ច។ គាត់និយាយស្តីញាប់ៗ និងជួនពេលខ្លះគាត់និយាយជាប់គ្នាត្រដិតៗ។កាលពីនៅកុមារ បងផុន បានកាប់គ្រាប់ត្នោត ហើយបានកាប់ត្រូវចុងម្រាមដៃចង្អុរខាងស្តាំបណ្តាលឲ្យពិការតាំងពីពេលនោះមក។ បងផុន ឈប់រៀនត្រឹមថ្នាក់ទី៤នៅក្នុងសម័យសង្គមរាស្ត្រនិយម។
រូបខាងរាប់ពីឆ្វេង៖ ស៊ុំ ភាគ និង ស៊ុំ ឡន នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
(ស៊ុំ ភាគ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅក្នុងឆ្នាំ១៩៦៨ ក្រុមគ្រួសាររបស់ខ្ញុំ ដែលមានឪពុកឈ្មោះ ស៊ុំ ផៃ, ម្តាយឈ្មោះ សុខ លួន,បងប្រុសឈ្មោះ ស៊ុំ ផុន,ប្អូនប្រុសឈ្មោះ ស៊ុំ ភាគ និងខ្ញុំឈ្មោះ ស៊ុំ ឡន បានសម្រេចចិត្តចាកចេញពីស្រុកកំណើតនៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទៅរស់នៅឯស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ខេត្តព្រះវិហារ ស្ថិតនៅភូមិភាគឧត្តរ ដែលជាតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ និងទីតាំងភូមិសាស្ត្រមានភាពទូលំទូលាយ ហើយសំបូរទៅដោយព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិ និងសំណង់ប្រវត្តិសាស្ត្របុរាណ។ ស្ថានភាពដីនៅក្នុងខេត្តព្រះវិហារ មានលក្ខណៈអំណោយផលយ៉ាងខ្លាំងដល់ការដាំដុះ,ការធ្វើស្រែចម្ការ ថែមទាំងមានសេសសល់ដីធំទូលាយជាច្រើនកន្លែងទៀតផង។ នៅពេលនោះ ប្រជាជន មិនសូវទៅរស់នៅច្រើនកុះករនោះទេ។ ក្រុមគ្រួសាររបស់ខ្ញុំ បានសម្រេចចិត្តចាកចេញពីស្រុកកំណើតផ្លាស់ទៅរស់នៅឯខេត្តព្រះវិហារ ដោយសង្ឃឹមថា យើងនឹងអាចស្វែងរកដីធំទូលាយសម្រាប់ធ្វើស្រែចម្ការ សម្រាប់ជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសាររបស់យើងបន្ថែមទៀត។
រហូតមកដល់ឆ្នាំ១៩៧៣ បងផុន បានរៀបការជាមួយនឹងនារីម្នាក់ឈ្មោះ ហុង ឡាយ ដែលជាអ្នករស់នៅក្នុងខេត្តព្រះវិហារ។ បងផុន រៀបការមិនទាន់បានមួយឆ្នាំផង ប្រពន្ធរបស់គាត់បានស្លាប់ចោល ដោយសារជំងឺគ្រុនចាញ់។ បន្ទាប់ពីប្រពន្ធស្លាប់ បងផុន បានសម្រេចចិត្តចូលបម្រើបដិវត្តន៍។ បងផុន ធ្វើជាយោធាខ្មែរក្រហម ហើយបានចាកចេញពីផ្ទះតាំងពីពេលនោះ និងមិនដែលត្រឡប់មកជួបក្រុមគ្រួសារវិញឡើយ។ នៅអំឡុងពេលនោះ ខេត្តព្រះវិហារ គឺជាតំបន់ស្វ័យ័ត ដែលត្រូវបានខ្មែរក្រហមគ្រប់គ្រង។ ខ្ញុំនិងក្រុមគ្រួសារបានរស់នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ មកដល់ដំបូង ខ្មែរក្រហមបានរៀបចំបែងចែកប្រជាជនណាដែលមានជីវភាពក្រលំបាក និងមានស្រុកកំណើតនៅក្នុងខេត្តព្រះវិហារ ធ្វើជាប្រធាន ចំណែកឯប្រជាជនណាដែលមានជីវភាពមធ្យមនិងខ្ពស់ ឲ្យធ្វើជាប្រជាជនធម្មតា។ ក្រោយមក ខ្មែរក្រហមបានរៀបចំឲ្យប្រជាជនរស់នៅជាសហករណ៍។ ក្រុមគ្រួសារបស់ខ្ញុំ ត្រូវខ្មែរក្រហមចាត់ទុកនៅក្នុងវណ្ណៈកណ្តាល។ យើងត្រូវទៅរស់នៅនិងធ្វើការងាររួមជាមួយប្រជាជនដ៏ទៃទៀត។ ការងារប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងភូមិ គឺធ្វើស្រែចម្ការ លើកទំនប់ ជីកប្រឡាយ និងរៀបចំប្រព័ន្ធធារាសាស្ត្រជាច្រើនដើម្បីស្រោចស្រពដំណាំស្រូវ និងដំណាំផ្សេងៗទៀត។ ប្រជាជនដែលខ្មែរក្រហមបានចាត់ចូលក្នុងវណ្ណៈអ្នកមាននិងវណ្ណៈកណ្តាល ត្រូវទទួលរងការធ្វើបាបយ៉ាងខ្លាំង។ ក្រុមគ្រួសាររបស់ខ្ញុំត្រូវបានខ្មែរក្រហម ធ្វើបាបដូចជាប្រជាជនដ៏ទៃទៀតដែរ។ រៀងរាល់ថ្ងៃ យើងធ្វើការងារក្នុងវាលស្រែ និងតាមចម្ការ ហើយយើងក៏មិនធ្លាប់ទទួលបានអាហារហូបចុកគ្រប់គ្រាន់ដែរ។
នៅក្នុងឆ្នាំ១៩៧៤ ឪពុករបស់ខ្ញុំបានស្លាប់ដោយសារតែគាត់មិនអាចទ្រាំទ្រទៅនឹងភាពអត់ឃ្លាន ការធ្វើការងារធ្ងន់ធ្ងរ និងជំងឺប្រចាំកាយរបស់គាត់បាន។ ឪពុករបស់ខ្ញុំបានធ្លាក់ខ្លួនឈឺ ប៉ុន្តែគាត់មិនដែលទទួលបានថ្នាំសង្កូវដើម្បីយកមកព្យាបាលជំងឺរបស់គាត់ទេ។ ឪពុករបស់ខ្ញុំមិនបានទទួលអាហារហូបចុកគ្រប់គ្រាន់ឡើយ។ នៅពេលដែលឪពុករបស់ខ្ញុំធ្លាក់ខ្លួនឈឺ ហើយធ្វើការងារអ្វីលែងកើត អង្គការបានបើកអង្ករឲ្យទៅគាត់ចំនួន ១កំប៉ុងសម្រាប់ហូបក្នុងរយៈពេល៣ថ្ងៃ។ បន្ទាប់ពីឪពុករបស់ខ្ញុំស្លាប់ទៅ ម្តាយរបស់ខ្ញុំបានខិតខំប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំង ដើម្បីរក្សាជីវិតរស់នៅមើលថែរក្សាកូនៗ។
រហូតមកដល់ចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាម បានវាយប្រយុទ្ធជាមួយនឹងយោធាខ្មែរក្រហមនៅក្នុងខេត្តព្រះវិហារ។ ខ្ញុំឮសូរសំឡេងគ្រាប់កាំភ្លើងផ្ទុះស្ទើរតែរៀងរាល់ថ្ងៃ។ មិនយូរប៉ុន្មាន យោធាខ្មែរក្រហម និងបក្ខពួករបស់ខ្លួន បាននាំគ្នារត់ខ្ចាត់ខ្ចាយអស់គ្មានសស់។ យោធាខ្មែរក្រហមខ្លះរត់ឡើងលើភ្នំ រីឯខ្លះទៀតរត់គេចខ្លួនសំដៅទៅព្រំដែនខ្មែរនិងថៃ។ ក្រុមខ្មែរក្រហម មិនហ៊ានលាក់ខ្លួននៅក្នុងភូមិឡើយ ព្រោះ ខ្លាចកងទ័ពវៀតណាមចាប់ខ្លួន។ បន្ទាប់ពីក្រុមខ្មែរក្រហមរត់ចេញអស់ពីភូមិ ប្រជាជនសម្តែងទឹកចិត្តត្រេកអរពន់ពេក ហើយបាននាំគ្នាដើរស្វែងរកសាច់ញាតិ និងត្រឡប់មករស់ជួបជុំគ្នាវិញ។ ប្រជាជនបាននាំគ្នាចាប់ផ្តើមជីវិតឡើងវិញដោយសហការគ្នាសាងសង់លំនៅដ្ឋាន និងធ្វើស្រែចម្ការប្រវាស់ដៃគ្នា។
អំឡុងឆ្នាំ១៩៧៩ មិត្តភក្តិរបស់បងផុន ឈ្មោះ ទី និង ង៉ែត បានវិលត្រឡប់មកពីទីក្រុងភ្នំពេញដើម្បីមកសួរសុខទុក្ខក្រុមគ្រួសារនៅឯខេត្តព្រះវិហារ។ មិត្តភក្តិរបស់បងផុន បានប្រាប់ខ្ញុំថា បងផុន នៅមានជីវិតនៅឡើយ ហើយគាត់ ក៏ចង់មកលេងក្រុមគ្រួសារដែរ ប៉ុន្តែអង្គការមិនទាន់អនុញ្ញាតឲ្យមក។ ទី និង ង៉ែត បានរៀបរាប់បន្ថែមទៀតថា បងផុនបានមកធ្វើការនៅក្នុងទីក្រុងភ្នំពេញអំឡុងឆ្នាំ១៩៧៧។ គាត់ធ្វើជាយោធាខ្មែរក្រហម ព្រមទាំងបានប្តូរឈ្មោះពី ស៊ុំ ផុន មក សុក ឈាន វិញ។ ដំណឹងរបស់បងផុនពីមិត្តភក្តិរបស់គាត់ បានធ្វើឲ្យខ្ញុំចេះតែសង្ឃឹមក្នុងចិត្តនិងទន្ទឹងចាំមើលផ្លូវគាត់ត្រឡប់មកផ្ទះវិញ។
នៅអំឡុងឆ្នាំ ១៩៨១ អ្នកជំនួយម្នាក់ មកពីខេត្តកំពង់ធំ បានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំថា នៅក្នុងខេត្តកំពង់ធំ កំពុងតែមានការបែងចែកដីធ្លី និងអាចប្រកបមុខរបរបានស្រួលទៅថ្ងៃមុខ។ ដោយខ្ញុំអស់សង្ឃឹម ហើយលែងមានអ្នកដែលអាចពឹងពាក់បាន ព្រោះឪពុកបានស្លាប់ចោល ហើយបងប្រុសក៏បាត់ដំណឹងសូន្យឈឹងទៀតនោះ ខ្ញុំនិងក្រុមគ្រួសារ បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតនៅឯខេត្តកំពង់ធំវិញរហូតដល់សព្វថ្ងៃនេះ។
នៅក្នុងឆ្នាំ១៩៨៣ ខ្ញុំបានរៀបការជាមួយប្តីរបស់ខ្ញុំឈ្មោះ សួន សឿន។ យើងមានកូនស្រីម្នាក់។ ក្រោយមកប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅបម្រើឲ្យកងទ័ពរាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមាណិតកម្ពុជា ហើយមិនដែលឃើញវិលត្រឡប់មកវិញឡើយ។
នៅអំឡុងឆ្នាំ១៩៩៦ ខ្ញុំបានស្តាប់វិទ្យុដោយចៃដន្យ ស្រាប់តែបានឮសំឡេងបុរសម្នាក់ដែលបានផ្តល់បទសម្ភាសន៍ដល់អ្នកការសែតនៅក្នុងវិទ្យុហាក់បីដូចជាសំឡេងរបស់បងផុន។ បន្ទាប់ពីស្តាប់ការសម្ភាសន៍នោះបានមួយសន្ទុះ ខ្ញុំប្រាកដក្នុងចិត្តថាសំឡេងរបស់បុរសម្នាក់នោះគឺដូចបេះបិទទៅនឹងសំឡេងរបស់បងផុនពិតប្រាកដមែន។ គាត់បានប្រាប់ទៅកាន់អ្នកកាសែតថា គាត់ឈ្មោះ ស៊ុំ ផុន មានអាយុ៤៤ឆ្នាំ។ ប៉ុន្តែនៅពេលសម្ភាសន៍នោះ បុរសម្នាក់នោះមិនបាននិយាយប្រាប់អំពីទីកន្លែងកំណើតរបស់គាត់ថានៅទីណានោះទេ។ ឈ្មោះរបស់បុរសម្នាក់នោះដូចគ្នាទៅនឹងឈ្មោះរបស់បងប្រុសខ្ញុំ ចំណែកឯ អាយុរបស់គាត់ស្របាលគ្នាទៅនឹងអាយុរបស់បងប្រុសខ្ញុំដែរ។ ខ្ញុំមានជំនឿក្នុងចិត្តថា បុរសនោះគឺជាបងប្រុសរបស់ខ្ញុំ។ ក្រោយមកទៀត ខ្ញុំមិនដែលធ្លាប់បានទទួលដំណឹងអ្វីឡើយពីបងផុនរហូតដល់បច្ចុប្បន្ននេះ។
សព្វថ្ងៃ ខ្ញុំរស់នោះជាមួយម្តាយ ប្អូនប្រុស និងចៅៗ។ កូនស្រីរបស់ខ្ញុំបានស្លាប់ដោយសារជំងឺមហារីកដោះ អស់រយៈពេល២ឆ្នាំកន្លងមកហើយ។ បន្ទាប់ពីកូនស្រីរបស់ខ្ញុំស្លាប់ កូនប្រសាររបស់ខ្ញុំ បានវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយបានបន្សល់ទុកចៅចំនួន៥នាក់ឲ្យរស់នៅជាមួយខ្ញុំ។ ចៅទី១របស់ខ្ញុំ បានមកស៊ីឈ្នួលបម្រើនៅតាមផ្ទះនៅឯទីក្រុងភ្នំពេញ, ចៅទី២ បានបួសជាព្រះសង្ឃ ចំណែកឯចៅតូចៗចំនួន៣នាក់ទៀត កំពុងរស់នៅជាមួយខ្ញុំសព្វថ្ងៃនេះ។
ទោះបីជាជីវិតខ្ញុំស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា ខ្ញុំនៅតែចង់បន្តស្វែងរកបងប្រុសរបស់ខ្ញុំ។ គាត់គឺជាបងប្រុសដ៏ល្អម្នាក់សម្រាប់ខ្ញុំ។ ខ្ញុំចង់ដឹងសុខទុក្ខរបស់គាត់ និងចង់ជួបជុំក្រុមគ្រួសារវិញប៉ុណ្ណោះ។
សព្វថ្ងៃនេះ ខ្ញុំមានអាយុ៦៣ឆ្នាំហើយ។ ខ្ញុំមានជំងឺលើសឈាមនិងឈឺសន្លាក់ដៃជើង។ ខ្ញុំជារឿយៗទៅទិញថ្នាំពីមណ្ឌលសុខភាពមកផឹកដើម្បីព្យាបាលជំងឺ។ ទោះបីជាខ្ញុំឈឺ ប៉ុន្តែវាមិនបានធ្វើឲ្យខ្ញុំឈប់សម្រាកពីការងារឡើយ។ ខ្ញុំមានតួនាទីទទួលខុសត្រូវមើលថែរក្សាម្តាយដែលពិការដោយសារជំងឺស្ត្រូក និងចៅតូចៗដែលមិនទាន់ដឹងក្តីនៅឡើយ។
ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចជួបបងប្រុសរបស់ខ្ញុំវិញ។ ដំណឹងរបស់បងប្រុសខ្ញុំគឺពិតជាមានអត្ថន័យណាស់សម្រាប់ខ្ញុំនិងក្រុមគ្រួសារ។ ប្រសិនបើអ្នកស្គាល់ភិនភាគដូចដែលខ្ញុំរៀបរាប់ខាងលើនេះ សូមមេត្តាទាក់ទងមកខ្ញុំផ្ទាល់ឈ្មោះ ស៊ុំ ឡន តាមរយៈទូរសព្ទលេខ ០៩៧៨ ៩៥៥ ៦៥៣ ឬទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាតាមរយៈអ៊ីម៉ែលៈ truthsodavy.u@dccam.org ឬទូរសព្ទលេខ ០២៣ ២១១ ៨៧៥៕
រូបខាងរាប់ពីឆ្វេង៖ ស៊ុំ ភាគ និង ស៊ុំ ឡន នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
(ស៊ុំ ភាគ/មជ្ឈមណ្ឌលឯកសារកម្ពុជា)