ប្រែសម្រួល : កញ្ញាដាលីស/អេស្ប៉ាញ ៖ លីអូនែល ម៉េសស៊ី បាននិយាយកាលពីថ្ងៃពុធទី១៨វិច្ឆិកាថា រូបគេ “ធុញទ្រាន់នឹងការក្លាយជាបញ្ហា” នៅក្លឹប Barcelona។
ម៉េសស៊ីប៊ិះតែនឹងចាកចេញពីក្លឹបក្នុងទីផ្សារដោះដូរកីឡាករចុងក្រោយបំផុត និងមិនទាន់ចុះកុងត្រាថ្មីរបស់គាត់នៅឡើយទេ ដែលវានឹងផុតកំណត់នៅចុងរដូវកាលនេះ។
ម៉េសស៊ីធុញទ្រាន់នឹងរងថ្មបាក់នៅ Barcelona គ្រប់ពេល
រូបគេរងការរិះគន់ថ្មីៗនេះពីសំណាក់អតីតទីប្រឹក្សារបស់កីឡាករអង់តន់ គ្រីស្មាន់ លោក អេរិក អូលហាត ដែលហៅឥរិយាបថរបស់ម៉េសស៊ីថា “សមនឹងទទួលការថ្កោលទោស” ហើយថាគាត់ជាអ្នកដឹកនាំ “ការបះបោរ” នៅ Barcelona។
គេមិនច្បាស់ថាតើម៉េសស៊ីឆ្លើយតបទៅនឹងសម្តីរបស់លោកអូលហាតដោយផ្ទាល់ឬយ៉ាងណានោះទេ ប៉ុន្តែក្រោយវិលត្រឡប់មកដល់ Barcelonaវិញពីកាតព្វកិច្ចអន្តរជាតិជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន រូបគេបានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំធុញទាន់នឹងការក្លាយជាបញ្ហាសម្រាប់រឿងគ្រប់យ៉ាងគ្រប់ពេលនៅក្លឹប”។
ម៉េសស៊ីលេងឱ្យជម្រើសជាតិអាហ្សង់ទីនកាលពីថ្ងៃអង្គារ ខណៈពួកគេផ្តួលប៉េរូ ២-០ ក្រោយស្មើជាមួយប៉ារ៉ាហ្គាយ។ ម៉េសស៊ីរំពឹងបានលេងទល់នឹង Atletico Madrid នៅចុងសប្តាហ៍នេះក្រោយអង្គុយកៅអីបម្រុងនៅប្រកួតចុងក្រោយរបស់ Barcelona៕