ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក រ៉ូបឺត អូប្រាយអ៊ឹន(Robert O’Brien)កំពុងចេញដំណើរមកកាន់ប្រទេសវៀតណាមនិងហ្វីលីពីន ជាក្រុមប្រទេសដែលចែករំលែកការព្រួយបារម្ភរបស់អាម៉េរិកចំពោះអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហៅថា «ចរិតអាងយ៉ាងកាន់តែខ្លាំងឡើងនិងការអះអាងកម្មសិទ្ធិធំធេងរបស់ចិននៅអាស៊ី»។
ការបង្ហោះសារចេញពីក្រុមប្រឹក្សាសន្តិសុខសេតវិមាន បាននិយាយថា លោក អូប្រាយអ៊ឹន នឹងជួបមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បី«បញ្ជាក់អះអាងសាជាថ្មីនៃកម្លាំងទំនាក់ទំនងទ្វេភាគីរបស់យើង និងដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការសន្តិសុខតំបន់»។
ដំណើររបស់អូប្រាយអ៊ឹនធ្វើឡើងក្រោយដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងហាណូយកាលពីខែមុនដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិក ម៉ៃ ផមផេវ។
ដំណើរនេះកើតឡើងមួយសប្តាហ៍ ក្រោយវៀតណាមបានដោះលែង ពលរដ្ឋអាម៉េរិកដើមកំណើតវៀតណាមឈ្មោះ ម៉ៃឃើល ង្វៀន ដែលអាជ្ញាធរវៀតណាមកាត់ទោសដាក់គុក១២ឆ្នាំចំពោះ«ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល»។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានសម្តែងការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅហ្វីលីពីន កន្លែងដែលប្រធានាធិបតី រ៉ូឌ្រីហ្គ្រោ ឌុយទែត ធ្វើសង្គ្រាមថ្នាំញៀនដែលនាំដល់ការសម្លាប់មនុស្សរាប់ពាន់នាក់នៅតំបន់ក្រីក្រតាមទីក្រុង។
ក្នុងដំណើរទស្សនកិច្ចកាលពីឆ្នាំមុន រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានធានាហ្វីលីពីនថា អាម៉េរិកនឹងងាកទៅប្រើយោធារបស់ខ្លួន បើសិនជារងការវាយប្រហារនៅមុទ្រចិនខាងត្បូង កន្លែងដែលរដ្ឋាភិបាលក្រុងម៉ានីល ប្រកាសកម្មសិទ្ធិជាន់លើការអះអាងរបស់ចិន៕
អូប្រាយអ៊ឹន នឹងពិភាក្សាកិច្ចសហការសន្តិសុខតំបន់ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅវៀតណាមនិងហ្វីលីពីន