ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ:ពិធីទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជាឆ្នាំ២០២០ ដែលបានធ្វើកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងសាលស្និសីទនៃសាកលវិទ្យាល័យមានជ័យនាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ បានជ្រើសរើសយកប្រធានបទ “ការប្រើប្រាស់បប្ចេកវិទ្យារបស់សហគ្រាសខ្នាតតូច និងខ្នាតមធ្យមនៅកម្ពុជា ” ដែលមានគោលបំណងជម្រុញការប្រើប្រាស់វាអោយបានប្រសើរឡើង ពោលគឺវាមានសារៈសំខាន់សំរាប់ អ្នកធ្វើជំនួញ ក៏ដូចធុរជនវ័យក្មេង ក្នុងវិស័យសហគ្រាសខ្នាតតូច និង មធ្យម រួមទាំងអ្នកពាក់ព័ន្ធនិងសិស្ស និស្សិត ក្រុមហ៊ុន ធនាគារ សហគ្រាស ជាដើមយកទៅប្រើប្រាសក្នុងបច្ចុប្បន្នភាពនេះ ។
លោកឈឿង ឈីវអៀន អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនិងជាតំណាងសាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រិនធុនតូច និង មធ្យម នៅកម្ពុជានេះធ្វើឡើងដើម្បីចូលរួមអបអរសាទរដល់អ្នកផ្តួចផ្ដើមគំនិតថ្មីនិងអ្នកបង្កើតការងារដែលបានចាប់ពាំនាំយកនូវគំនិតដ៏ល្អសម្រាប់ជីវិត។
ចំណែក លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាតំណាងលោកអ៊ុំ រាត្រី នៃរដ្ឋបាលខេត្តបានមានប្រសាសន៍ថា សហគ្រិនភាពសកលកម្ពុជាឆ្នាំ ២០២០នេះ ធ្វើឡើងដើម្បីលើកកម្ពស់ដល់សហគ្រិនវ័យក្មេងឲ្យកាន់តែរីកធំនិងរឹងមាំថែមទៀតក្នុងរយៈពេលជាង២០ ឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ។
សហគ្រិនវ័យក្មេងត្រូវតែមានសមត្ថភាពខ្ពស់ក្នុងការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងការធ្វើអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនិងត្រូវលុបបំបាត់នូវផ្នត់គំនិតមិនល្អមួយចំនួនដូចជាការធ្វើអាជីវកម្មតាមគេតាមឯងដោយមិនមានការសិក្សាទីផ្សារច្បាស់លាស់ជាដើម។
សូមបញ្ជាក់ថា សព្វថ្ងៃនេះប្រទេសកម្ពុជាត្រូវការសហគ្រិនវ័យក្មេងចំណានដើម្បីជួយជម្រុញដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការឈានឡើងជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០នេះទៀតផង៕