Home ព័ត៌មានអន្តរជាតិ ឆ្លើយតប​នឹង​ក...

ឆ្លើយតប​នឹង​ការតវ៉ា​របស់​ចិន នាយករដ្ឋមន្ត្រី​ស្កត់ ម័រ​រី​សុន និយាយថា “​អូស្ត្រាលី​នឹង​នៅតែ​ជា​អូស្ត្រាលី​”

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ស៊ីដ​នី ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ឆ្លើយតប​ទៅ​នឹង​បញ្ជី​តវ៉ា​របស់​ចិន​ជុំវិញ​បញ្ហា​ការទូត ផ្នែក​សិទ្ធិមនុស្ស ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​គោលនយោបាយ​វិនិយោគ​របស់​លោក ដោយ​និយាយថា “​យើង​នឹង​នៅតែ​ជា​អូស្ត្រាលី​ជានិច្ច​”​។​

​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​កង់​បេរ៉ា​បាន​ផ្តល់​បញ្ជី​តវ៉ា​អំពី​គោល​នយោបាយ​ចិន​ចំពោះ​អូស្ត្រាលី​ដល់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឈ្មោះ Nine កាលពី​ថ្ងៃ​ពុធ​ទី​១៨​វិច្ឆិកា​ពោលគឺ​មួយ​ថ្ងៃ​បន្ទាប់ពី​​ក្រសួងការបរទេស​ចិន​នៅ​ទីក្រុង​ប៉េកាំង​បង្ហាញ​បញ្ជី​តវ៉ា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​។​

​ភាព​តានតឹង​បាន​កើត​ឡើង​នៅ​ឆ្នាំ​នេះ​រវាង​អូស្ត្រាលី​និង​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​គឺ​ប្រទេស​ចិន​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដាក់ចេញ​ការ​សងសឹក​ខាង​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់​ក្រោយ​​ពី​អូស្ត្រាលី​បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ជា​អន្តរជាតិ​អំពី​វីរុស​កូរ៉ូណា​។​

​ក្រុម​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ថ្មីៗ​នេះ​បាន​និយាយថា ពួក​គេ​ចង់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ក្រសួងការបរទេស​ចិន​បាន​និយាយថា អូស្ត្រាលី​ចាំបាច់​ត្រូវ “​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​កែ​កំហុស​របស់​ពួកគេ​សិន​” ។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ស្កត់ ម័រ​រី​សុន នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​សំដៅ​ទៅលើ​បញ្ជី​តវ៉ា​របស់​ស្ថានទូត​ចិន ហើយ​និយាយ​ថា​អូស្ត្រាលី​ធ្វើ​សកម្មភាព​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​ហើយ​នឹង​មិន​ផ្លាស់​​ប្តូរ​គោលនយោបាយ​របស់​ខ្លួន​ឡើយ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី​Sunrise របស់​ទូរទស្សន៍ Seven Network លោក ម័រ​រី​សុន និយាយថា “​ការ​ដែល​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី ការ​ដែល​មាន​សមាជិក​សភា​ជាប់ឆ្នោត​និង​ការដែល​​អាច​និយាយ​ចេញពី​ចិត្ត​របស់​ពួកគេ​បាន គឺជា​បុព្វហេតុ​សំខាន់ ក៏​ដូច​ជា​ការ​និយាយ​អំពី​សិទ្ធិមនុស្ស​រួមគ្នា​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដូចជា​កាណាដា នូវែ​លសេ​ឡង់ ចក្រភព​អង់គ្លេស​និង​ប្រទេស​ដទៃ​​នៅក្នុង​វេទិកា​អន្តរជាតិ ប្រសិនបើ​នេះ​ជា​មូលហេតុ​នៃ​ភាព​តានតឹង​នៅក្នុង​ទំនាក់ទំនង ចឹង​ពេល​នោះ​វា​ហាក់ដូចជា ភាព​តានតឹង​នោះ​គឺ​មក​ពី​អូស្ត្រាលី តែ​អូស្ត្រាលី​នៅតែ​ជា​អូស្ត្រាលី​”​។​

​កាលពី​ថ្ងៃ​អង្គារ​អូស្ត្រាលី​និង​ជប៉ុន​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ការពារជាតិ​ដ៏​លេចធ្លោ​មួយ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកម័រ​រី​សុន​ទៅ​កាន់​ទីក្រុង​តូ​ក្យូ​ដោយ​ជំរុញ​ឱ្យ​មាន​ការស្តីបន្ទោស​ពី​ប្រទេស​ចិន ក្នុង​សេចក្តីថ្លែងការណ៍​របស់​មេដឹកនាំ​ទាំង​ពីរ​។​

​ត្រឡប់​ទៅ​ដល់​អូស្ត្រាលី​វិញ លោកម័រ​រី​សុន​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា​វា​ជា​កំហុស​មួយ​ដែល​ចិន​ជឿ​ថា​អូស្ត្រាលី​បាន​ធ្វើតាម​បញ្ជា​របស់​សហរដ្ឋ​អាម៉េរិក​។ ​លោក​បាន​និយាយថា​អូស្ត្រាលី​បាន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​ការពារ​ជាតិ​ជាមួយ​ប្រទេស​ជប៉ុន​និង​ប្រទេស​ដទៃ​ទៀត ហើយ​កំណត់​ច្បាប់​វិនិយោគ​បរទេស​ស្របតាម​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ចាវ លី​ចៀន​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា មូលហេតុ​នៃ​ទំនាក់ទំនង​កាន់តែ​យ៉ាប់យ៉ឺន គឺ “​ទង្វើ​និង​សម្តី​ខុសឆ្គង​ម្តង​ហើយ​ម្តង​ទៀត​របស់​អូស្ត្រាលី​”​។​

​កាលពី​ថ្ងៃ​អង្គារ លោក​ចាវ​បាន​អាន​បញ្ជី​តវ៉ា​អំពី​សកម្មភាព​របស់​ចិន​ចំពោះ​អូស្ត្រាលី​រួមមាន “​កំហុស​លើ​បញ្ហា​ទាក់ទង​នឹង​ផលប្រយោជន៍​ស្នូល​របស់​ចិន​ដូចជា​ហុងកុង​ស៊ីន​ជាំ​ង​និង​តៃវ៉ាន់​”​រួម​ទាំង​សកម្ម​​ភាព​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​និង​ការគាំទ្រ​ដល់​កោះ​តៃវ៉ាន់​ចូល​អង្គការ​សុខភាព​ពិភពលោក​។​

​ចិន​ក៏​បាន​រិះគន់​សកម្មភាព​របស់​អូស្ត្រាលី​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​បរទេស​និង​ជា​ប្រទេស​ដំបូង​គេ​ដែល​ហាមឃាត់​ក្រុមហ៊ុន​ចិន​មិន​ឱ្យ​ចូលរួម​ក្នុង​បណ្តាញ 5G របស់​ខ្លួន​ផង​ដែរ​។​

​ស្ថានទូត​បាន​និយាយថា​ការវិនិយោគ​របស់​ចិន​ជាង​១០ ត្រូវ​បាន​រារាំង​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដោយ​ឈរ​លើ​មូលដ្ឋាន​សន្តិសុខ​ជាតិ​។​

​លោកម័រ​រី​សុន​បានប្រាប់​ទូរទស្សន៍ Nine​ថា​”​យើង​នឹង​មិន​ឱ្យ​គេ​បង្វិល​ស្រេច​ចិត្តបាន​ឡើយ​ចំពោះ​ការពិត​ដែលថា​យើង​នឹង​កំណត់​នូវ​ច្បាប់​វិនិយោគ​បរទេស​របស់​យើង​ឬ​របៀប​ដែល​យើង​បង្កើត​​បណ្តាញ​ទូរគមនាគមន៍ 5G របស់​យើង​ឬ​របៀប​ដែល​យើង​ដំណើរការ​ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​ការជ្រៀតជ្រែក​”៕

លោក​ស្កត់ ម័រ​រី​សុន នាយករដ្ឋមន្ត្រី​អូស្ត្រាលី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...