ដោយៈ មេសា/ភ្នំពេញ: ទិវាបុណ្យបុរសអន្តរជាតិ ( International Men’s Day ) ដែលមានអក្សរកាត់ជាភាសាអ់គ្លេស IMD ជាបុណ្យអន្តរជាតិ ប្រារព្ធឡើងនៅថ្ងៃទី១៩ ខែ វិច្ឆិកា ចាប់ផ្តើមឡើងដំបូងនៅឆ្នាំ១៩៩៩ នៅប្រទេសទ្រីនីដាដ និង តូបាហ្គោ មានការគាំទ្រពីប្រទេសនៅ អាមេរិក ខាងជើង អាស៊ី អឺរ៉ុប អាហ្វ្រិក និង អង្គការសហប្រជាជាតិ ក្នុងបំណងឱ្យបុរសពង្រឹងតួនាទីវិជ្ជមានរបស់ខ្លួនសម្រាប់គ្រួសារ សហគមន៍ សង្គម និង ដើម្បី លើកកម្ពស់សុខភាពបុរស និងកុមារា ។ កាលបរិច្ឆេទ នៃ ការប្រាព្ធទិវានេះពុំទាន់ចុះសម្រុងគ្នានៅឡើយ ។
ខណៈបុរសខ្លះប្រើប្រាស់ពេលវេលា និង ធនធានធ្វើនូវរឿងភ្លើតភ្លើននានានាំមកនូវផលអវិជ្ជមានផ្សេងៗដល់សុវត្ថិភាព សុខភាព និង ភាពសាន្តត្រាណខ្លួនឯង គ្រួសារ សហគមន៍ និង សង្គម នៅផ្នែកផ្សេងទៀត នៃ ពិភពលោកបុរសក៏រងការប្រកាន់រើសអើង និង ត្រូវគេធ្វើទុក្ខបុកម្នេញខ្លាំងណាស់ដែរ ។
មួយសោតបុរសខ្លះនៅតែប្រកាន់មាំថា ការមើលថែទាំកូនៗ និង ការងារផ្ទះ ដូចជាចម្អិនអាហារ សម្អាតផ្ទះ និង បោក អ៊ុតសម្លៀកបំពាក់ជាដើម មិនមែនជាកាតព្វកិច្ចរបស់ពួកគាត់ឡើយ សូម្បីតែក្នុងពេលភរិយាមិននៅផ្ទះ ពេលភរិយាមានផ្ទៃពោះ ឬ ពេលទើបសម្រាលកូន ។ ពិភពលោកប្រែប្រួល ញ៉ាំងឱ្យទិដ្ឋិទាំងនេះក្លាយជារឿងដែលពិភពលោកលែងទទួលយកបានទៀត ។
គេចង់ឱ្យបុរសងាកមកពង្រឹងនូវតួនាទីវិជ្ជមានរបស់ខ្លួននៅក្នុង សង្គម គ្រួសារ និង សហគមន៍វិញ ។
គោលបំណងសំខាន់ នៃ ទិវាបុរសអន្តរជាតិ ឬ IMD គឺផ្តោតទៅលើសុខភាពបុរស និង កុមារា លើកកម្ពស់យែនឌើ (gender) ឬ លើកកម្ពស់សមភាពភេទ ផ្សព្វផ្សាយពីតួនាទីវិជ្ជមានរបស់បុរស និង ផ្តល់ឱកាសឱ្យបុរសទ្រោលបំភ្លឺនូវការប្រកាន់រើសអើងចំពោះពួកគេ ។
IMD ដើមឡើយគេធ្វើនៅខែ កុម្ភៈ ប៉ុន្តែបច្ចុប្បន្ននេះគេសម្រេចយកថ្ងៃទី១៩ ខែវិច្ឆិកា វិញ ។ ទិវាបុរសអន្តរជាតិនៅថ្ងៃទី ១៩ ខែ វិច្ឆិកា នេះ ប្រជាពលរដ្ឋនៃ ប្រទេស ទ្រីនីដាដ និង តូបាហ្គោ ធ្វើឡើងមុនគេ គឺនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ១៩៩៩ ។ ទោះយ៉ាងណាគេបានកំណត់ឆ្នាំ ២០០៩ ថាជាឆ្នាំ នៃ ការចាប់ផ្តើមទិវាបុរសអន្តរជាតិ ជាលើកដំបូង ។ IMD សព្វថ្ងៃនេះត្រូវបានធ្វើនៅក្នុងប្រទេសជាង៥០ មានទាំងប្រទេសនៅ អាមេរិក ខាងជើង អាស៊ី អឺរ៉ុប អាហ្វ្រិក និង ទទួលបានការគាំទ្រពី អង្គការសហប្រជាជាតិ ផងដែរ ។
ការអំពាវនាវឱ្យមាន ទិវាបុរសអន្តរជាតិ នេះ ត្រូវបានកត់ចំណាំថា មានតាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ មកម្ល៉េះ ។ កាលណោះគឺនៅឆ្នាំ១៩៦៨ អ្នកសារព័ត៌មាន អាមេរិក ម្នាក់ឈ្មោះ ចន ផ. ហារីស យល់ឃើញថា តាំងពីមានទិវាសិទ្ធិនារីអន្តរជាតិ (International Women’s Day) មក បុរសជាច្រើនមិនទទួលបានសមភាពទៅនឹងនារីឡើយ ទើបគាត់តែងតែអំពាវនាវឱ្យមាន ទិវាបុរសអន្តរជាតិ ។ ទោះយ៉ាងណា ការអំពាវនាវនេះពុំទទួលបានការឆ្លើយតបឡើយ ហើយពេលខ្លះត្រូវបានគេគិត និង ចាត់ទុកថា ជាគំនិតលេលា ទៀតផង ។
ព្រឹត្តិការណ៍សម្រាប់បុរសអន្តរជាតិ បានចាប់ផ្តើមមានពន្លឺនៅឆ្នាំ ១៩៩៤ ដោយមានអង្គការមួយចំនួននៅ សហរដ្ឋ អាមេរិក អូស្ត្រាលី និង ម៉ាល់ត៍ បានប្រារព្ធពិធីតូចៗនៅខែ កុម្ភៈ តាមការអញ្ជើញរបស់សាស្ត្រាចារ្យ Thomas Oaster ដែលបានដឹកនាំមជ្ឈមណ្ឌល Missouri Center សម្រាប់ការសិក្សារបស់បុរសនៅឯសកលវិទ្យាល័យ Missouri–Kansas City ។
ឆ្នាំ ១៩៩៤ នោះ លោក អូអាស្ទ័រ បានផ្សព្វផ្សាយព្រឹត្តិការណ៍នេះដោយជោគជ័យ ប៉ុន្តែចាប់ពីឆ្នាំ ១៩៩៥ មក ការដឹកនាំរបស់គាត់ទទួលបានការចូលរួមយ៉ាងខ្សោះខ្សោយ ទើបគាត់បានបោះបង់គម្រោងនោះចោលទៅវិញ ។ ពេលនោះប្រទេស អូស្ត្រាលី ក៏បានបោះបង់ចោលគម្រោង នៃ ការបង្កើតឱ្យមាន ទិវាបុរសអន្តរជាតិ នេះដែរ ។ មានតែសមាគមសិទ្ធិបុរស នៃ ប្រទេសម៉ាល់ត៍ (AMR) មួយគត់ ដែលនៅបន្តប្រារព្ធ ទិវាបុរសអន្តរជាតិ ហើយប្រារព្ធនៅខែកុម្ភៈ រៀងរាល់ឆ្នាំ ។
បណ្ឌិត ចេរ៉ូម ទីលុកស៊ីង មកពីសកលវិទ្យាល័យមួយនៅភាគខាងលិចនៃប្រទេស ឥណ្ឌា ជាអ្នកដឹកនាំការប្រារព្ធ ទិវាបុរសអន្តរជាតិ នៅប្រទេស ទ្រីនីដាដ និង តូបាហ្គោ បានថ្លែងថា “ ក្នុងលោកនេះ ពុំទាន់មានថ្ងៃសម្រាប់បុរសនៅឡើយ ទេ ! អ្នកខ្លះនិយាយថា ថ្ងៃបុណ្យឪពុក( Father’s Day ) ជាទិវាសម្រាប់បុរស ប៉ុន្តែចុះចំពោះកុមារា បុរសជំទង់ និង ពួកបុរសទាំងឡាយដែលពុំទាន់មានកូន តើទៅជាយ៉ាងណា ? “ ។
ដោយហេតុនេះ ទិវាបុរសអន្តរជាតិ ឬ IMD ត្រូវបានធ្វើនៅទីនោះ ចាប់ពីឆ្នាំ១៩៩៩ ប៉ុន្តែមិនមែនធ្វើនៅខែ កុម្ភៈ ទៀតឡើយ គឺនៅថ្ងៃទី ១៩ ខែ វិច្ឆិកា វិញ ។ ប្រទេសដទៃទៀត ក៏បានចាប់ផ្តើមប្រារព្ធ IMD ជាបន្តបន្ទាប់ ប៉ុន្តែកាលបរិច្ឆេទនៃការប្រារព្ធនៅពុំទាន់ស្របគ្នានៅឡើយ បណ្តាលមកពីកត្តាកាលទេសៈ នៃប្រទេសនីមួយៗ ។ ទោះយ៉ាងណា គេបានកំណត់យកថ្ងៃទី ១៩ ខែ វិច្ឆិកា ថាជាកាលបរិច្ឆេទសកលសម្រាប់ធ្វើ ទិវាបុរសអន្តរជាតិ ។
ប្រទេស អូស្ត្រាលី បានចាប់ផ្តើមប្រារព្ធទិវាបុរសអន្តរជាតិឡើងវិញនៅឆ្នាំ២០០០ ដោយបានធ្វើឡើងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ។ ឥណ្ឌា ចាប់ផ្តើមប្រារព្ធនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ចាប់ពីឆ្នាំ ២០០៧ ។ ប្រទេស ចិន ទស្សនាវដ្តីសុខភាពបុរស បានប្រារព្ធទិវាបុរសអន្តរជាតិ នៅខែ ធ្នូ ចាប់ពីឆ្នាំ ២០០៣ ។ នៅ ហុងកុង ទិវា IMD បានត្រូវធ្វើឡើងនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ចាប់ពីឆ្នាំ ២០១០ ។ នៅស ហរដ្ឋ អាមេរិក ទិវានេះត្រូវបានធ្វើឡើងនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ចាប់ពីឆ្នាំ ២០០៨ ប៉ុន្តែរដ្ឋខ្លះមិនបានធ្វើឡើយ ។ បច្ចុប្បន្ន មានរដ្ឋកាន់តែច្រើនឡើងៗប្រារព្ធទិវានេះ ។
ប្រទេស អង់គ្លេស អ្នកដែលបានប្រារព្ធទិវាបុរសអន្តរជាតិមុនគេ គឺពួកនិស្សិត នៃ សកលវិទ្យាល័យ University of Kent នៅថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ ២០០៨ ។ ប្រទេស ស្កុតឡែន បានប្រារព្ធទិវា IMD នៅឆ្នាំ ២០១០ ។ ចំណែកនៅ សឹង្ហបុរី ទិវា IMD ត្រូវបានធ្វើដំបូងនៅថ្ងៃទី ១៩-២១ ខែ វិច្ឆិកា ២០០៨ ។
នៅឆ្នាំ ២០០៩ គណៈកម្មការ AMR ម៉ាល់ត៍ បានបោះឆ្នោតផ្លាស់ប្តូរមកធ្វើពិធី IMD នៅថ្ងៃទី ១៩ ខែ វិច្ឆិកា វិញ ដើម្បី ឱ្យស្របនឹងបណ្តាប្រទេសដទៃទៀតក្នុងលោក ។
ពួកអ្នកត្រួសត្រាយ នៃ ទិវា IMD តែងតែបានរំឭកថា ទិវានេះពុំមែនជាការប្រឆាំង ឬ ប្រកួតប្រជែងជាមួយ ទិវាសិទ្ធិនារីអន្តរជាតិ ឡើយ ប៉ុន្តែក្នុងបំណងដើម្បី បង្ហាញនូវបទពិសោធរបស់បុរស ។ខាងក្រោមនេះជា គោលបំណងនៃទិវាបុរសអន្តរជាតិ ឬ IMD ៖
-ដើម្បី ផ្សព្វផ្សាយនូវគំរូតួនាទីវិជ្ជមានរបស់បុរស មិនមែនគ្រាន់តែសម្រាប់ពួកតារាភាពយន្ត និង កីឡាករឡើយ ប៉ុន្តែសម្រាប់បុរសទូទៅនៅក្នុងសកម្មភាព ជីវភាព និងការងារប្រចាំថ្ងៃ ។
-ដើម្បី ប្រារព្ធនូវការចូលរួមចំណែកជាវិជ្ជមានរបស់បុរសនៅក្នុង គ្រួសារ អាពាហ៍ពិពាហ៍ ការថែទាំកូនៗ សង្គម សហគមន៍ និងបរិស្ថាន ។
-ដើម្បី យកចិត្តទុកដាក់ទៅលើសុខភាព និង សុខុមាលភាពបុរសដែលក្នុងនោះមានផ្នែកសង្គម ការលើកទឹកចិត្ត ផ្នែកកាយសម្បទា និង ផ្នែកស្មារតី ។
-ដើម្បី ទ្រោលបំភ្លឺនូវការប្រកាន់រើសអើងចំពោះបុរសនៅក្នុងវិស្ស័យ សេវាសង្គម ឥរិយាបថសង្គម និង ក្តីរំពឹង និង ច្បាប់។
-ដើម្បី លើកកម្ពស់ទំនាក់ទំនងផ្នែកភេទ និង លើកកម្ពស់សមភាពភេទ ។
-ដើម្បី បង្កើតនូវពិភពលោកមួយដែលមានសុវត្ថិភាព និង ប្រសើរជាងមុន ជាទីដែលមនុស្សអាចទទួលបាននូវសុវត្ថិភាព និង បានសម្រេចដល់ចំណុចសក្តានុពលរបស់ពួកគេ៕