ប្រែសម្រួល : កញ្ញាដាលីស/គូឡាឡាំពួ ៖ ម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធ (១៨ វិច្ឆិកា) ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយចិនដើម្បីសហការលើការបង្កើតវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
នៅក្រោមកិច្ចព្រមព្រៀងជាធរមានរយៈពេល៥ ឆ្នាំ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនឹងទទួលបានសិទ្ធិជាអាទិភាពក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលបង្កើតដោយចិន។
ម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីរួមគ្នាមួយថា ប្រទេសទាំងពីរនឹងចែករំលែកចំណេះដឹងនិងជំនាញនិងជួយសម្រួលដល់សមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាដើម្បីជំរុញការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសរបស់ពួកគេ។
រដ្ឋមន្ត្រីវិទ្យាសាស្ត្របច្ចេកវិជ្ជានិងការច្នៃប្រឌិតថ្មីលោក ខៃរី ចាម៉ាលូដឌីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីចិនលោកវ៉ាង ជីកាងនៅក្នុងពិធីមួយតាមអ៊ីនធឺណេត។
កិច្ចសហប្រតិបត្តិការរវាងម៉ាឡេស៊ីនិងចិនក្រោមកិច្ចព្រមព្រៀងនេះនឹងត្រូវត្រួតពិនិត្យដោយគណៈកម្មាធិការដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរដែលត្រូវបានបង្កើតឡើងក្នុងខែតុលាដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្រោយសម័យកូវីដ១៩។
លោកខៃរីនិយាយថា”ប្រទេសទាំងពីរក៏នឹងគាំទ្រផងដែរដល់ការចូលរួមរបស់វិស័យសាធារណៈនិងឯកជនរបស់ពួកគេរួមមានសាកលវិទ្យាល័យស្ថាប័នសង្គមនិងអង្គការនានានៅក្នុងគម្រោងសហការរួមគ្នា”៕