ដោយ:អង្គារ៍ហេង/ភ្នំពេញ: បុរសម្នាក់បើករថយន្តមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតខ្ទាតទៅប៉ះម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមនៅបណ្ដោយផ្លូវលេខ៥១ កែងនិងផ្លូវលេខ១៨៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាក រ៉េងរ៉ូវើរ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-9989 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណះមកដល់កន្លែងកើតហេតុបានជ្រុលទៅបុករថយន្តម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6231 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងពេញទំហឹង ហើយរថយន្តខ្ទាតទៅប៉ះម៉ូតូធូដេមួយគ្រឿងទៀតបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុបានឲ្យភាគីទាំងបីដោះស្រាយគ្នា ដោយខាងរថយន្តបង្កព្រមចេញសំណងទៅម្ចាស់ម៉ូតូចំនួន ៥០ដុល្លារបញ្ចប់រឿង ចំណែករថយន្តម៉ាស្ដាខាងរថយន្តបង្ក ព្រមចេញសំណងយករថយន្តទៅជួសជុលឲ្យ៕