ដោយៈ សរិទ្ធ / កំពង់ចាមៈ បុរសម្នាក់ បានចាប់អារ ក សម្លាប់ទារកម្នាក់ ត្រូវជាក្មួយចិញ្ចឹម អាយុ១១ខែ ហើយហ៊ានដេញកាប់ ទាំងសមត្ថកិច្ចទៀត។ ករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០ ព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវាលស្រែកំពួយ ប្រណាំង ស្ថិតក្នុងភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចំណែកឃាតករ បានត្រូវសមត្ថកិច្ច ចាប់ខ្លួនបាន នៅម៉ោងជាង ៩ យប់ថ្ងៃដដែល។
លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាល ស្រុកកំពង់សៀម បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ស្រ៊ីន បូនិន ហៅ ប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ បានយកកាំបិតអារ ក សម្លាប់ក្មេងប្រុស ឈ្មោះ ប៊ុនថុន សុខចំរើន អាយុ១១ខែ (ត្រូវជាកូនរបស់បងជនសង្ស័យ សុំគេយកមកចិញ្ចឹម)។ អ្នកទាំងពីរ មានទីលំនៅ ក្នុងភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ច ដោយមានការសម្របសម្រួល ពីលោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការ ជាបន្ទាន់ ចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ រកជនសង្ស័យ។ រហូតដល់វេលាម៉ោង ៩និង៣០នាទី យប់ ទើបសមត្ថកិច្ច បានរកឃើញជនសង្ស័យ។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជន សង្ស័យ បានទាញកាំបិតខ្វែវ ដេញកាប់សមត្ថកិច្ច បណ្តាលឲ្យត្រូវចំខ្នង កម្លាំងប្រជាការពារម្នាក់ ហើយក៏ត្រូវកម្លាំងជំនាញ ចាប់ខ្លួនជនសង្ស័យ បានសម្រេច។
លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន បានបញ្ជាក់ថាៈ ក្រោយពីចាប់ខ្លួន ជនសង្ស័យ បានឆ្លើយ សារភាព យ៉ាងខ្លីថា «មកពីខឹងជ្រុល» ទើបធ្វើដូច្នោះ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូន មកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕PC