ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ ទៅម៉ាស្សាកោសជប់ ស្រាប់តែបាត់មាត់ បាត់.ក ត្រូវបាន រថយន្តគ្លីនិកឯក ដឹកយកទៅសង្គ្រោះភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន កាលពីម៉ោង ១២ អធ្រាត្រ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកន្លែងម៉ាស្សា កោសជប់ យីហោ « ម៉ាស្សា៩៨ » តាមបណ្តោយផ្លូវ ២៥៥ កែងផ្លូវ ៣២៤ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ស្ត្រីម្នាក់ដែលជាអ្នកម៉ាស្សា ឲ្យបុរសរងគ្រោះ បានឲ្យដឹងថាៈ កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ១៨ ខែវិច្ឆិកា បុរសរងគ្រោះ បានជិះម៉ូតូ ម៉ាក YAMAHA FZ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BM-3158 មករកសេវាកម្មម៉ាស្សា នៅក្នុងហាងកើតហេតុ ទាំងសភាពស្លេកស្លាំងរួចនាងក៏បាន នាំបុរសនោះ ចូលទៅក្នុងបន្ទប់ ដើម្បីម៉ាស្សា និងកោសជប់។
ស្ត្រីខាងលើ បានបន្តថាៈ ពេលដែលចូលទៅដល់ ខាងក្នុងបន្ទប់ នាងក៏បានសួរទៅបុរសរង គ្រោះថា «តើបងចង់ម៉ាស្សា ឬក៏កោសខ្យល់»។ បុរសរងគ្រោះ ក៏បានឆ្លើយតបទៅវិញថា «គ្រាន់តែម៉ាស្សា ធម្មតា បានហើយ»។ ពេលដែលនិយាយចប់ បុរសរងគ្រោះ ក៏ដេកទៅលើគ្រែ ។ ចំណែកនាង ក៏បានម៉ាស្សា ទៅតាមធម្មតា ។ លុះពេលម៉ាស្សា រួចរាល់ហើយនាងក៏បានសួរ ទៅបុរសរងគ្រោះថា «យ៉ាងម៉េចហើយ» ។ ប៉ុន្តែបុរសរងគ្រោះ មិនបានឆ្លើយតបនោះទេ គាត់ក៏មិនបានចាប់អារម្មណ៍ដែរ ដោយគិតថា ប្រហែលជាបុរសនោះ ដេកលក់។
ស្ត្រីខាងលើ បានបន្តទៀតថាៈ បន្ទាប់មក នាងក៏បានចេញពីក្នុងបន្ទប់ ដោយទុកឲ្យបុរសរងគ្រោះ ដេកសិនទៅចុះ។ លុះមួយស្ទុះក្រោយមក នាងក៏បានចូលទៅដាស់ បុរសរងគ្រោះព្រោះជិត គ្រប់មួយម៉ោងហើយ តែពេលនោះ បុរសរងគ្រោះ បានខ្យល់.គ សន្លប់បាត់មាត់ បាត់ ក ទៅហើយ ទោះជាការដាស់ យ៉ាងណា ក៏មិនដឹងខ្លួនដែរ បន្ទាប់មក នាងក៏ប្រញាប់ប្រញាល់ រាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋាន និងទាក់ទងហៅ រថយន្តសង្គ្រោះបន្ទាន់ឲ្យមកជួយធ្វើការ អន្តរាគមន៍តែម្តង។ បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋាន និងរថយន្ត របស់គ្លីនិកឯកជនបានចុះ មកដល់ និងបានដឹកយកបុរសរងគ្រោះ ទៅសង្គ្រោះភ្លាមៗតែម្តង៕PC